ព័ត៍មានទាន់​ហេតុការណ៏
Search

ឧបនាយករដ្ឋមន្ត្រី​ចិន​ចាត់ទុក កម្ពុជា​និង​ចិន ជា​មិត្ត​ដែកថែប​ដ៏​រឹងមាំ ហើយក៏​រឹងមាំ​លើ​កិច្ចសហប្រតិបត្តិការ​ទៀត​ផង

ភ្នំពេញ ​៖ ក្នុងជំនួប​សម្តែង​ការគួរសម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាល​រសៀល​ថ្ងៃទី​១១ ខែ កញ្ញា​នេះ លោក ហាន់ ចឹ​ង (Han Zheng) ឧបនាយករដ្ឋមន្ត្រី​ទី​១ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សមាជិក​ការិយាល័យ​នយោបាយ​និង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​គណៈប្រតិភូ​ដែល​បាន​អញ្ជើញ​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ នៅ​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន។

យោងតាម​ការផ្តល់​ព័ត៌មាន​ពី​បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹងថា ​នៅក្នុង​ជំ​នួប​នោះ លោក ហាន់ ជឹ​ង (Han Zheng) ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​ថ្លែង​ស្វា​គម​ន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អញ្ជើញ​មកកាន់​ទីក្រុង​ណាន​នី​ង​ដើម្បី​អញ្ជើញ​ចូលរួម​ពិព័រណ៍​អាស៊ាន​-​ចិន ដែល​កម្ពុជា​ជា​ប្រទេស​កិត្តិយស។ លោក ហាន់ ជឹ​ង ក៏បាន​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​សម្តេច​តេ​ជោ​ពី​ប្រធានាធិបតី​ចិន​ផងដែរ។ លោក ហាន់ ជឹ​ង បាន​គូសបញ្ជាក់ថា មិត្តភាព​រវាង​កម្ពុជា​និង​ចិន​មាន​យូរលង់​ណាស់​មកហើយ លោក​បាន​បន្តថា ​ប្រទេស​យើង​ទាំង​ពីរបាន​ខិតខំ​ពង្រឹង​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​នេះ​កាន់តែ​មានការ​រីកចម្រើន។ ជាមួយគ្នានេះ​លោក ហាន់ ជឹ​ង បាន​មាន​ប្រសា​ស​ន៍​អបអរសាទរ​សម្តេច​តេ​ជោ​ដែល​បាន​ជាប់ឆ្នោត​បន្តធ្វើ​ជានា​យក​រដ្ឋមន្ត្រី​បន្តទៀត​។​

លោក​ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​មាន​ប្រសា​ស​ន៍​ថា ក្នុងចំណោម​មេដឹកនាំ​អាស៊ាន​ទាំងអស់ មានតែ​សម្តេច​តេ​ជោ​ទេ​ដែលជា​មេដឹកនាំ​ដែល​បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​អាស៊ាន​-​ចិន​បាន​ច្រើនជាងគេ​បំផុត បាន​រហូតដល់ ១១ ដង​មកហើយ​។ ក្នុង​ឱកាស​នេះ ឧបនាយករដ្ឋមន្ត្រី​ចិន​បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​និង​ចិន​ជា​មិត្ត​ដែកថែប​ដ៏​រឹងមាំ​ ហើយ​ប្រទេស​កម្ពុជា ​និង​ចិន​ជា​ប្រទេស​រឹងមាំ​កិច្ច​សហប្រតិបត្តិការ។ លោក​បានអោយដឹងថា នៅ​ខែមេសា​ឆ្នាំក្រោយ​នេះ​ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ​នឹង​មាន​កម្មវិធី​មួយ​ទាក់ទង​នឹង​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ដែល​ពេលនោះ​នឹង​អញ្ជើញសម្តេច​តេ​ជោ​ទៅ​ចូលរួម​។​

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បានផ្តល់​កិត្តិយស​ដល់​ប្រទេស​កម្ពុជា​នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នៅ​ទីក្រុង​ណា​នី​ង​នេះ​។ សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ដល់​ប្រធានាធិបតី​ចិន​ផង​ដែល​បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​និង​បាន​អបអរសាទរ​ចំពោះ​សម្តេច​ដែល​បាន​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា ។

