ព័ត៍មានទាន់​ហេតុការណ៏
Search

នាំ​ខ្លួន​អតីត​ឧកញ៉ា​ ហូរ ចំរើន​ពី​គុក​ព្រៃ​ស​មក​សាកសួរ​ក្នុង​សំណុំរឿង​ឆបោក​ប្រាក់​៩៧​លាន​ដុល្លារ

ភ្នំពេញ ​៖​ អតីត​ឧកញ៉ា ហូរ ចំរើន ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​គុក​ធំ​ព្រៃ​ស ត្រូវបាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ឆបោក​ប្រា​ក់​មួយ​ថ្មី​ទៀត​ដែលមាន​ទឹកប្រាក់​រហូត​ដល់​ទៅ​៩៧​លាន​ដុល្លារ​អាមេរិកាំង។

ដោយសារតែ​ជនជាប់ចោទ​ហូរ ចំរើន មានទ្រព្យ​សម្បត្តិ​មហាសាល ដំណើរ​ចេញពី​គុក​មកកាន់​តុលាការ​គេ​កត់សម្គាល់ឃើញ​មាន​មន្ត្រី​អនុរក្ស​គុក​ព្រៃ​ស​ពាក់​ផ្កាយ​មួយម្នាក់​ដឹកនាំ​មន្ត្រី​គុក​មួយក្រុម​ធំ ជិះ​រថយន្ត​លុចស៊ីស​ដឹក​ជនជាប់ចោទ​អមដំណើរ​ដោយ​រថយន្ត​ស៊ីរ៉ែន មាន​គ្រូពេទ្យ និង​អាមាត្យ​​ឯកជន​ឆ្វេង​ស្ដាំ ជូន​ដំណើរ​ជនជាប់ចោទ​មក​អោយ​ព្រះរាជអាជ្ញា​សួរ​យក​ចម្លើយ។

ការសួរចម្លើយ​ជន​ត្រូវ​ចោទ​ចាប់ផ្ដើម​តាំងពី​ម៉ោង​៨​ព្រឹក​រហូតដល់​ម៉ោង​១២​ទើប​បញ្ចប់​នៅ​ចំពោះមុខ​មេធាវី​សំដី​ខ្វះ​សីលធម៌ ​ដែល​ការពារ​ក្ដី​អោយ​ជន​បោកប្រាស់។ បន្ទាប់មក​ជនជាប់ចោទ​ត្រូវបាន​បញ្ជូនទៅ​ដាក់គុក​វិញ​រង់ចាំ​ការសម្រេច​របស់​តុលាការ។

ពាក់ព័ន្ធ​ករណីនេះ បើតាម​ប្រភព​​ព័ត៌មាន​ច្បាស់ការ​បានអោយដឹងថា ក្នុងការ​សួរ​យក​ចម្លើយ​ពី​ជនជាប់ចោទ​ហូរ ចំរើន នា​ថ្ងៃនេះ​គឺ​ទាក់ទិន​នឹង​សំណុំរឿង​ឆបោក​ប្រាក់​ចំនួន​៩៧​លាន​ដុល្លារ​អាមេរិក​ក្រោមរូបភាព​វិនិយោគ​កសាង​មន្ទីរពេទ្យ សាលារៀន​នៅ​ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែលមាន​បុរស​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហាន់ គឿ​ក ជាដើម​បណ្ដឹងរដ្ឋប្បវេណ។

ប្រភព​បន្ត​អោយដឹងទៀតថា ប្រឈមមុខ​ការប្ដឹង​ចោទប្រកាន់​ខាងលើ​របស់​ឈ្មោះ​ហាន់ គឿ​ក ជនជាប់ចោទ​ហូរ ចំរើន បាន​ឆ្លើយ​បដិសេធ​ថា ​មិនបាន​ឆបោក​ទេ ​ព្រោះ​គម្រោង​វិនិយោគ​នោះ​ទើបតែ​ចាប់ផ្ដើម​អនុវត្ត​ប៉ុណ្ណោះ នៅ​ពេល​ដែល​លោក​មាន​រឿងរ៉ាវ​ជាប់គុក ក៏​ស្រាប់តែ​ដៃគូ​វិនិយោគ​ប្ដឹង​តែម្ដង។

យ៉ាងហោចណាស់​មាន​សំណុំរឿង​ឆបោក​ប្រាក់​ចំនួន​៣​ករណី​ផ្សេងៗ​គ្នា មាន​ទឹកប្រាក់​ច្រើនជាង​២០០​លាន​ដុល្លារ​អាមេរិក​ត្រូវបាន​ម្ចាស់​គម្រោង​វិនិយោគ​ដាក់​បណ្ដឹង​ចូលមក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រឆាំង​នឹង​អតីត​ឧកញ៉ា​ហូរ ចំរើន​ដែល​កំពុង​ជាប់ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

ប្រភព​​ព័ត៌មាន​ច្បាស់​ការ​​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បានអោយដឹងថា សំណុំរឿង​ឆបោក​ប្រាក់​ដែល​ម្ចាស់​គម្រោង​វិនិយោគ​ដាក់​ប្ដឹង​លោក ហូរ ចំរើន មក​អយ្យការ​អម​តុលាការ​ទាំង​៣​ករណី​គឺ​ស្ថិតក្នុង​ដៃ​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ ជា​អ្នកចាត់ការ​ទាំង​៣​សំណុំរឿង​តែម្ដង។ ក្នុងនោះ​មាន​សំណុំរឿង​មួយ​ត្រូវបាន​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​បញ្ជូន​ទៅ​ចៅក្រមស៊ើប​សួរ​ពិនិត្យ​តាម​នីតិវិធី។

