ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុ​ជាមាន​រោងចក្រ​ ផលិតផល​បេតុង​តាម​ស្តង់ដារ​ ប្រទេស​បា​រាំងជា​លើកដំបូង

ភ្នំពេញ​ ៖​ ស្រប​ពេល​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​ កាន់តែ​មានការ​រីក​ដុះដាល​ជា​លំដាប់​នោះ​ក្រុមហ៊ុន BE TO N BLOCK & PAVE គឺជា​ក្រុមហ៊ុន​ដ៏​ថ្មី​បំផុត​របស់ CTS Group បាន​បង្កើត​រោងចក្រ​ថ្មី​មួយ​ស្ថិតនៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ផលិត​ឥដ្ឋ​ទំនើប​ចុងក្រោយ​មួយ​របស់​ប្រទេស​បារាំង ក្នុង​ការផលិត ផលិតផល​បេតុង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

ផលិតផល​ទាំងនេះ​ ត្រូវ​បាន​ក្រុមហ៊ុន​យក​មក​ចូលរួម​ដាក់​តាំង​បង្ហាញ​ជួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ពិព័រណ៍ វិស័យ​ស្ថាបត្យកម្ម​អគារ​និង​សំណង់​អន្តរជាតិ​ធំ​ជាង​គេ​បំផុត ឆ្នាំ២០១៨ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។

ថ្លែង​នៅក្នុង​ស្តង់​ពិព័រណ៍ លោក បាក់ លាង​ហេង នាយក​ក្រុមហ៊ុន Beton Block &Pave»​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បេតុង​ប្លុក​&​ភើ​វ «Beton Block &Pave»​មាន​សំភារៈ​សំណង់​ចំនួន​៦​ប្រភេទ​មាន​អិដ្ឋ​ស៊ីម៉ង់ ចិញ្ចើមថ្នល់ សសរ ​និង ​ការ៉ូ​ដែល​ផលិត​ឡើង​តាម​ស្តង់ដារ​ប្រទេស​បារាំង ហើយ​គិតគូរ​ពី​បញ្ហា បរិស្ថាន​ជា​ចម្បង ដើម្បី​ធានា​ឲ្យ​សំណង់​នៅ​កម្ពុ​ជា​មាន​គុណភាព​ប្រើប្រាស់​បាន​យូរ​អង្វែង រួម​ទាំង​ឆ្លើយតប​ទៅ​នឹង​គោលការណ៍​ទីក្រុង​វៃឆ្លាត​របស់​រាជរដ្ឋាភិបាល។

លោក​បាន​បន្ត​ទៀត​ថា ​«​ផលិតផល​របស់​យើងខ្ញុំ ផលិត​ឡើង​ស្របតាម​ស្តង់ដារ​អន្តរជាតិ ហើយ​គោលដៅ​របស់​យើងខ្ញុំ​គឺ​នាំ​យក​នូវ​សម្ភារៈ​សំណង់ និង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ដូចជា​ពេលវេលា កម្លាំង​ពលកម្ម និង​សុវត្ថិភាព​»​។

លោក​បាន​បន្ថែម​ថា ​«​យើង​មាន​ភាព​ជឿជាក់​លើ​ផលិតផល​របស់​យើង​ណាស់ ព្រោះ​វា​មានគុណ​ខ្ពស់​និង​ផលិត​តាម​ស្តង់ដារ​អន្តរជាតិ​។ ហើយ​ឥដ្ឋ​របស់​យើង​គឺ​មាន​តម្លៃ​សមរម្យ និង​សាងសង់​លឿន​ជាង​ឥដ្ឋ​ធម្មតា​»។

ក្រុមហ៊ុន BETON BLOCK & PAVE គឺជា​ក្រុមហ៊ុន​ទី​៨​របស់ CTS Group ដែល​មាន​ការ​វិនិយោគ​ធំៗ​ចំនួន​៥​ទៅលើ​បណ្តា​ក្រុមហ៊ុន​ចំនួន​៨​ដែល​មាន​ដូចជា Power Equipment, SCPC Automation, Phnom Penh Precast Plant, Urban Architecture, Phnom Penh Precast Construction និង Pex Pipes, Beton Block &PAVE​។ ហើយ CTS Group គឺជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​សម្រាប់​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ដែល​ស្របតាម​តម្រូវការ​របស់​អតិថិជន​។

ក្រុមហ៊ុន BETON BLOCK & PAVE បាន​ចាប់ដៃ​គូរ​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ល្បីៗ​ជាច្រើន​ដូចជា ក្រុមហ៊ុន Vinci Construction (airport) និង​SOMA Construction ដែល​បាន​ផ្គត់ផ្គង់​ឥដ្ឋ​បេតុង​ដើម្បី​សាងសង់​ខុន​ដូ រោងចក្រ ធនាគារ​អេស៊ីលីដា រោងចក្រ Heineken និង​សំណង់​ជាច្រើន​ទៀត​៕