ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ថ្កោលទោស​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក

កាលពី​ថ្ងៃ​ពុធ អ្នកការទូត​ជាន់ខ្ពស់​រុស្ស៊ី​លោក Sergei Lavrov បាន​ថ្កោលទោស​ចំពោះ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ដែល​ជំរុញ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​ដោយ​ចោទប្រកាន់​ក្រុង​វ៉ាស៊ីនតោន​អំពី​ការដាក់ទណ្ឌកម្ម​មុនពេល​ចូលដល់​ការចរចា។

ក្រុង​មូ​ស្គូ​បាន​ប្រឈម​នឹង​វិធានការ​ដាក់ទណ្ឌកម្ម​ដ៏​ឃោរឃៅ​កាន់តែខ្លាំង​ឡើង​ចាប់តាំងពី​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច​និង​ទីក្រុង​គៀវ​មានការ​ខឹងសម្បា​ដោយសារតែ​ការ​កាត់​យក​ឧបទ្វីប Crimea ក្នុង​ឆ្នាំ​២០១៤​និង​ការគាំទ្រ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​។​

នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​ថ្មីៗ​ជុំវិញ​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​និង​ការបំពុល​អតីត​ចារកម្ម​អង់គ្លេស​។​

លោក Lavrov ប្រាប់​អ្នកការទូត​វ័យក្មេង​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​មួយ​នៅ​ទីក្រុង វ្ល៉ា​ឌី​វ៉ូ​ស្តុក ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​ថា “​ក្នុងករណី​ភាគច្រើន សហរដ្ឋអាមេរិក​គ្មាន​ឆន្ទៈ​ក្នុង​ការចរចា​ទេ​”​។

លោក​និយាយថា “​ដំបូង​ពួកគេ​ប្រកាស​ទណ្ឌកម្ម បន្ទាប់មក​ទណ្ឌកម្ម​ទៀ​ត​ហើយ​ក្រោយពី​នោះ​ពួកគេ​បើក​ការពិភាក្សា​”​។ លោក​បាន​ព្រមាន​ថា គោលនយោបាយ​បែបនេះ​ទំនងជា​មិន​នាំ​ឲ្យ​មាន​ជោគជ័យ​យូរអង្វែង​ទេ​។​

រដ្ឋមន្ត្រីការបរទេស​រូបនេះ​បាន​និយាយថា គាត់​មិនមែន​សំដៅ​តែ​លើ​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថា គំរូ​នេះ​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ​ផងដែរ​នៅក្នុង​ការដោះស្រាយ​របស់​អាមេរិក​ជាមួយ​កូរ៉េខាងជើង សហភាព​អឺរ៉ុប​និង​ចិន​។​

កាលពី​ខែ​មុន ក្រុង​វ៉ាស៊ីនតោន​បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​ការប៉ុនប៉ង​ធ្វើឃាត​អតីត​ភ្នាក់ងារ​ចារកម្ម​លោក Sergei Skripal និង​កូនស្រី​របស់គាត់​នៅ​ចក្រភព​អង់គ្លេស​ដោយ​ប្រើ​ភ្នាក់ងារ​បំផ្លាញ​សរសៃប្រសាទ​ដ៏​សាហាវ​។​

ការអត្ថាធិប្បាយ​របស់​លោក Lavrov ក៏បាន​កើតឡើង​ផងដែរ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​ចាប់​ផ្តើមធ្វើ​សមយុទ្ធ​យោធា​ធំ​បំផុត​មិន​ធ្លាប់មាន​ដែលមាន​កងទ័ព​រាប់សែន​នាក់​បាន​ចូលរួម​ជាមួយ​ទាហាន​ចិន​នៅក្នុង​អ្វីដែល​អង្គការ​ណា​តូ​ហៅថា​ជាការ​ហាត់​សម​សម្រាប់​ជម្លោះ​ទ្រង់ទ្រាយ​ធំ​៕ AFP