ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​កោសល្យវិច័យ​ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​តវ៉ា​របស់​សិស្ស​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៨

ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្កើត​គណៈកម្មការ​កោសល្យវិច័យ​មួយ​ដើម្បី​ដោះស្រាយ​ពាក្យបណ្តឹង​តវ៉ា​របស់​សិស្ស​ប្រលង​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ ​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​អាច​ទទួលយក​លទ្ធផល​ប្រឡង​បាន​ទាំងអស់គ្នា​។​

លោក ឌី​ខាំ បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា ​គណៈកម្មកា​រ​កោសល្យវិច័យ​នេះ​មាន​លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​ធ្វើជា​ប្រធាន​និង​មាន​តួនាទី​ទទួល​និង​ដោះស្រាយ​រាល់​ពាក្យបណ្តឹង​របស់​សិស្ស​ដែល​មិន​សុខចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​ឆ្នាំ​២០១៨​នេះ ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន។

ការបង្កើត​គណៈកម្មកា​រ​កោសល្យវិច័យ​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​សិស្ស​ប្រឡង​បាក់​ឌុប​មួយចំនួន​ទៅលើ​លទ្ធផល​ប្រឡង​ពិសេស​ទាក់ទង​ទៅ​នឹង​មុខវិជ្ជា​មួយចំនួន​ដូចជា​គណិតវិទ្យា​ឬ​គីមីវិទ្យា​ជាដើម។

លោក ឌី​ខាំ បូ​លី បាន​បន្តទៀត​ថា​ ចាប់តាំងពី​ថ្ងៃទី​១០​រហូតមកដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា​ឆ្នាំ​២០១៨ ​ក្រសួង​បានទទួល​ពាក្យបណ្តឹង​ពី​សិស្ស​នៅ​ទូទាំងប្រទេស​ចំនួន​៥០០​បណ្តឹង​ក្នុងនោះ​បណ្តឹង​ទាក់ទង​នឹង​មុខវិជ្ជា​គណិតវិទ្យា​មាន​ច្រើន​ជាងគេ​បន្ទាប់មក​មាន​បណ្តឹង​មុខវិជ្ជា​គីមីវិទ្យា អក្សរសាស្ត្រ​ខ្មែរ​និង​មុខវិជ្ជា​ជីវវិទ្យា​។​

លោក ឌី​ខាំ បូ​លី​បាន​ជំរុញ​ឲ្យ​សិស្ស​ដែល​មិន​សុខ​ចិត្តនឹង​លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​ត្រូវ​រៀបចំ​ពាក្យបណ្តឹង​ឲ្យ​បាន​ត្រឹមត្រូវ​ដូចជា​បញ្ជាក់​អត្តសញ្ញាណ ឈ្មោះ មណ្ឌល​ប្រឡង​និង​ភា្ជ​ប់​ជាមួយ​កម្មវត្ថុ​នៃ​ការប្តឹង​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ងាយស្រួល​ឲ្យ​គណៈកម្មការ​កោសល្យវិច័យ​ដោះស្រាយបាន​លឿន​ព្រោះថា​តាមច្បាប់​ក្រសួង​ទុកពេល​ឲ្យ​សិស្ស​ប្តឹងតវ៉ា​ចំពោះ​លទ្ធផល​ប្រឡង​រយៈពេល​១​ខែ​ បន្ទាប់ពី​ប្រកាស​លទ្ធផល​ប្រឡង​ជា​ផ្លូវការ​។​

លោក​បាន​បញ្ជាក់ថា​ ការប្តឹងតវ៉ា​របស់​សិស្ស​ចំពោះ​លទ្ធផល​ប្រឡង​នេះ​មិនមែនជា​លើ ក​ទី​១​នោះទេ​គឺមាន​យូរ​ហើយ​គ្រាន់តែ​នៅ​ឆ្នាំនេះ​មានកា​បណ្តឹងតវ៉ា​ច្រើនជាង​ឆ្នាំមុនៗ​ប៉ុណ្ណោះ​។​

លោក​បាន​បន្ថែមទៀតថា ​គណៈកម្មការ​កោសល្យវិច័យ​នឹង​ខិតខំ​ដោះស្រាយ​បណ្តឹង​របស់​សិស្ស​ជា​បណ្តើរៗ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​នេះ​តទៅ​រហូតដល់​ដោះស្រាយ​ចប់​។​

យុវ​សិស្ស ឆាយ លី​អាន បេក្ខជន​មកពី​ខេត្តកំពត​ធ្លាប់​ទទួលបាន​មេដាយមាស ទូទាំងប្រទេស​ឆ្នាំ​២០១៨​និង​ទទួលបាន​និទ្ទេស D​លើ​ពិន្ទុ​រួម និទ្ទេស A បី​មុខវិជ្ជា​និង B បី​មុខវិជ្ជា​បាន​អះអាង​ថា ​ខ្លួន​ជា​សិស្ស​ពូកែ​ធ្លាប់​ជាប់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំ​រិ​ទ្ធិ​លើ​វិញ្ញាសា​គណិតវិទ្យា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ប៉ុន្តែ​បែរជា​ធ្លាក់​គណិតវិទ្យា​ទៅវិញ​។

យុវ​សិស្ស ឆាយ លី​អាន បាន​សំណូមពរ​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​ដើម្បី​បានដាក់​ពាក្យ​សិក្សា​បន្ត​នៅតាម​មហាវិទ្យាល័យ​នានា​។​

គួរ​បញ្ជាក់ថា ​តាម​លទ្ធផល​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​បេក្ខជន​ប្រឡង​ជាប់ សរុប​ចំនួន​៧៥ ០៥៩ នាក់ ស្មើនឹង ៦៦. ២១% ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រឡង​សរុប​ជាង​១១​ម៉ឺន​ក្នុងនោះ​មាន​បេក្ខជន​ជាប់​និទ្ទេស A ចំនួន​២៩០​នាក់៕