លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គាវើលសមាជិកក្នុងលីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានបង្ហាញពីទស្សនៈមានមួយថា កីឡាករប្រធានក្រុមរបស់ក្លិបខ្លួនគឺ គួច សុកុម្ភៈ អាចនឹងបន្តរក្សាកៅអីក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា បើទោះបីពេលនេះ រូបគេមានវ័យរហូត៣១ឆ្នាំហើយក្ដី។
លោក មាស ចាន់ណា បានលើកឡើងក្រោយការសង្កេតរបស់ខ្លួនថា ៖ «ចំពោះ កុម្ភៈ គេមើលមកថាគាត់អាយុច្រើនបន្តិចមែន តែគាត់ជាកីឡាករម្នាក់ដែលខ្ញុំអាចនិយាយថា នៅស្រុកខ្មែរពិបាករក ព្រោះថាគាត់អត់ចេះដើរលេងខូចខិល អត់ចេះសេពគ្រឿងស្រវឹង បើធៀបនឹងកីឡាករ១ភាគធំ។ គាត់គិតតែហ្វឹកហាត់ឲ្យអស់ពីចិត្ត ផុតពេលហាត់ គាត់សម្រាកយកកម្លាំងវិញ ដើម្បីត្រឡប់មកហ្វឹកហាត់ ឬ ប្រកួតវិញ។ ខ្ញុំគិតថា ប្រសិនបើគាត់នៅតែរៀបចំខ្លួនបានល្អបែបនេះ គាត់អាចជាប់ជម្រើសជាតិមិនក្រោម ៥ឆ្នាំទៀតទេ»។
កីឡាករ គួច សុកុម្ភៈ ត្រូវបានអ្នកចាត់ការថ្មី Keisuke Honda ក្នុងក្រុមជម្រើសជាតិកម្ពុជា កោះហៅឱ្យចូលរួមជាមួយក្រុមហើយតែងតាំងឱ្យធ្វើជាប្រធានក្រុមក្នុងក្រុមជម្រើសជាតិកម្ពុជាផងដែរពេលលេងតទល់ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីពេលថ្មីៗ។ អ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះធ្លាប់បានលើកឡើងជុំការតែងតាំងឱ្យ គួច សុកុម្ភៈ ធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជាថ្មីៗនេះថា ៖«ពួកយើងមានកីឡាករល្អៗច្រើន ក៏ដូចជាកីឡាករមានបទពិសោធន៍ផងដែរ ប៉ុន្តែ គួច សុកុម្ភៈ ខ្ញុំគិតថាគាត់គឺជាកីឡាករល្អម្នាក់ មានបទពិសោធន៍ល្អ ដែលស័ក្តិសមធ្វើជាប្រធានក្រុមជម្រើសជាតិកម្ពុជា»។
កីឡាករ គួច សុកុម្ភៈ បានចាប់ផ្តើមលេងបាល់ទាត់នៅពេលរូបគេជាសិស្សសាលាបឋមសិក្សា កំពង់ធំ និងបន្តលេងឲ្យក្រុមវិទ្យាល័យបល្ល័ង្គ។ ឆ្នាំ២០០២ រូបគេបានជួយឲ្យវិទ្យាល័យបល្ល័ង្គ ជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតជ្រើសរើសបាល់ទាត់ទូទាំង ប្រទេស។ ដោយសារតែមានទម្រង់លេងគួរឲ្យចាប់អារម្មណ៍ និង លេចធ្លោអ្នកគ្រប់គ្រងក្លិប ខេមរាកីឡា លោក លាស់ សាឡាក់ខាន់ បានយក គួច សកុម្ភៈ មកធ្វើតេស្ត ហើយក៏ជាប់លេងក្រុមខេមរាកីឡានៅឆ្នាំ ២០០៦។ ក្រោយមករូបគេបានលេងឲ្យក្លិបភ្នំពេញក្រោនឆ្នាំ២០១១ មុនពេលប្តូរមកលេងឲ្យក្លិបណាហ្គាវើលក្នុងឆ្នាំ២០១៥រហូតដល់បច្ចុប្បន្ន៕