ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹក​ម៉ាស៊ីន​បូមទឹក​ ទៅ​បូម​រំដោះ​ទឹក​ទាំងយប់​នៅ​សង្កាត់​និរោធ​

​ភ្នំពេញញ ៖ លោក​ចេង មុនី​រ៉ា​ អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ កាលពី​យប់​ថ្ងៃទី​១១​ខែកញ្ញា​នេះ ​បាន​បញ្ជា​ឲ្យ​ក្រុមការងារ​រួម​ដំណើរ​ជាមួយ​លោក​អភិបាលខណ្ឌ​ដឹក​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​ទៅ​ដាក់​បូម​ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​លិចលង់​ផ្លូវ​និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា ​ទីតាំង​ដែល​លោក​អភិបាល​ដឹក​ម៉ាស៊ីន​បូមទឹក​ដាក់​បូម​ទាំងយប់​នេះ​គឺ​ស្ថិតនៅ​ភូមិ​តាងៅ​កណ្តាល ​សង្កាត់​និរោធ​ ដែល​ទីតាំង​ទីមួយ​ស្ថិតនៅ​ក្រោយ​វត្ត​កំសាន្ត​និង​ទី​២​នៅ​ក្រោយ​បុរី​ហាយ​តិច​២​។​ មូល​ហេតុ ដែល​បណ្តាល​ឲ្យ​ទឹក​ដក់​លើ​ផ្លូវ​នេះ​គឺ​ដោយសារតែ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ខ្ពស់ជាង​ផ្លូវ​និង​លំនៅដ្ឋាន​បងប្អូន​ប្រជាពលរដ្ឋ​ដូច្នេះហើយ​ទើប​បង្ក​ឲ្យ​ទឹកស្អុយ​ហូរ​ចេញពី​លូ​មក​ដក់​លើផ្លូវ​ដែល​ធ្វើ​ឲ្យ​រមាស់​ជើង​និង​ជះ​ក្លិន​ស្អុយ​ទៀតផង​។​

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​បានបញ្ជាក់​ទៀតថា ​ដូច្នេះហើយ​ទើប​នៅ​យប់​ថ្ងៃទី​១១​ខែកញ្ញា​នេះ​លោក​ក៏បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ដល់ទី​តាំង​ដែល​រង​ការ​លិចលង់​និង​ដឹកយក​ម៉ា​ស៊ីន​បូមទឹក​ខ្នាត​ធំ​មក​ដាក់​បូម​ទាំង​២​ទីតាំង​នេះ​ទាំងយប់​ដើម្បី​រំដោះ​ទឹក​ចេញ​កុំ​ឲ្យ​លិចលង់​ផ្លូវ​និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​។​

ចំពោះ​ទីតាំងនៅ​តំបន់​ភូមិ​អូរអណ្តូង​ទី​១​សង្កាត់​ព្រែកប្រា​(​បឹង​ព្រលឹត​)​ដែលជា​រៀងរាល់​ឆ្នាំ​កន្លងមក​តែង​រង​ការ​លិចលង់​ផ្លូវ​និង​ភូមិ​រាប់​ខែ​មក​នោះ ​គឺ​ពេលនេះ​លែង​រង​ការ​លិចលង់​ទៀតហើយ​ដោយសារតែ​លោក​អភិបាលខណ្ឌ​ដឹកយក​គ្រឿងចក្រ​មក​កាយ​ប្រឡាយ​បង្ហូរ​ទៅ​ក្រោម​ទើប​ទឹក​ស្រក​លែង​លិចលង់។

គួរ​បញ្ជាក់​ថា ​បន្ទាប់ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដឹកយក​ម៉ាស៊ី​ន​បូមទឹក​ខ្នាត​ធំ​ដាក់​បូមទឹក​ទាំងយប់​រួចមក ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ក្តីរំភើប​រីករាយ​រក​អ្វី​ប្រៀបផ្ទឹមពុំបាន​ព្រោះ​បាន​លោក​អភិបាលខណ្ឌ​បាន​ចុះជួយ​អន្តរាគមន៍​មក​ប្រជាពលរដ្ឋ​ទាន់ពេល​មិនចាំបាច់​ប្រជាពលរដ្ឋ​ទៅ​ស្នើ​សុំ​៕​