ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​អង្គភាព​ចំនួន​៤ ចុះទៅ​កាន់​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ជួយ​បង្ក្រាប​បទល្មើស

ភ្នំពេញ​ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​នាយករដ្ឋមន្ត្រី​ស​ស្តីទី​បាន​បញ្ជា​ឲ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួងមហាផ្ទៃ ដែល​រួមមាន អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគរបាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​អ្នក​ច្បាប់​របស់​ក្រសួង ចុះទៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​។

ការ​ដាក់​បញ្ជា​របស់​ស​ម្ដេច​ក្រឡាហោម ស ខេង បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ក្នុង​ឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ និង​បន្ទាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មានការ​កើនឡើង​នូវ​ជន​ជាតិចិន​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បទល្មើស​បាន​កើត​ឡើងជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​។

តាម​សម្ដេច​ក្រឡាហោម ស ខេង បច្ចុប្បន្ន​នៅ​ខេត្ត​ព្រះសីហនុ កំពុង​តែ​មាន​សកម្មភាព​ជួញដូរ និង​ការ​អភិវឌ្ឍ ហើយក៏​មាន​ភ្ញៀវ​ទេសចរណ៍​ច្រើន​ដែរ ហើយ​រយៈពេល​ខ្លី​ចុងក្រោយ​នេះ ភ្ញៀវទេសចរ​បាន​សម្រុក​ទៅលេង​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន ជាពិសេស​ជនបរទេស ក្នុងនោះ​គឺ​ជនជាតិ​ចិន​តែម្តង​។

សម្ដេច ស ខេង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ឥឡូវនេះ​នៅ​ខេត្ត​ព្រះសីហនុ កំពុង​តែ​មាន​សកម្មភាព​វិនិយោគ និង​ការអភិវឌ្ឍ​ន៍ ហើយ​ក៏​មាន​ភ្ញៀវទេសចរ​ណ៍​ជាច្រើន​នៅ​ទីនោះ​។ និយាយ​រួម​គឺថា មក​ដោយ​គំហុក​តែម្តង ដែល​ចំនួន​មកដល់ពេលនេះ មិនតិច​ជាង​៧​ម៉ឺន​នាក់​នោះ​ទេ នៅ​ខេត្ត​ព្រះសីហនុ​…​វា​ធម្មតា​ទេ ជនជាតិ​ណាក៏ដោយ វា​តែង​មាន​អ្នក​ល្អ និង​អ្នក​មិនល្អ ហើយ​ក្នុងពេលដែល​ខេត្ត​ព្រះសីហនុ​មិនទាន់បាន​រៀបចំខ្លួន​ឲ្យ​បាន​សម​ស្របតាម​ការវិវឌ្ឍន៍​នេះ ចឹ​ង​ហើយ​វា​កើនឡើង​នូវ​បញ្ហា​មួយចំនួន ដូចជា​បទ​ល្មើ​ស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន បញ្ហា​បរិស្ថាន អនាម័យ ដែល​យើង​បារម្ភ​បំផុត​ខ្លាច​ថា ទឹកសមុទ្រ​ដែល​កំពុងតែ​ជាទី​ពេញនិយម​ប្រជាពលរដ្ឋ​កម្ពុជា និង​អន្តរជាតិ ដែល​កោត​សរសើរ​ថា​ល្អ​នោះ បើសិនជា​យើង​មិនបាន​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាច​ធ្វើ​ឲ្យ​ទឹកសមុទ្រ​នេះ ក្លាយ​ទៅជា​ទឹកសមុទ្រ ដែល​ប្រើ​លែងកើត​”​។

សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់​ទៀត​ថា ក្នុង​តួនាទី​ក្រសួងមហាផ្ទៃ​យើង​បាន​ចាត់​ស្នើ​ឲ្យ​មាន​ក្រុមការងារ ដើម្បី​ចុះ​ស្រាវជ្រាវ នៅ​ខេត្ត​ព្រះសីហនុ​នេះ​។ ជា​មួយ​គ្នា​នេះ ក៏​មាន​ការ​អំពាវនាវ​ពី​អន្តរក្រសួង ដោយ​ស្នើ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ឯកភាព​ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​-​ស្ថាប័ន​នីមួយៗ ធ្វើតាម​តួនាទី​ភារកិច្ច របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​មិនទាន់​ដឹង​ថា ក្រសួង​ណាខ្លះ​បាន​ធ្វើ ហើយ​ក្រសួង​ណាខ្លះ​មិនបាន​ធ្វើ​នោះ​ទេ​។ សម្រាប់​ក្រសួងមហាផ្ទៃ ដែល​មាន​ការទទួលខុសត្រូវ​ច្រើន “​បាន​ស្នើ​ថា យើង​នឹង​រៀបចំ​ក្រុមការងារ​ស្រាល​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ក្នុង​នោះ ខ្ញុំ​គិតថា​មាន​អគ្គនាយកដ្ឋាន​៤ ដែល​ដើរតួ អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុម​អ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ ក្រុម​ប្រតិបត្តិការ ឬក៏​ក្រុមគាំទ្រ ប៉ុន្តែ​មិនមែន​ថា​ក្រុមគាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ទេ ក៏ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ នូវ​បញ្ហា​ទាំងឡាយ​ណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព រាល់​ទាំង​ការ​បង្ក្រាប​បទល្មើស ទៅនោះ​ផង​”​។

សូម​បញ្ជាក់​ថា នៅ​ខេត្ត​ព្រះសីហនុ នាពេល​ចុង​ក្រោយនេះ មាន​បទល្មើស​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​ក្នុងនោះ​មាន​ការចាប់​បង្ខាំង​ជន​ជាតិចិន​ដូចគ្នា​ធ្វើ​ទារុណកម្ម​ផងដែរ តែ​ត្រូវបាន​កម្លាំង​នគរបាល​បង្ក្រាប​ទាន់​ពេលវេលា​៕