ព័ត៍មានទាន់​ហេតុការណ៏
Search

ឃាតក​ល្បីឈ្មោះ​រហស្សនាម « យមរាជ » បាន​ស្លាប់​ក្នុង​ពន្ធនាគារ

ភ្នំពេញ ៖ សេចក្ដីរាយការណ៍​ពី​ពន្ធនាគារ​ព្រៃ​ស​បានអោយដឹងថា ទណ្ឌិត​ជន​ល្បី​ម្នាក់​ឈ្មោះ ហង្ស វុទ្ធី ហៅ​យមរាជ ជា​ជនជាប់ចោទ​នៅក្នុង​រឿងក្ដី​ឃាតកម្ម​ជាច្រើន​នៅក្នុង​សម័យកាល​លោក​ហេង ពៅ ធ្វើជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្លាប់​ហើយដោយ​រោគាពាធ​នៅឯ​មន្ទីរពេទ្យ​ពន្ធនាគារ​កាលពី​ថ្ងៃទី ១០​កញ្ញា ឆ្នាំ​២០១៨​កន្លងទៅ។

ជាមួយគ្នានេះ​នៅថ្ងៃនេះ​ផងដែរ មាន​គណនី​ហ្វេសប៊ុក​​​មួយ​ឈ្មោះ HENG NICH ប្រើប្រាស់​ដោយ​ស្ត្រី​ឈ្មោះ សុខ សុ​ភ័​ណ្ឌ ដែល​អះអាងថា​ជា​ប្អូនស្រី​ទី​២​របស់​យមរាជ​ក៏បាន​បង្ហោះ​សារ​ដែរ​ថា ហង្ស វុទ្ធី ហៅ​យមរាជ​បាន​ស្លាប់​កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ថ្ងៃទី ១០​កញ្ញា ឆ្នាំ​២០១៨។ ស្ត្រី​ឈ្មោះ​សុខ សុ​ភ័​ណ្ឌ ​ក៏បាន​អំពាវនាវ​សុំ​យក​សព​របស់​ហង្ស វុទ្ធី​មក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ដើម្បី​បាន​បងប្អូន​ឃើញ​មុខ​លើកចុងក្រោយ ។​

សូមបញ្ជាក់ថា​ នៅក្នុង​ការតស៊ូ​តាមផ្លូវ​ច្បាប់​នៅ​តុលាការ​នា​នាទីចុងក្រោយ តុលាការ​គ្រប់​ជាន់ថ្នាក់​នៅតែ​តម្កល់​ទោស​អោយ​ហង្ស វុទ្ធី ហៅ​យមរាជ​មាន​ពិរុទ្ធ​នៅក្នុង​រឿងក្ដី​ឃាតកម្ម​ជាច្រើន ។

គួររំលឹកថា បន្ទាប់ពី​រត់គេចខ្លួន បាត់​ដំណឹង សូន្យឈឹង អស់​រយៈពេល​ជិត ៧​ឆ្នាំ ឧក្រិដ្ឋជន​ល្បីឈ្មោះ ហង្ស វុទ្ធី ហៅ​ទិវា​១៦ និង​មាន​រហស្សនាម យមរាជ បានចេញ​មុខ មក​សារភាព​និង​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច នាំយកទៅ ដាក់​នៅ​ពន្ធនាគារ​វិញ កាលពី រសៀល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១២ ដោយបាន​ពឹងពាក់​មេធាវី​របស់ខ្លួន គឺ លោក កៅ ស៊ូផា ឱ្យ​ជូន​ទៅកាន់​ទីស្នាក់ការ អង្គការសិទ្ធិមនុស្ស​អា​ដ​ហុក ដើម្បី​ជួយ​ដល់ រូបគេ មុននឹង​ប្រគល់​ខ្លួន​ឱ្យទៅ​សមត្ថកិច្ច​នាំ ទៅ​ដា​ក់​នៅ​ពន្ធនាគារ​វិញ ។​

