ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រេសិត​អង្គការសហប្រជាជាតិ​ធ្វើ​សកម្មភាព​ដើម្បី​ស្រោចស្រង់​កិច្ចពិភាក្សា​យេ​មែន​ឡើងវិញ​

បេសកជន​អង្គការសហប្រជាជាតិ​សម្រាប់​ប្រទេស​យេ​មែន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​នឹង​ព្យាយាម​ស្រោចស្រង់​កិច្ចចរចា​រវាង​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​និង​ក្រុម​ឧទ្ទាម Huthi ឡើងវិញ ​បន្ទាប់ពី​ការប៉ុនប៉ង​លើកដំបូង​សម្រាប់​ការចរចា​ស្តីពី​ការបញ្ចប់​សង្គ្រាម​បានទទួល​បរាជ័យ​។​

កិច្ចប្រជុំ​ដែលមាន​បំណង​រៀបចំ​ការចរចា​សន្តិភាព​ជា​ផ្លូវ​ការគ្រោង​នឹង​ចាប់ផ្តើម​កាលពី​សប្តាហ៍​មុន​នៅ​ក្រុង​ហ្សឺ​ណែវ​ប៉ុន្តែ​ក្រុម Huthi បាន​បដិសេធ​ចាកចេញ​ពី​ទីក្រុង Sanaa ដើម្បី​ចូលរួម​ពិគ្រោះ​យោបល់​រហូតដល់​ការទាមទារ​ជា​បន្តបន្ទាប់​ត្រូវបាន​បំពេញ​។​

បេសកជន​អង្គការសហប្រជាជាតិ​លោក Martin Griffiths បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា លោក​នឹងធ្វើ​ដំណើរ​ទៅ​ទីក្រុង Muscat នៅ​ថ្ងៃ​ពុធ​ហើយ​ក្រោយមក​ទៅ Sanaa និង Riyadh ដើម្បី​ធានា​ឲ្យ​មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ពី​ភាគី​នានា​ដើម្បី​រៀបចំ​ការពិគ្រោះ​យោបល់​ជា​បន្ត​។​

ក្រុម Huthi មិនបាន​ចូលរួម​ការចរចា​នៅ​ទីក្រុង​ហ្សឺ​ណែវ​ទេ​ដោយសារតែ​ការទាមទារ​ទាក់ទង​នឹង​ការជម្លៀស​ពួក​ឧទ្ទាម​ដែល​រងរបួស​ទៅកាន់​ប្រទេស​អូ​ម៉​ង់​និង​ការឆ្លងកាត់​ដោយ​សុវត្ថិភាព​សម្រាប់​ការវិលត្រឡប់​របស់​គ​ណៈ​ប្រតិភូ​ឧទ្ទាម​ទៅកាន់​ទីក្រុង Sanaa វិញ​។​

លោក Griffiths បានស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​គាំទ្រ​ផ្នែក​ការទូត​ថ្មី​របស់គាត់​ដើម្បី​ត្រឡប់​ទៅរក​តុ​ចរចា​វិញ​ជាមួយ​គ្រប់​ល្បឿន​ទាំងអស់​។​
​វា​ជាការ​ប៉ុនប៉ង​លើកដំបូង​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​កោះប្រជុំ​គ្នា​រវាង​ភាគី​សង្គ្រាម​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។​

សង្គ្រាម​នៅ​ប្រទេស​យេ​មែន​បានសម្លាប់​មនុស្ស​ប្រមាណ​១០,០០០​នាក់​និង​បញ្ចេញ​នូវ​អ្វីដែល​អង្គការសហប្រជាជាតិ​ពិពណ៌នា​ថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​។​

ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម Huthi នៅ​ប្រទេស​យេ​ម៉ែន​ចាប់តាំងពី​ឆ្នាំ​២០១៥​មក​ដើម្បី​រុញច្រាន​ពួកគេ​ឲ្យ​ចេញពី​រដ្ឋធានី Sanaa និង​ប្រគល់​អំណាច​ដល់​លោក​ប្រធានាធិបតី Abedrabbo Mansour Hadi វិញ​៕ AFP