ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​២០០​គ្រួសារ រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ខាតបង់​ពុំបាន​ប្រកប​របរ​រក​ស៊ី​ឡើយ

ភ្នំពេញ ៖ ទឹកជំនន់​បាន​ហូរ​លេប​ត្របាក់​លំនៅឋាន​ប្រជាពលរដ្ឋ​ន​ចំនួន​៥០០​គ្រួសារ ហើយ​ប្រជាជន​ដែល​រងគ្រោះ​ពី​ទឹកជំនន់​នេះ ​មាន​ចំនួន​២០០​គ្រួសារ​រង​ផល​ប៉ះពាល់ ហើយ​៥០​គ្រួសារ​ទៀត​បាន​បាត់បង់​ផ្ទះសម្បែង​គ្មាន​ជម្រក​ស្នាក់នៅ​ផង​ដែរ​។

​ហេតុការណ៍​ផ្ដើម​ចេញ​ពី​ការ​រង​គ្រោះ​ទឹកជំនន់​មក​ញាំញី​នេះ​ ធ្វើ​ឲ្យ​ប្រជាជន​២០០​គ្រួសារ​កំពុង​ជួប​ផលវិបាក​ដោយសារ​ទឹកជំនន់​លិចលង់ ហើយ​ប្រជាជន​៥០​គ្រួសារ​ទៀត​បាន​រង​ការបាត់បង់​ផ្ទះសម្បែង លិចលង់​គ្មាន​សល់ ហើយ​បាន​រង​ផល​ប៉ះពាល់​ដល់​ផលដំណាំ ស្រែ​ចំការ សត្វពាហនៈ ដែល​កើតឡើង​នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ព្រៃ​ក្មេង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល។

ព្រះ​ភិក្ខុ​ប៉ាន់ ឈុន គង់ នៅ​វត្ដ​បទុម​វ​តី មេ​កុដិ​២២ ជំនួញ​ការ​ទូទៅ​សមាគម​ព្រះពុទ្ធសាសនា​ជួយសង្គ្រោះ​ខ្មែរ មាន​សង្ឃ​ដិ​កា​ថា ទឹកជំនន់​កាល​ពុំ​ទាន់​ឡើង​ប្រជាជន​នៅ​ភូមិ​ព្រៃ​ក្មេង ឃុំ​ព្រៃ​ក្មេង ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​នេះ ពួកគាត់​អាស្រ័យ​ផល​ធ្វើ​ស្រែ​ចំការ ដក​ស្ទូង ស៊ីឈ្នួល ព្រួស​ស្រូវ បាច​ជីរ​ឲ្យ​គេ ដកស្មៅ​ក្នុង​ស្រែ បើ​អ្នកមាន​ទូក​គឺ​ទៅ​នេសាទ​រក​ត្រី​ក្នុង​បឹង ឬ​ទន្លេ​។ ព្រះអង្គ​បន្ដ​សង្ឃដីកា​ថា តែ​ពេល​ដែល​ទឹក​លិច​ភូមិ​បែបនេះ បាន​ធ្វើ​ឲ្យ​ពួកគាត់​រង​ផល​ប៉ះពាល់​ច្រើន​ផ្នែក​សេដ្ឋកិច្ច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ហើយ​ទឹក​លិច​នេះ​មិនមែន​តែ​១​ខែ​ទេ អាច​លិច​បន្ដ​ដល់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។ ព្រះអង្គ​បន្ដ​សង្ឃ​ដីកា​ទៀត​ថា ក្នុងចំណោម​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ទឹក​លិច​នោះ​គឺ​មាន​ប្រជាជន​៥០​គ្រួសារ​ដែល​កំពុង​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​ពួកគាត់​ត្រូវ​បាត់បង់​ផ្ទះសម្បែង ព្រោះ​ទឹក​លិច​ជិត​ដំបូលផ្ទះ​ទៅ​ហើយ ដូច្នេះ​ពួកគាត់​ត្រូវ​ជួប​ទុក្ខ​លំបាក​យ៉ាងធ្ងន់ធ្ងរ​បំផុត។

ដូច្នេះ​មានតែ​ការ​ជួយ​សម្រួល​ដល់​ការ​លំបាក​ដែល​ប្រជាជន​ខ្មែរ​កំពុង​ជួបប្រទះ​នូវ​ផលវិបាក​បែបនេះ ទើប​ភិក្ខុ ប៉ាន់ ឈុន មេ​កុដិ​លេខ​២២ វត្ដ​បទុម​វ​តី រួម​សហការ​ជាមួយ​ព្រះ​ភិក្ខុ​មហា យិន នឿន នៅ​សហរដ្ឋអាមេរិក និង​ភិក្ខុ​មហា សម​យស គង់នៅ​ប្រទេស​បារាំង ព្រមទាំង​ឧបាសក ឡូ ប៊ុន​ឡេង និង​ឧបាសិកា អៀ​ប ឆៃ​គីម ព្រមទាំង​បុត្រ​ធីតា បាន​នាំ​យក​អំណោយ​មាន​អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ប្រេងឆា និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត​ទៅ​ចែក​ជូន​ដល់​ប្រជាជន​ដែល​កំពុង​រងគ្រោះ​ជួប​ការ​លំបាក​ដោយ​ទឹកជំនន់​នេះ ដើម្បី​ជួយ​សម្រាលទុក្ខ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ក្មេង បាន​មួយគ្រា​ផងដែរ​។

ព្រះអង្គ ប៉ាន់ ឈុន មាន​សង្ឃដីកា​បញ្ជាក់​ចុងក្រោយ​ថា ព្រះអង្គ​សង្ឃឹមថា ញាតិ​ញោម​ទាំងអស់​នឹង​ចូល​រួម​ជួយ​ដល់​សង្គម​តាមរយៈ​សមាគម​ព្រះពុទ្ធសាសនា​ជួយសង្គ្រោះ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោកគ្រូ​ភិក្ខុ​មហា យិន នឿន និង​ភិក្ខុ​មហា​សម យស ក្នុង​ទឹក​ចិ​ត្ដ​ខ្មែរ​ស្រឡាញ់​ខ្មែរ និង​ជួយ​ខ្មែរ​ទាំងអស់គ្នា​៕