នៅពេល​ជួប​អ្នកកាសែត​ដំបូង​ហង្ស វុទ្ធី បាន​ប្រាប់​អ្នកកាសែត ថា មូលហេតុ​ដែល​ខ្លួន​ចេញមុខ​មក​សារភាព នោះ គឺ​ដើម្បី​ចង់បាន​នូវ​ភាព​យុត្តិធម៌ និង​ចង់ ឱ្យ​ប្រព័ន្ធ​យុត្ដិធម៌​សើរើ​រឿងក្ដី​របស់ខ្លួន​ឡើង វិញ ហើយក៏​ដើម្បី​ជាការ​បញ្ជាក់ថា ការរត់ ចេញពី​ពន្ធនាគារ​កន្លងមក គឺ​មិនមែនជា ចេតនា​របស់ខ្លួន​នោះទេ តាមពិត​គឺ​ខ្លួន​រត់ ចេញ​ទៅតាម​ការគំរាមកំហែង ពី​អ្នក​ជាប់ ឃុំឃាំង​ក្នុង​បន្ទប់​ជាមួយ​ចំនួន ៤​នាក់ ដែល ជា​ក្រុម​ចោរលួច ចោរប្លន់ ហើយ​ពួកគេ​ធ្វើ សកម្មភាព​អារ​ចម្រឹង​បង្អួច ដើម្បី​រត់គេច ខ្លួន ។ ឧក្រិដ្ឋ​ន​ជន ហង្ស វុទ្ធី បាន​អះអាង​បន្ដ ថា ការចូល​សារភាព​នេះ​គឺ​ចង់ឱ្យ​សើរើ​រឿង នេះ​ឡើងវិញ ហើយ​បើ​មាន​ភស្ដុតាង និង សាក្សី​ត្រឹមត្រូវ សូមឱ្យ​ដាក់គុក​ដល់​រូបគេ អស់​មួយជីវិត​ចុះ​។​ក្នុងនោះ​ឧក្រិដ្ឋជន ហង្ស វុទ្ធី បាន​អះអាងថា បើ​រូបគេ​នៅ​បន្ដ​រត់គេច ខ្លួន​ទៀត វា​នៅតែ​អ​យុត្ដិធម៌​មួយជីវិត ហើយ ការចេញមុខ​មកនេះ ដើម្បី​បញ្ជាក់ថា ទី​១- រូបគេ​មិនបាន​អារ​គុក​រត់ចេញ​នោះទេ និង ទី​២-​ការ​ចោទ​មកលើ​រូបគេ​ថា ជា​ឃាតក សម្លាប់​អ្នកនេះ​សម្លាប់​អ្នកនោះ គឺជា​រឿង មិន​ពិត​ទេ ដូចនេះ រូបគេ​ទាមទារ​ឱ្យមាន សាក្សី និង​កាត់ទោស​សាជាថ្មី ហើយ​បើ​មាន មែន​សូមឱ្យ​យក​រូបគេ ទៅធ្វើ​អ្វី​ក៏​ធ្វើទៅ​។

ក្រៅពី​ការអះអាង​ខាងលើ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏​ធ្វើការ​អំពាវនាវ​សូមឱ្យ​អ្នកកាសែត អង្គការសិទ្ធិមនុស្ស និង​សមត្ថកិច្ច​ជួយ​រូបគេ កុំឱ្យ​មានការ​វាយដំ ទៅលើ​រូបគេ​តទៅ ទៀត ខណៈ​រូបគេ​ត្រូវបាន​នាំទៅ​ដាក់​ពន្ធនាគារ​វិញ​នោះ ។

ពាក់ព័ន្ធ​ទៅនឹង​ការរត់​ចេញពី​គុក ឧក្រិដ្ឋ ជន ហង្ស វុទ្ធី បាន​រៀបរាប់​ឱ្យដឹងថា កាល ពី​យប់​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០០៦ មាន ជនល្មើស​ចំនួន​៤​នាក់ ដែលជា​មុខសញ្ញា​ចោរ លួច ប្លន់ ជាប់គុក​ក្នុង​បន្ទប់​ជាមួយ​ចំនួន ៤ នាក់ រួមមាន​ឈ្មោះ អា​សឺ​ង​, អា​យួន​, អា វែង និង​អា​ចាម បាន​រៀប​គម្រោង​អារ​ចម្រឹង ដែក​បង្អួច​គុក​រត់ ដោយ​ប្រើ​រណា​អារ​ដែក​។ ក្នុងនោះ​ខណៈ​ពួកវា​ធ្វើ​សកម្មភាព គឺ​ពួកវា បាន​ចាប់ខ្លួន​ចងដៃ​ចងជើង និង​យក​ក្រណាត់ ញុក​មាត់​កុំឱ្យ​ស្រែក ហើយ​ពេល​អារ​ដាច់​ពួក វា​ម្នា​ក់បាន​ប្រើ​ខ្សែ​ចង​សម្រូត​ចុះ រួចហើយ​ឱ្យ រូប​ខ្លួន​ចុះ​បន្ទាប់ និង​បក្ខ​ពួកវា ៣​នាក់​ទៀត សម្រូត​ចុះ​ជា​បន្ដបន្ទាប់​ទាល់តែ​អស់ ពេល​ចុះ ដល់​ដី ស្រាប់​តែមាន​រថយន្ដ​មួយគ្រឿង​បើក មក​ទទួល ហើយ​អ្នក​នៅក្នុង​រថយន្ដ​ថែមទាំង ស្រែកហៅ​ចំឈ្មោះ យមរាជ ថែម​ទៀតផង​។ បន្ទាប់ពី​ជិះ​រថយន្ដ​រត់គេចខ្លួន​ចេញផុត ពួក គេ​ក៏​បែក​គ្នា​អស់​ទៅ ហើយ​ខ្លួន​បានធ្វើ​ដំណើរ ទៅកាន់​ខេត្ដ​កំពត ចុងក្រោយ​ទៅ​ស៊ីឈ្នួល អូស​បង្គា ដើម្បី​យកលុយ​ដោះស្រាយ​ជីវភាព ហើយ​បន្ទាប់មកទៀត​គេចខ្លួន​ទៅកាន់​តំបន់ ប៉ោយប៉ែត​ស៊ីឈ្នួល​អូស​រទេះ​គេ​ជា​ហូរហែ រហូតដល់​ចុងក្រោយ​នេះ ទើប​សម្រេច​ចិ​ត្ដ ចូលខ្លួន​មក​សារភាព ហើយ​ខណៈ​ចូលខ្លួន មកនេះ គឺ​រូបគេ​មិនមាន​អ្វី​ជាប់​នឹង​ខ្លួន​នោះ ទេ ហើយ​ដាច់បាយ​ដាច់ទឹក​ទៀតផង ។​

