ព័ត៍មានទាន់​ហេតុការណ៏
Search

ការិយាល័យ​ទំនាក់ទំនង​រួម​ថ្មី​នឹង “​ជំរុញ​ទំនាក់ទំនង​អន្តរ​កូរ៉េ​”

ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​នឹង​បើក​ការិយាល័យ​ទំនាក់ទំនង​រួមគ្នា​មួយ​នៅ​សប្តាហ៍​នេះ​ដើម្បី​កែលម្អ​ការប្រាស្រ័យ​ទាក់ទង​និង​ការដោះដូរ​ឆ្លងដែន។

ការិយាល័យ​នេះ​គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើ​ហើយ​បាន​កើតឡើង​ក្រោយ​កិច្ចប្រជុំ​មួយ​នៅ​ខែ​នេះ​រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន​។​

ក្រសួង​បង្រួបបង្រួម​របស់​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ការិយាល័យ​នេះ​នឹង​ក្លាយជា “​ប៉ុស្តិ៍​ពិគ្រោះ​យោបល់​និង​ទំនាក់ទំនង​គ្រប់ពេលវេលា​” សម្រាប់​កា​រព​ន្លឿ​ន​ទំនាក់ទំនង​អន្តរ​កូរ៉េ បង្កើន​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​និង​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា​។​

នៅក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​ខែមិថុនា​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​និង​លោក​គីម​, មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​មួយ​ស្តីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

ការបើក​ការិយាល័យ​នេះ​ដែល​ពីដំបូង​ត្រូវបាន​កំណត់​យក​ដើមខែ​តុលា​គឺ​ត្រូវបាន​ពន្យារពេល​ដោយសារ​មានការ​ជាប់គាំង​ផ្នែក​ការទូត​។​

ប៉ុន្តែ​បរិយាកាស​បាន​ប្រសើរឡើង​គួរ​ឲ្យ​កត់សម្គាល់​បន្ទាប់ពី​លោក​គីម​បាន​ជួប​ជាមួយ​ប្រេសិត​កូរ៉េខាងត្បូង​ហើយ​លោក​ត្រាំ​មានប្រតិកម្ម​យ៉ាង​កក់ក្តៅ​ចំពោះ​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​លោក​គីម​ដែល​បាន​ស្នើសុំ​ជំនួប​កំពូល​លើក​ទី​២​ជាមួយ​សហរដ្ឋអាមេរិក​។​

ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ការិយាល័យ​នេះ​នឹងដាក់​ឲ្យ​ប្រតិបត្តិការ​ភ្លាមៗ​បន្ទាប់ពី​ពិធី​បើក​នៅ​ថ្ងៃ​សុក្រ​ខណៈ​រដ្ឋមន្ត្រី​បង្រួបបង្រួម​លោក Cho Myoung-Gyon និង​សម​ភាគី​កូរ៉េខាងជើង​លោក Ri Son Gwon នឹងចូលរួម​។​

ក្រសួង​បាន​និយាយថា ភាគី​ទាំងពីរ​នឹងដាក់​ពង្រាយ​មន្ត្រី​ម្ខាង​ចំនួន​២០​នាក់​។​
​គួរ​បញ្ជាក់ថា ការិយាល័យ​នេះ​នឹង​ស្ថិតនៅ​តំបន់ឧស្សាហកម្ម​ដែល​វិនិយោគ​ដោយ​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ទីក្រុង Kaesong របស់​កូរ៉េខាងជើង​ដែល​ត្រូវ​បិទ​កាលពី​ឆ្នាំ​២០១៦​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជុំវិញ​ការអភិវឌ្ឍ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​៕ AFP