ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ក្របួច​បាន​ខ្លួន​ជនសង្ស័យ​២​នាក់ ប្លន់​ម៉ូតូ​ពី​ក្រុងភ្នំពេញ​យក​មក​លាក់​ទុក​នៅក្នុង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ​៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង ចាប់​ឃាត់ខ្លួន ក្រោយ​ពេល​ដែល​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ម៉ូតូ​យក​ពី​ភ្នំពេញ មក​លាក់​ទុក​នៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

ការ​ចាប់ខ្លួន​ជន​ខាងលើ​នេះ​ បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិសាស្ត្រ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​នេះ ១.​ឈ្មោះ លី សុខ​ហេង អាយុ ៣១​ឆ្នាំ ភេទ​ប្រុស រស់នៅ ច្រាំង​ចំរេះ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ទី​២​ឈ្មោះ រូ ម៉ៅ​ជួប អាយុ​១៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​បាន​ស្រាវជ្រាវ​ទៅតាម​ជំនាញ​រួចមក​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ខេត្តកំពង់ឆ្នាំង បើក​កិច្ចប្រតិបត្តិការ​រកឃើញ ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​យកមក​សម្ងំ​លាក់ខ្លួន​ក្នុង​មូលដ្ឋាន​នេះ។ ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​មុខ​ម៉ូតូ​ហុងដា​សេ​១២៥ មួយ​គ្រឿង ជា​វត្ថុ​តាង ដែល​ជនសង្ស័យ​ទាំង​២​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​យកមក​ពី​ក្រុងភ្នំពេញ។

ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​នគ​បាល​កសាង​សំណុំរឿង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី បាន​ចាត់ការ​តាមផ្លូវ​ច្បាប់​៕