ចំណែក​សំណុំរឿង​២​ទៀត​អយ្យការ​អម​តុលាការ​កំពុង​ពិនិត្យ​នៅឡើយ។ ពាក់ព័ន្ធ​បណ្ដឹង​ព្រហ្មទណ្ឌ​ថ្មី​បី​សំណុំរឿង ​ដែល​ដាក់​ប្ដឹង​ប្រឆាំង​លោក​ហូរ ចំរើន ត្រូវបាន​ប្រភព​មួយ​អះអាង​ថា មាន​ក្រុមហ៊ុន​វិនិយោគ​បរទេស​មួយ​បាន​ពឹងពាក់​អោយ​អតីត​ឧកញ៉ា ហូរ ចំរើន រៀបចំ​ទិញ​ដី​ជាច្រើន​ហិកតា​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដើម្បី​សាងសង់​មន្ទីរពេទ្យ​ធំ ទំនើប​មាន​លក្ខណៈ​ស្តង់ដារ​ទាន់សម័យ​មួយ​ដែលមាន​ទុនវិនិយោគរ​ហូរ​ដល់​ជាង​២០០​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ​ក្រុមហ៊ុន​បាន​ទម្លាក់​សាច់ប្រាក់​មុន​ចំនួន​៩៧​លាន​ដុល្លារ​អោយ​លោក​ហូរ ចំរើន ដើម្បី​រៀបចំ​និង​ចាប់ផ្ដើម​អនុវត្ត​គម្រោង ប៉ុន្តែ​ចាប់តាំងពី​បានទទួល​សាច់ប្រាក់​៩៧​លាន​ដុល្លារ​នោះមក មិនឃើញ​អតីត​ឧកញ៉ា​ហូរ ចំរើន​អនុវត្ត​កិច្ចការ​គម្រោង​សាងសង់​មន្ទីរពេទ្យ​នោះ​ចេញ​ទេ រហូតដល់​ថ្ងៃ​មានរឿង​ប្រើ​អាវុធ​បាញ់​គំរាម​ឪពុក​ម្ដាយក្មេក ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​លោក​ហូរ ចំរើន ដាក់ពន្ធនាគារ ទើប​ម្ចាស់​គម្រោង​វិនិយោគ​សន្ម​តថា​អតីត​ឧកញ៉ា​ហូរ ចំរើន ឆបោក​ប្រាក់​នោះ​បាត់ទៅហើយ ទើប​ដាក់ពាក្យ​ប្ដឹង​មក​តុលាការ​តែម្ដង ។​

ចំណែក​បណ្ដឹង​ពីរ​ទៀត​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ប្រាក់​នៅក្នុង​គម្រោង​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ដូចគ្នានេះដែរ ដែលមាន​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ​ដែល​ក្រុមហ៊ុន​វិនិយោគ​បរទេស​ទាំងនោះ​ចាញ់​ឧបាយកល​ឆបោក​របស់លោក​ហូរ ចំរើន។​

ពាក់ព័ន្ធ​នឹង​បណ្ដឹង​ថ្មី​ដាក់​ប្ដឹង​អតីត​ឧកញ៉ា​ហូរ ចំរើន​ក្នុង​រឿង​ឆបោក​ប្រាក់ នា​ថ្ងៃទី ១៤​មិថុនា ឆ្នាំ​២០១៨​នេះ មេធាវី​ការពារ​ផ្លូវច្បាប់​អោយ​លោក​ហូរ ចំរើន​មិនអាច​ទាក់ទង​សុំ​ការ​បកស្រាយ​បានទេ​ដោយសារ​គ្មាន​អ្នក​លើក​ទូរស័ព្ទ។ ចំណែក​អតីត​ឧកញ៉ា​ហូរ ចំរើន កំពុង​ជាប់​ក្នុង​ពន្ធនាគារ។​

គួរ​រំលឹកថា ​អតីត​ឧកញ៉ា ហូរ ចំរើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី ១៦​ឧសភា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ការ​បាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ភូមិ​គ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូរ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ និង​ភរិយា​ឈ្មោះ គារ សុខ​គាង អាយុ​១៩​ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី ១២​មេសា ឆ្នាំ​២០១៨​ថ្មីៗ​នេះ លុះ​មកដល់​ថ្ងៃទី ២១​មេសា ស្រាប់តែ​មានទំនាស់​កើតឡើង​ក្នុង​គ្រួសារ​នៅវេលា​រសៀល ហើយ​ស្រាប់តែ​ឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើង​គំរាមកំហែង​នៅក្នុង​ភូមិ​គ្រឹះ​នោះ​បណ្ដាលអោយ​កើតមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​

ក្រោយ​កើតហេតុ​គេ​ឃើញ​លោក​យិន គារ អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជា​ម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង ជា​ភរិយា​លោក​ឧកញ៉ា ហូរ ចំរើន បាន​ទៅ​ដាក់ពាក្យ​ប្ដឹង​អោយ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់។ បន្ទាប់មក​សំណុំ​រឿងនេះ​ត្រូវបាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​ដើម្បី​បើក​កា​រសើប​អង្កេត​បឋម ហើយ​នៅ​ថ្ងៃទី ១៦​ឧសភា​នេះ​ក៏​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​សម្រេច​ឃុំខ្លួន​ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម​ថា​នឹង​សម្លាប់ និង​បទ​ប្រើប្រាស់​អាវុធ​ខុសច្បាប់៕