ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​តែងតាំង​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ម្នាក់​រួម​នឹង​មន្ត្រី​៨​នាក់​ទៀត​ក្នុង​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ

ភ្នំពេញ​ ៖​ លោកស្រី​តិ​មា វិច្ឆិកា​ល នាយករង​ទីចាត់ការ ផែនការ​និង​វិនិយោគ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​ក្នុង​នោះ​មន្ត្រី​៨​នាក់​ទៀត​ក៏​ត្រូវ​បាន​ប្រកាស​ជា​អនុប្រធាន​ទី​ចាត់​និង​អនុ​អង្គភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផងដែរ​។

ការប្រកាស​តែងតាំង​នេះ​ បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១២ កញ្ញា ២០១៨​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អភិបាលខណ្ឌ​ទាំង​១២ និង​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ចំនួន​រាប់សិប​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រាជ​ធានី​ភ្នំពេញ​នោះ អង្គប្រជុំ​បាន​លើក​ឡើង​ពី​របាយការណ៍​ការ​ស្តី​ពី​ការរៀបចំ​សណ្តាប់​ធ្នាប់​នៅ​រាជធានី​ភ្នំពេញ ការរៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ទីផ្សារ ពិសេស​នៅ ផ្សារ​ដើម​គរ និង​ការរៀបចំ​សណ្តាប់​ធ្នាប់​ផ្លូវ​១១​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ​។ របាយការណ៍​ការ​ស្តី​ពី​ការងារ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ការងារ​ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ​និង​សារធាតុ​ញៀន ដែល​អនុវត្ត​នៅ​ទូទាំង​១២​ខណ្ឌ​ក្នុង​រាជធានី​ភ្នំពេញ។

របាយការណ៍​សកម្មភាព​របស់​អតីត​សកម្មជន​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​មូលដ្ឋាន​នីមួយៗ​។ របាយការណ៍​ស្តី​ពី​ការងារ​ចុះ​កិច្ច​សន្យា​ជាមួយ​ម្ចាស់​ក្លឹប​កំសាន្ត អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ​និង​ការ​លុបបំបាត់​ការប្រើប្រាស់ ការ​ជួញដូរ​ចែកចាយ​គ្រឿងញៀន​៕