ឧក្រិដ្ឋជន ហង្ស វុទ្ធី ហៅ យមរាជ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ តុលាការ​បាន ចោទប្រកាន់ និង​ធ្វើការ​ផ្ដន្ទាទោស ក្នុង​សំណុំរឿង​ឧក្រិដ្ឋកម្ម​ជាច្រើន​ករណី និង មាន​ឧក្រិដ្ឋជន​ជាច្រើន​នាក់ ដែល​រួមមាន ហេង ពៅ ជា​មេខ្លោង និង​បក្ខពួក​ជាច្រើន ទៀត ដូចជា លី រ៉ាស៊ី​, អ៊ុំ សំ​ខេង និង ហង្ស វុត្ថា ជា​ប្អូនប្រុស​…​ជាដើម ។ ក្នុងនោះ​នៅ ឆ្នាំ​២០០៨ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន បើកសវនាការ​លើ​សំណុំរឿង​ករណី​បាញ់​ប៉ង សម្លាប់ មន្ដ្រី​ ​ក្រុមហ៊ុន​អគ្គិសនី​កម្ពុជា​ម្នាក់ ឈ្មោះ គឹម ដា​វុ​ធ កាលពី​ខែវិច្ឆិកា ឆ្នាំ ២០០៥ ឱ្យ​រង​ពិការ​អស់​មួយជីវិត​ដោយ​សំណុំរឿង​ខាងលើនេះ បានសម្រេច​ដាក់ទោស ហេង ពៅ​, អ៊ុំ សំ​ខេង និង​ហង្ស វុទ្ធី ឱ្យ​ជាប់ពន្ធ​នា គារ​រយៈពេល ១៨​ឆ្នាំ​ម្នាក់ៗ និង​រួមគ្នា​សង ទៅ​ជនរងគ្រោះ ចំនួន​៨០​ម៉ឺន​ដុល្លារ​។

ក្រៅ ពី​សំណុំ​រឿងនេះ ឧក្រិដ្ឋជន ហង្ស វុទ្ធី ក៏ ជាប់​ពាក់ ព័ន្ធ​ទៅនឹង​សំណុំរឿង​ជាច្រើន​ទៀត ដូចជា​ករណី​ឃាតកម្ម​បាញ់សម្លាប់ លោក​ចៅក្រម សុក សេដ្ឋា​មុន្នី និង​ករណី​ប៉ុនប៉ង​សម្លាប់ មន្ដ្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ និង​មន្ដ្រី​ព្រះរាជអាជ្ញា​មួយចំនួនទៀត​ផងដែរ តែ​ពេល ចូល​សារភាព ហង្ស វុទ្ធី បានធ្វើ​ការបដិសេធ ចោល​ទាំងអស់។ ដោ​យមក​ជាមួយ​កូនប្រុស ម្ដាយ​វ័យ ចំណាស់​របស់​ឧក្រិដ្ឋជន​ហង្ស វុទ្ធី បាន​លើក ដៃ​ធ្វើការ​អំពាវនាវ សុំឱ្យ​ព្រះមហាក្សត្រ​និង សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី មេ​ត្ដា​ជួយ​រក​យុត្ដិធម៌​ដល់​កូនប្រុស​របស់ លោក និង​សុំ​កុំ​ឱ្យគេ​ធ្វើបាប​តទៅទៀត៕