ព័ត៍មានទាន់​ហេតុការណ៏
Search

រន្ទះបាញ់​សម្លាប់​មនុស្ស​ និង​របួសធ្ងន់ ​នៅ​ស្រុក​ភ្នំក្រវាញ​ទៀតហើយ

ពោធិ៍សាត់​ ៖​ ​រន្ទះ​ បាន​បាញ់​សម្លាប់​​​​​មនុស្ស​ម្នាក់ ​និង​របួសធ្ងន់​២​នាក់ ​​ត្រូវជា​កូន​និង​ក្មួយ​យ៉ាង​តក់ស្លុត​ ពេល​​​​​ជិះ​ម៉ូតូឌុប​គ្នា ​ក្រោម​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង។

គ្រោះធម្មជាតិ​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៨ នៅត្រង់ចំណុច​វ​ល្លិ៍​ប្រេង ស្ថិត​ក្នុងភូមិ អូរ​ព្រាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។​

នគរបាល​ប៉ុស្តិ៍​ឃុំ​សំរោង​ប្រាប់ថា ជនរងគ្រោះ​ទាំង​៣​នោះ ទី​១ ឈ្មោះ សួន ស្រី​នេត្រ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ (​ស្លាប់​) ២ ឈ្មោះ លាង ផាន់​ណា ភេទ​ប្រុស អាយុ ៣​ឆ្នាំ រស់ (​របួសធ្ងន់​)​ត្រូវជា​កូន​ស្ត្រី​រងគ្រោះ​ និង​ទី​៣ ឈ្មោះ យ៉ុម លីន​ដា ភេទ​ស្រី អាយុ ៧​ឆ្នាំ (​របួសធ្ងន់​) ត្រូវជា​ក្មួយ​ស្រី​ស្ត្រី​រងគ្រោះ​រស់នៅ​ភូមិ​វាល ឃុំ​សរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោក​បាន​និយាយ​ថា បើ​តាម​សាក្សី​បំភ្លឺ​ពី​ហេតុ​ការណ៍​នេះ ដំបូង​ស្ត្រី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ត្រឡប់​មក​ផ្ទះ​វិញ ដោយមាន​ឌុប កូនប្រុស​អាយុ​៣​ឆ្នាំ​ និង​ក្មួយ​ស្រី​បង្កើត​ខាងក្រោយ​២​នាក់ ពេល​ដែល​ផ្ទៃមេឃ​កំពុង​ធ្លាក់​ភ្លៀង។ ស្រប​ពេល​​​មក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​មាន​រន្ទះ​ធម្មជាតិ​មួយ​បាន​កើតឡើង ​បាញ់​ស្ត្រី រងគ្រោះ​កំពុង​បើក​ម៉ូតូ​នោះ​ស្លាប់​នៅនឹង​កន្លែង ហើយ​កូនប្រុស​អង្គុយ​កណ្ដាល​និង​ក្មួយ​ស្រី​អង្គុយ​ខាងក្រោយ​ជាប់​គ្នា​នោះ បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ។ អ្នក​រង​របួស ត្រូវ​បាន​ជួយសង្គ្រោះ ដោយ​ដឹក​ទៅ​មណ្ឌល​សុខភាព​បង្អែក​នៅ​ស្រុក​ភ្នំក្រវាញ​​ភ្លាមៗ​តែម្ដង។ លោក​បន្ត​ថា ដោយឡែក​ស្ត្រី​ ដែល​ស្លាប់​នៅ​កន្លែងកើតហេតុ ត្រូវបាន​ខាង​ក្រុមគ្រួសារ​យកទៅ​ផ្ទះ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