ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Donald Trump Jr និយាយថា មិន​បារម្ភ​អំពី​ការជាប់គុក

កូនប្រុស​ច្បង​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump បាន​និយាយថា គាត់​មិន​ព្រួយបារម្ភ​ថា គាត់​អាច​ជាប់គុក​ដោយសារ​តួនាទី​របស់គាត់​នៅក្នុង​ការស៊ើបអង្កេត​រុស្ស៊ី​ទេ ​ប៉ុន្តែ​បាន​លើកឡើងថា ក្រុម​អ្នកស៊ើប​អង្កេត​អាច​ព្យាយាម​បង្កើត “​ផល​លំបាក​ផ្នែក​ច្បាប់​សម្រាប់​គាត់​”​។​

នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍ ABC ដែល​ចាក់ផ្សាយ​កាលពី​ថ្ងៃ​អង្គារ លោក​ក៏បាន​វាយប្រហារ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​ផងដែរ​ដែល​បាន​សរសេរ​អត្ថបទ​វិចារណកថា​ថ្មី​មួយ​ដែល​រៀបរាប់​លម្អិត​ពី​ភាពចលាចល​ក្នុង​សេត​វិមាន​ហើយ​បាន​សារភាពថា ផ្ទៃក្នុង​ដែល​គួរ​ឲ្យ​ទុកចិត្ត​របស់​ប្រធានាធិបតី​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ការបោះពុម្ពផ្សាយ​របស់​អត្ថបទ​វិចារណកថា​នេះ​មក​។​



លោក Trump Jr បាន​ស្ថិតនៅក្រោម​ការពិនិត្យ​ពិច័យ​សម្រាប់​តួនាទី​របស់លោក​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ព័ត៌មាន​កខ្វក់​លើ​លោកស្រី Hillary Clinton ពី​ប្រភព​រុស្ស៊ី​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​រួមទាំង​នៅពេល​លោក​ជួប​ជាមួយ​មេធាវី​រុស្ស៊ី​ដែល​ជាប់ទាក់ទង​ជាមួយ​វិមាន​ក្រឹម​ឡាំង​ម្នាក់​និង​មន្ត្រី​យុទ្ធនាការ​របស់លោក Trump ផ្សេងទៀត​ផងដែរ​នៅ​ខែមិថុនា​ឆ្នាំ​២០១៦​ក្នុង​អគារ Trump Tower ។​

នៅពេល​សួរ​ក្នុង​កម្មវិធី “Good Morning America” របស់​ទូរទស្សន៍ ABC ថា​តើ លោក​ភ័យខ្លាច​ថា​លោក​មាន​គ្រោះថ្នាក់​ខាង​ផ្លូវច្បាប់​ហើយ​អាច​ជាប់គុក​ដែរឬទេ​នោះ លោក Trump Jr បាន​ឆ្លើយថា “​ខ្ញុំ​មិន​ភ័យ​ទេពី​ព្រោះ​ខ្ញុំ​ដឹង​ពីអ្វី​ដែល​ខ្ញុំ​បានធ្វើ​ហើយ​ខ្ញុំ​មិន​ព្រួយបារម្ភ​អំពី​រឿង​ណាមួយ​នោះទេ​”​។​

កាលពី​ឆ្នាំមុន លោក Trump Jr បាន​បញ្ចេញ​អ៊ី​ម៉ែ​ល​មួយចំនួន​ដែល​រួមមាន​ទាំង​សារ​ឆ្នាំ​២០១៦ អំពី​ព័ត៌មាន​ស្នើសុំ​ធ្វើ​អន្តរាគមន៍​ជួយ​បំផ្លាញ​លោកស្រី Hillary និង​ជួយ​លោក Trump ក្នុង​យុទ្ធនាការ​របស់គាត់​ផងដែរ​។​

កូនប្រុស​របស់លោក Trump រូបនេះ​ត្រូវបាន​ចោទសួរ​យ៉ាងយូរ​ដោយ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ដែលជា​ក្រុមប្រឹក្សា​សភា​មួយ​ដែល​កំពុង​ពិនិត្យ​មើលថា​តើ​បណ្តា​សមាជិក​នៃ​យុទ្ធនាការ​របស់លោក Trump បាន​ឃុបឃិត​ជាមួយ​មន្ត្រី​រុស្ស៊ី​ដើម្បី​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៦​ដែរ​ឬក៏​អត់​។​

អតីត​សហការី​របស់លោក Trump មួយចំនួន​ត្រូវបាន​សួរចម្លើយ​ឬ​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋអាជ្ញា​ពិសេស​លោក Robert Mueller ហើយ​បាន​សារភាព​កំហុស​ចំពោះ​ឧក្រិដ្ឋកម្ម​នានា​រួមទាំង​ការរំលោភបំពាន​ផ្នែក​ហិរញ្ញវត្ថុ​យុទ្ធនាការ​ផងដែរ​៕ AFP