រថយន្តជាជួរបានកកស្ទះតាមផ្លូវចេញពីឆ្នេរសមុទ្រនៃរដ្ឋ South Carolina និង North Carolina កាលពីថ្ងៃអង្គារ ខណៈពេលដែលប្រជាពលរដ្ឋបានចាប់ផ្តើមភៀសខ្លួនមុនពេលការមកដល់នៃព្យុះសង្ឃរា Florence ដែលជាព្យុះប្រភេទ៤ដ៏មានឥទ្ធិពលកំពុងឆ្ពោះទៅរករដ្ឋភាគខាងកើតអាមេរិកទាំងពីរនេះ។
ខណៈដែលអ្នករស់នៅឆ្នេរសមុទ្រជាច្រើនបានធ្វើតាមការបញ្ជាជម្លៀសជាចាំបាច់នោះ អ្នកមួយចំនួនទៀតបានស្នាក់នៅក្នុងផ្ទះនិងធ្វើអាជីវកម្មហើយសម្រេចចិត្តតទល់ជាមួយព្យុះនេះ។
អភិបាលរដ្ឋ North Carolina លោក Roy Cooper បានព្រមានថា ការធ្វើបែបនេះនឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរមួយហើយនិយាយថាពលរដ្ឋនៅក្នុងតំបន់ជម្លៀសចាំបាច់ត្រូវចាកចេញឥឡូវនេះ។
លោក Cooper បានប្រាប់អ្នកយកព័ត៌មានថា “នេះមិនមែនជាព្យុះមួយដែលមនុស្សចាំបាច់ត្រូវគេចវេះទេ។ នេះគឺជាព្យុះជាប្រវតិ្តសាស្ត្រដែលប្រហែលជាមានតែម្តងប៉ុណ្ណោះក្នុងមួយជីវិត”។
យោងតាមមន្ត្រីគ្រប់គ្រងគ្រោះអាសន្នបានឲ្យដឹងថា មនុស្សរហូតដល់១.៧លាននាក់នៅរដ្ឋ North Carolina, South Carolina និង Virginia ត្រូវបានផ្តល់ការបញ្ជាឲ្យជម្លៀសដោយស្ម័គ្រចិត្តឬជាចាំបាច់នៅពេលដែលព្យុះនេះឆ្លងកាត់មហាសមុទ្រអាត្លង់ទិកឆ្ពោះទៅកាន់ឆ្នេរសមុទ្រ។
លោក Jeff Byard ដែលជាអ្នកគ្រប់គ្រងរងសម្រាប់ការឆ្លើយតបនិងការស្តារឡើងវិញនៅឯទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយសហព័ន្ធ (FEMA) បាននិយាយថា “យើងបានជួបប្រទះការកកស្ទះចរាចរយ៉ាងធ្ងន់ធ្ងររួចទៅហើយនៅលើផ្លូវមួយចំនួននៃការជម្លៀស”។
ក្រុមអ្នកព្យាករណ៍បានទស្សន៍ទាយថា ព្យុះ Florence នឹងធ្វើឲ្យមានការបាក់ដីក្នុងរដ្ឋ Carolina ទាំងពីរនៅយប់ថ្ងៃព្រហស្បតិ៍និងព្រឹកថ្ងៃសុក្រក្នុងនាមវានៅតែជាព្យុះប្រភេទ៣។
មជ្ឈមណ្ឌលព្យុះជាតិ (NHC) ដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមីបាននិយាយថា នៅវេលាម៉ោង៨យប់ ព្យុះ Florence នឹងឡើងទៅជាព្យុះប្រភេទ៤ដែលមានខ្យល់បក់ខ្លាំងក្នុងល្បឿន១៤០ម៉ាយល៍ក្នុងមួយម៉ោង។
ស្ថានភាពបន្ទាន់ត្រូវបានប្រកាសនៅក្នុងរដ្ឋ Maryland, North Carolina, South Carolina, Virginia និងទីក្រុងវ៉ាស៊ីនតោនចំពេលមានការព្រួយបារម្ភអំពីភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់។
ពេលចុងក្រោយបំផុតដែលរដ្ឋធានីរបស់អាមេរិកបានប្រកាសភាពអាសន្នគឺក្នុងខែមករាឆ្នាំ២០១៦នៅពេលដែលព្យុះត្រូពិក “Snowzilla” គ្របដណ្តប់រដ្ឋធានី៕ AFP