ក្នុង​ឱ​កាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស​ន៏​ជំរាប​ជូន​ខាង​ភាគី​ចិន​អំពី​សភាព​ការ​នៅក្នុង​ប្រទេស​កម្ពុជា និង បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន​ដែល​បាន​ចូលរួម​ផ្តល់ជំនួយ​កន្លងមក​ដើម្បី​ចូលរួម​អភិវឌ្ឍ​​​ប្រទេស​កម្ពុជា ។ សម្តេច​តេ​ជោ​មាន​ប្រសា​ស​ន៍​ថា កម្ពុជា​បច្ចុប្បន្ន​មានការ​រីកចម្រើន​ម៉ាក្រូសេដ្ឋកិច្ច​ដោយ​លូតលាស់។ សម្តេច​តេ​ជោ​ក៏បាន​ស្នើ​សុំអោយ​ប្រទេស​ចិន​បើកចំហ​ទីផ្សារ​កសិកម្ម​ដើម្បី​នាំ​កសិផល​កម្ពុជា​មកកាន់​ប្រទេស​ចិន​ជាពិសេស​បន្ថែម​កូតា​នាំចូល​កសិផល​ពី​កម្ពុជា​បន្ថែមទៀត ។​ ជាមួយគ្នានេះ សម្តេច​តេ​ជោ​ក៏បាន​ជំ​រុញអោយ​អ្នកវិនិយោគ​ចិន​បន្ថែម​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា ចំណែកឯ​ក្រុមហ៊ុន​ដែល​មិនទាន់បាន​វិនិយោគ​សូម​សិក្សា និង ពិនិត្យមើល​ឪ​កាស​វិនិយោគ​នៅ​កម្ពុជា​។ ព្រម ជាមួយគ្នានេះ​សម្តេច​តេ​ជោ​រំពឹងថា​ភ្ញៀវទេសចរ​ចិន​នឹងមាន​ការកើនឡើង​កាន់​តែ​ច្រើន​បន្ថែមទៀត​។​

បន្ទាប់​ពីនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បន្ត​អនុញ្ញាតអោយ​ក្រុមហ៊ុន​ធំៗ ចំនួន ៦ របស់​ប្រទេស​ចិន​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ ដែល​ក្រុមហ៊ុន​ទាំងនេះ​ស្ថិតក្នុង​សហព័ន្ធ​សភាពាណិជ្ជកម្ម​ចិន​ដែល​ក្នុងនោះ​ក្រុមហ៊ុន​ភាគច្រើន​បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ជាង​១០​ឆ្នាំ ដែល​បាន​វិនិយោគ​លើ​វិស័យ​កសិកម្ម ថាមពល និង​ខ្លះ​ជា​ក្រុមហ៊ុន​ដែល​ចង់​វិនិយោគ​ដើម្បី​ជំរុញ​ការនាំចេញ​វិស័យ​កសិកម្ម ។

ក្នុង​ឱ​កាស​នោះ មាន​ក្រុមហ៊ុន​១ ចង់​វិនិយោគ​អភិវឌ្ឍន៍​ព្រលានយន្តហោះ​នៅ​ខេត្តសៀមរាប ។ ក្រុមហ៊ុន​ទាំង ៦ នេះ​បាន​ជំរាបជូន​សម្តេច​តេ​ជោ​អំពី​ការងារ​របស់​ក្រុមហ៊ុន​នីមួយៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង បាន​ស្នើសុំ​សម្តេច​តេ​ជោ​អោយ​បន្ត​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ទាំងនេះ​បន្តទៀត។ ក្នុង​ឱ​កាស​នេះ​ក្រុមហ៊ុន​ចំនួន ១ ក្នុងចំណោម​៦​នេះ​ដែល​មិនទាន់បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​បានបញ្ជាក់​ជំរាប​សម្តេច​តេ​ជោ​ថា ចាប់​អារម្មណ៍​ចង់​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​មើលឃើញ​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា ។​

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ​បាន​មាន​ប្រសា​ស​ន៍​សូមអោយ​ក្រុមហ៊ុន​ដែល​បាន​វិនិយោគ​រួចហើយ​នៅ​ប្រទេស​កម្ពុជា សូម​បន្ត​ការ​វិនិយោគ​ ហើយ​រាជរដ្ឋាភិបាល​គឺ​តែងតែ​គាំទ្រ មិន​ថា​អ្នក​វិនិយោគ​ណា​នោះ​ទេ អោយ​តែ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​គឺ​ត្រូវ​បាន​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ទាំងអស់៕ ​