ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក អា​បេ និយាយថា កំពុង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​នៅ​ខែក្រោយ

លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ បាន​និយាយ​នៅក្នុង​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក បន្ទាប់ពី​ជំនួប​ជាមួយ​មេដឹកនាំ​ចិន​លោក ស៊ី ជីន​ពីង កាលពី​ថ្ងៃ​ពុធ​ថា ពួកគេ​បាន​យល់ព្រម​ធ្វើការ​ឆ្ពោះទៅរក​ដំណើរ​ទស្សនកិច្ច​នៅ​ខែតុលា​របស់លោក​ទៅកាន់​ប្រទេស​ចិន​ដែល​នេះ​ជា​សញ្ញា​ចុងក្រោយ​បំផុត​នៃ​ទំនាក់ទំនង​កាន់តែ​កក់ក្តៅ​រវាង​គូប្រជែង​អាស៊ី​ទាំងពីរ​នេះ។

លោក អា​បេ ក៏បាន​និយាយ​ផងដែរ​ថា លោក​និង​លោក ស៊ី បាន​ចែករំលែក​ទស្សនៈ​ថា ប្រទេស​ជប៉ុន​និង​ចិន​គួរ​ទទួលខុសត្រូវ​ចំពោះ​សន្តិភាព​និង​ភាព​ចម្រុងចម្រើន​លើ​ពិភពលោក​ក៏ដូចជា​គោលដៅ​នៃ​ការសម្រេចបាន​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ​។​ការអត្ថាធិប្បាយ​របស់​លោក​ដែល​បានធ្វើ​ឡើង​នៅ​ខាងក្រៅ​វេទិកា​ថ្នាក់​តំបន់​មួយ​ក្នុង​ទីក្រុង​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ NHK របស់​ប្រទេស​ជប៉ុន​។​

លោក អា​បេ បាន​វិលត្រឡប់​មកកាន់​តំណែង​អាណត្តិ​ទី​ពីរ​ដ៏​កម្រ​នៅ​ខែធ្នូ​ឆ្នាំ​២០១២​ដោយ​សន្យាថា​នឹង​ប្រកាន់​ជំហរ​តឹងរ៉ឹង​ចំពោះ​ប្រទេស​ចិន​ដោយសារ​ជម្លោះ​ដែន​ដែន​មួយ​លើ​កោះ​តូចៗ​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​។​

ប៉ុន្តែ​បើទោះបីជា​ជម្លោះ​នេះ​បាន​រីក​រាលដាល​ក្តី ក៏​ទំនាក់ទំនង​មាន​ស្ថេរភាព​នាពេល​ថ្មីៗ​នេះ​ចំពេល​មាន​សម្ពាធ​ពាណិជ្ជកម្ម​របស់​អាមេរិក​កាន់តែខ្លាំង​ឡើង​ទាំង​លើ​ប្រទេស​ចិន​និង​ជប៉ុន​។​

លោក អា​បេ បាន​និយាយថា លោក​សង្ឃឹមថា លោក ស៊ី អាចមក​កាន់​ប្រទេស​ជប៉ុន​ក្នុងពេល​ឆាប់ៗ​នេះ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​មួយ​ដែល​លោក​បាន​និយាយថា​នឹងដាក់​ទំនាក់ទំនង​ទៅដល់ “​កម្រិត​ថ្មី​”​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន​បានដាក់​ថ្ងៃទី​២៣​ខែតុលា​ថា​ជា​ពេលវេលា​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក អា​បេ ទៅកាន់​ប្រទេស​ចិន​ដោយសារតែ​កាលបរិច្ឆេទ​នេះ​គឺ​ត្រូវ​នឹង​កាលបរិច្ឆេទ​នៃ​សន្ធិសញ្ញា​មិត្តភាព​ចិន​-​ជប៉ុន​ដែល​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ​១៩៧៨៕ REUTERS