ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​ម្នាក់ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ នៅ​ខេត្ត​ប្រា​ជីន​បុរី

ប្រទេស​ថៃ ៖ ពលករ​ខ្មែរ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុងចំណោម​មនុស្ស​ស្លាប់​ចំនួន ២ នាក់ ខណៈដែល​ពួកគេ​បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន ទាំង​ផ្លូវថ្នល់​ទើបនឹង​ភ្លៀង​រួច​ថ្មីៗ សង្ស័យថា​ពួកគេ​អាច​ប្រើប្រាស់​ល្បឿន​លឿន​ផង និង​គួបផ្សំ​ទៅលើ​ផ្លូវ​ដែលមាន​សភាព​រអិល​ផង។​

យោងតាម​ប្រភពព័ត៌មាន​ដែល​កម្ពុ​ជាថ្មី ទទួលបាន​គឺ ហេតុការណ៍​នេះ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៧ និង ៣០ នាទី យប់ ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០១៨ លើ​កំណាត់​ផ្លូវ​លេខ ៣០១៧ ក្បែរ​វត្ត​ខ្លង​ហួ​ក្រុ​ត ស្ថិត​ក្នុងភូមិ​៥ ឃុំ​បាង​តេ​ជៈ ស្រុក​មឿង ខេត្ត​ប្រា​ជីន​បុរី ប្រទេស​ថៃ រវាង​ម៉ូតូ​ហុងដា​វេ​វ ធុន​សេ ១០០ ពាក់​ស្លាក​លេខ ប្រា​ជីន​បុរី​៥៧៥៣ ដែល​បើកបរ​ដោយ​ពលករ​ខ្មែរ រស់នៅ​ប្រទេស​ថៃ ជាមួយនិង​ម៉ូតូ​ម៉ាក យ៉ាម៉ាហា​ពាក់​ស្លាក​លេខ ប្រា​ជីន​បុរី ៦៦៧ បើកបរ​ដោយ​ជនជាតិ​ថៃ។​

ប្រភព​បាន​បន្តថា នៅ​មុនពេល​កើតហេតុ គឺ​មេឃ​បាន​ធ្លាក់ភ្លៀង​មួយ​មេ​យ៉ាងខ្លាំង​ក៏​ស្រាប់តែ​ឮ​សំឡេង​ប៉ះទង្គិច​គ្នា​ប្រាវ​តែម្តង នៅពេលដែល​អ្នកភូមិ​ចេញមក​មើល គឺ​ឃើញ​មាន​មនុស្ស​ដេកស្លាប់​រៀងៗ​ខ្លួន​ទៅហើយ ដែល​ម្នាក់ៗ​ពោរពេញ​ដោយ​ឈាម​ពេញ​ខ្លួនប្រាណ ទើប​ពួកគេ​បាន​ប្តឹងទៅ​សមត្ថកិច្ច​ចរាចរណ៍​តែម្តង។

ស្ត្រី​ម្នាក់​ដែលជា​ភរិយា​របស់​សព​ពលករ​ខ្មែរ​បាន​និយាយថា ប្តី​របស់ខ្លួន​ឈ្មោះ សូ សៅ​ម៉ក់​ អាយុ​៣០​ឆ្នាំ ជា​កម្មករ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី ហើយ​គាត់​បានចេញ​ម៉ូតូ​ទៅ​ទិញ​ទឹកកក​ លុះ​ត្រឡប់មកវិញ​ក៏​ជួបនឹង​គ្រោះថ្នាក់​តែម្តង។ ដោយឡែក​ភាគី​ម្ខាង​ទៀត គឺ​លោក​ដាំ​រ៉ុង ផៃ​ចន្ទ្រ ជា​ឪពុក​សព បាន​និយាយថា កូនប្រុស​របស់លោក​ឈ្មោះ ណុប​ឃុន ផៃ​ចន្ទ្រ​អាយុ​១៥​ឆ្នាំ គឺ​គេ​បានចេញ​ម៉ូតូ​ទៅ​ទិញ​កាត​ទូរស័ព្ទ ក៏​ជួប​នឹង​គ្រោះថ្នាក់​ដូចគ្នា ។​

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ ក្រុម​តម្រួត​ចរាចរណ៍ បាននិងកំពុង​ពិនិត្យ​ដើម្បី​ចង់ដឹងថា​តើ​មូល​ហេតុអ្វី​បានជា​ធ្វើអោយ​ពួកគេ​ទាំង ២ នាក់ បើកបរ​ប៉ះទង្គិច​គ្នា​ខ្លាំង​បែបនេះ​ព្រោះ​ភាគី​ខ្មែរ ប៉ះទង្គិច​រហូត​ផុង​លលា​ដ៏​ក្បាល ចំណែក​ភាគី​ថៃ បែកក្បាល និង​បាក់​ជើងឆ្វេង​ម្ខាង ចេញ​ឆ្អឹង​មក​ខាងក្រៅ៕