ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ​៖ ​កម្ពុជា​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង ក្នុង​ការ​មិន​ទទួលយក​រាល់​រូបភាព​ណា ដែល​ជា​ហេតុផល​អាណានិគម​មក​លើ​កម្ពុជា

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន លើកឡើង​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ជន​មួយចំនួន ដែល​បាន​តាំងខ្លួន​ជា​ជន​ឯករាជ្យ ដោយ​ប្រើប្រាស់​ផ្លាក​សមាគម​ឯករាជ្យ ទាក់ទង​នឹង​ការបោះឆ្នោត អាណត្តិ​ទី​៥ អាណត្តិ​ទី​៦ និង​បាន​អះអាងថា ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់​ជាដើម និង​បាន​បញ្ជាក់ថា ការលើកឡើង​នេះ មិនមែនជា​សិទ្ធិបញ្ចេញមតិ​នោះទេ គឺជា​ការ​បំភ្លៃ និង​ញុះញង់​មហាជន​។​

លោក ផៃ ស៊ី​ផាន លើកឡើងថា ពិភពលោក​មានការ​ភ្ញាក់ផ្អើល ចំពោះ​តួលេខ​របស់​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ជាង​៨០​ភាគរយ បើ​ទោះ​មានការ​គំរាម​កំហែង និង​វិទ្ធង្សនា ប្រឆាំង​ពី​សំណាក់​បរទេស ដែលជា​អ្នករៀបចំ​សេណា​រី​យូ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​យ៉ាងណាក៏ដោយ​។ ចំនួន​ជាង​៨០​ភាគរយ នៃ​បញ្ជី​បោះឆ្នោត ដែល​បាន​ចេញទៅ​សម្តែង​មតិ និង​ឆន្ទៈ​នៃ​ការបោះឆ្នោត បានបញ្ជាក់​ពី​ភាពស្របច្បាប់​ដាច់ខាត និង​ភាពទូលំទូលាយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​តាម​របប​ប្រជាធិបតេយ្យ ដែលមាន​ទម្ងន់​នីត្យានុកូលភាព​ដ៏​ត្រឹមត្រូវ​។ ប្រទេសមួយ​ចំនួន​ដែល​តាំងខ្លួន​ជា​ប្រទេស​ប្រជាធិបតេយ្យ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ជាង​៥០​ភាគរយ​ប៉ុណ្ណោះ បាន​ចេញទៅ​បោះឆ្នោត​។​

តាម​លោក ផៃ ស៊ី​ផាន ភាពស្របច្បាប់​របស់​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ គឺ​ស្តែង​ចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ ដែល​បានផ្តល់​សេចក្តី​គាំទ្រ និង​ទុកចិត្ត តាម​សន្លឹកឆ្នោត​។ លោក​បន្តថា ស្ថានភាព​នៅក្នុងពេល​បោះ​ឆ្នោត ត្រូវបាន​វាយតម្លៃ​ពី​ថ្នាក់ជាតិ និង​អន្តរជាតិ ដែល​បាន​ចូលរួម​សង្កេតការណ៍ ថា​មាន​លក្ខណៈ​ល្អ គ្មាន​ឧបទ្ទវហេតុ សេរី និង​យុត្តិធម៌ ប្រកបដោយ​ភាពរលូន​។ ដូច្នេះ​គុណភាព​នៃ​ភាពស្របច្បាប់​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ គឺ​ឆ្លើយតប​រាល់​នីតិវិធី នៃ​កិច្ចប្រជុំពេញអង្គ​ដំបូង​។​

លោក ផៃ ស៊ី​ផាន លើកឡើង​ទៀតថា សភា​អាណត្តិ​ទី​៦ និង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ខុសស្រឡះ​ពី​ឆ្នាំ​២០១៣ ដែល​កាលនោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ហេតុផល​គ្រប់បែបយ៉ាង​ប្រឆាំង នឹង​ឆន្ទៈ​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រឆាំង​នឹង​របប​ប្រជាធិបតេយ្យ ដែល​គេ​ច្រានចោល​ទាំងស្រុង ពុំ​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត មិន​គោរព​ច្បាប់​យក​វិធានការ ពហិការ និង​ញុះញង់ ដោយ​យក​កម្លាំង​ប្រជាពលរដ្ឋ​តតាំង និង​ធ្វើ​រដ្ឋប្រហារ តាម​រូបភាព​ឧទ្ទាម ឬ​បដិវត្ត​ពណ៌។

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​បាន​អះអាង​ដែរ​ថា អ្នក​តាំងខ្លួន​ឯករាជ្យ ជាមួយនឹង​ការប្រឆាំង​លទ្ធផល​បោះឆ្នោត ឆ្នាំ​២០១៣ មិន​ញញើត​នឹង​លក់​សន្តិភាព ការរីកចម្រើន របស់​ជាតិ ក៏ដូចជា​អធិបតេយ្យ និង​បូរណភាព​របស់​មហាជន​ខ្មែរ ដែលជា​ម្ចាស់​ស្រុក​ឡើយ។ លោក​បញ្ជាក់ថា រាជរដ្ឋាភិបាល​តំណាង​ឆ​ន្ទៈ​រាស្ត្រ​ខ្មែរ ដ៏​លើសលប់ នៅតែ​បន្ត​កិច្ចសហការ​ជា​អចិន្ត្រៃយ៍​រួមជាមួយ​ប្រទេស​ជា​មិត្ត​ជានិច្ចកាល​។ កម្ពុជា​រក្សា​សិទ្ធិ​គ្រប់បែបយ៉ាង​ក្នុង​ការមិន​ទទួលយក​រាល់​រូបភាព​ណា ដែលជា​ហេតុផល​អាណានិគម​មក​លើ​កម្ពុជា​នោះ​ឡើយ​។ រាល់​តម្លៃ​ណាមួយ ឬ​កម្រិត​ណាមួយ ក្នុង​កិច្ចការពារ​អធិបតេយ្យ និង​ឯកភាព​ជាតិ គឺជា​កាតព្វកិច្ច និង​ការ​លះបង់​របស់​រាជរដ្ឋាភិបាល ដែល​មិន​ចំណុះ​ដាច់ខាត​ចំពោះមុខ​ជន​ណា អង្គការ​ណា និង​ប្រជាជាតិ​ណាមួយ​នោះឡើយ​៕