ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្ទុះ​អាវុធ​មួយ​ប្រាវ នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ស្លាប់​ក្រុម​រក​ស៊ី​គ្រឿងញៀន​២​នាក់

ប្រទេស​ថៃ ​៖​ ក្រុម​រក​ស៊ី​គ្រឿងញៀន​ឆ្លងដែន ២ នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ បាញ់ប្រហារ​បណ្តាល​អោយ​ស្លាប់​នៅ​នឹង​កន្លែង ក្នុងចំណោម​បក្ខពួក​ប្រមាណ ២០ នាក់ ខណៈដែល​ពួកគេ​បាននិងកំពុង​ដឹកជញ្ជូន​ថ្នាំញៀន ៣ ប្រភេទ ដែលមាន​ចំនួន រាប់លាន​គ្រាប់​តាម​ខ្សែបន្ទាត់​ព្រំដែន ភាគខាងត្បូង នៃ​ប្រទេស ថៃ ជាប់ ភូមា។​

តាម​របាយការណ៍​បាន​បញ្ជាក់ថា ការផ្ទុះអាវុធ​នេះ​ បានកើត​ឡើង​នៅ​យប់ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ​២០១៨ តាម​ខ្សែបន្ទាត់​ព្រំដែន​ថៃ ភូមា ក្នុង​ខេត្ត ឈៀង​រ៉ា​យ គឺមាន​ជនសង្ស័យ​ប្រមាណ ២០ នាក់ ដែល​ពួកគេ​បាន​ដឹកជញ្ជូន​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ឆ្លងដែន ចូលមកក្នុង​ប្រទេស​ថៃ។

បន្ទាប់ពី​ឃើញ​ហេតុ​ការ​ណ៍​បែបនេះ កំលាំង​តម្រួត​ព្រំដែន​ថៃ ដែលមាន​គ្នា​ចំនួន ៧ នាក់​បាន​លប​ស្ទាក់​ធ្វើការ​វាយប្រហារ ប៉ុន្តែ​ត្រូវបាន​ក្រុម​ជនសង្ស័យ​បាញ់រះ​មក​មុន ព្រមទាំង​បាន​គប់​គ្រាប់បែក​មកលើ​កំលាំង​ផងដែរ ទើប​សមត្ថកិច្ច​ថៃ​ធ្វើការ​បាញ់ប្រហារ​តប តទៅ​វិញ​អស់​រយៈពេល​ប្រមាណ​ជាង ២០ នាទី ទើប​មានការ​ស្ងប់ស្ងាត់​ជាធម្មតា។​

នៅលើ​ទីតាំង​សមរភូមិ គឺ​គេ​បា​នសង្កេត​ឃើញថា ជនសង្ស័យ​បាន​ស្លាប់​ចំនួន ២ នាក់​ ដោយឡែក​អ្នក​ដែល​នៅ​សេសសល់​បាន​រត់គេចខ្លួន​បាត់ស្រមោល ដោយបាន​បន្សល់​នូវ​គ្រឿងញៀន​ចំនួន ២៦ ការុង ដែល​ក្នុងនោះ​មាន ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន​២ ៦៩២ ០០០ គ្រាប់ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ៦០ គីឡូក្រាម និង ហេ​រ៉ូ​អ៊ីន​ប្រភេទ​ម្ស៉ៅ​ចំនួន ៦ ប្រអប់ និង ប្រភេទ​រឹង ចំនួន​៤ ដុំ។

បច្ចុប្បន្ន​វត្ថុតាង​ដ៏​ច្រើន​លើសលប់​ទាំងនេះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​អង្គភាព​ជំនាញ ដើម្បី​យកទៅ​រក្សាទុក និង​ចាត់ការ​តាម​នីតិ​វិធី៕