ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមគ្រួសារ​ម៉ិ​ក​ស៊ិ​ក ​កំពុង​ស្វែងរក​អដ្ឋិធាតុ​យក​ចេញពី​ផ្លូវ​អាថ៌កំបាំង​សម្រាប់​កូនៗ ​ដែល​បាត់​ខ្លួន

ក្រុមគ្រួសារ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​កន្លែង​ដាក់​សព​ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ស្វែងរក​តាម​អដ្ឋិធាតុ​នៃ​សាកសព​ជាង​១៥០​នាក់​ ដែល​ត្រូវបាន​គេ​រកឃើញ​នៅឯ​ផ្នូរ​នានា​ក្នុង​រដ្ឋ Veracruz ភាគខាងត្បូង​។

ក្រុមគ្រួសារ​ទាំងនោះ​កំពុង​ស្វែងរក​ដានដែល​អាច​កំណត់​អត្តសញ្ញាណ​កូនៗ​និង​បងប្អូន​ដែល​បាន​បាត់​ខ្លួន​តាំងពី​យូរយារ​ណាស់​មកហើយ​។​អ្នកស្រី Paloma Martinez បាន​និយាយ​ពី​បងស្រី​របស់​នាង​ដែល​បាន​បាត់​ខ្លួន​អស់​រយៈពេល​២​ឆ្នាំ​មកហើយ​ថា “​យើង​នៅតែ​សង្ឃឹមថា យើង​អាច​រកឃើញ​នាង​។ ម្តាយ​ខ្ញុំ​និង​ខ្ញុំ​នៅទីនេះ​ដើម្បី​រកមើល​ថា​តើ​មាន​អត្តសញ្ញាណប័ណ្ណ​ឬ​សំលៀកបំពាក់​ឬអ្វី​មួយ​ដែល​បង្ហាញ​យើង​ថា​នាង​នៅទីនេះ​ដែរ​ឬក៏​អត់​”​។​អគ្គ​រដ្ឋអាជ្ញា​របស់រ​ដ្ឋ Veracruz បាន​និយាយថា ក្រុម​អ្នកស៊ើប​អង្កេត​បាន​រក​ឃើញ​លលាដ៍ក្បាល​ចំនួន​១៦៦​នៅក្នុង​ផ្នូរ​ចំនួន​៣២​កាលពី​សប្ដាហ៍​មុន​ដោយ​ទទួលបាន​ព័ត៌មាន​ពី​អ្នក​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​។ អគ្គ​រដ្ឋអាជ្ញា​បាន​បន្ថែមថា សាកសព​ទាំងនោះ​ទំនងជា​ត្រូវគេ​បោះចោល​មិន​ដល់​ពីរ​ឆ្នាំ​ទេ​។​

ការិយាល័យ​ស៊ើបអង្កេត​ជាន់ខ្ពស់​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​នៅពេល​បង្ហាញ​រូបថត​នៃ​ការរកឃើញ​ផ្នូរ​ទាំងនេះ​ទៅ​គ្រួសារ​នៃ​អ្នក​បាត់​ខ្លួន​ថា ការស៊ើបអង្កេត​បន្ថែម​ទៀត​បាន​បង្ហាញថា អដ្ឋិធាតុ​ទាំងនោះ​ជា​របស់​សាកសព​យ៉ាងតិច​១៧៤​នាក់​។​បទឧក្រិដ្ឋ​ដ៏​សាហាវឃោរឃៅ​បាន​ញាំញី​អស់​រយៈពេល​ជា​យូរ​មកហើយ​នៅ​រដ្ឋ Veracruz ដែលជា​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមជើងកាង​គ្រឿងញៀន​ក្នុង​បញ្ជូន​គ្រឿងញៀន​នៅ​ភាគ​ខាងជើង​ឆ្ពោះទៅ​សហរដ្ឋអាមេរិក​។​

កាលពី​ឆ្នាំមុន អាជ្ញាធរ​បាន​រកឃើញ​លលាដ៍ក្បាល​ជាង​២៥០​នៅក្នុង​ផ្នូរ​នៃ​រដ្ឋ Veracruz ដែលជា​រដ្ឋ​សម្បូរ​ប្រេង​មួយ​លើ​ឆ្នេរ​ឈូង​សមុទ្រ​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

សាកសព​រាប់រយ​នាក់​នៅក្នុង​ផ្នូរ​ក៏ត្រូវ​បាន​គេ​រកឃើញ​ផងដែរ​នៅក្នុង​រដ្ឋ​ជាច្រើន​ទៀត​ដូចជា Tamaulipas, Durango និង Morelos អំឡុងពេល​សង្គ្រាម​គ្រឿងញៀន​រយៈពេល​មួយ​ទសវត្ស​ដែល​ដឹកនាំ​ដោយ​ពួកយោធា​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​គ្រឿងញៀន​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​សង្គ្រាម​បង្ហូរឈាម​៕ REUTERS