ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល​ចាប់ផ្តើម​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា​ឲ្យ​ក្លាយទៅជា​ទីក្រុង​ឆ្លាត​វៃ

ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ជំរុញ​ការ​អភិវឌ្ឍ​ទីក្រុង​នានា​ទៅជា​ទីក្រុង​ឆ្លាត​វៃ ដើម្បី​ប្រែក្លាយ​ទីក្រុង​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​រស់រវើក ទាន់សម័យ ហើយ​រស់នៅ​ប្រកបដោយ​ផាសុកភាព​។

ថ្លែង​ក្នុង​ពិព័រណ៍ វិស័យ​ស្ថាបត្យកម្ម​អគារ​និង​សំណង់​អន្តរជាតិ​ធំ​ជាង​គេ​បំផុត ឆ្នាំ២០១៨​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​លោក ភឿន សោភ័ណ អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ស្ថាបត្យករ​កម្ពុជា​ និង ​រដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​បាន​មានប្រសាសន៍ថា ចាប់ពី​ពេល​នេះ​ទៅ​ក្រុម​ស្ថាបត្យកម្ម វិស្វកម្ម និង​រាល់​ក្រុមហ៊ុន​សំណង់​ទាំងអស់ មុននឹង​ធ្វើការ​សាងសង់​ត្រូវ​គិតពី​គម្រោងការ​ទីក្រុង​ឆ្លាត​វៃ​ជា​មុនសិន ដើម្បី​ឲ្យ​ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​។

លោក​បាន​បន្ត​ទៀត​ថា គំនិត​ផ្តួច​ផ្តើម​របស់​ទីក្រុង​វៃឆ្លាត​នឹង​ធ្វើ​ឲ្យ​ទីក្រុង​កាន់​តែ​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​និរន្តរភាព​អម​ជាមួយ​បរិស្ថាន​ល្អ​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ទីក្រុង​។

លោក​បាន​បន្ថែមថា​ ការ​ជំរុញ​ឲ្យ​អ្នក​សាងសង់​នានា​គិតគូរ​ពី​គោលការណ៍​ទីក្រុង​ឆ្លាត​វៃ​នេះ ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មាន​សន្ទុះ​រីក​ដុះដាល​ច្រើន​ដូចជា អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ សំណង់​លំនៅឋាន​ប្រណិត ខុន​ដូ និង​បណ្តុះ​ផ្សារ​ទំនើប​ដែល​បំរើ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​បែប​ស៊ីវិល័យ​។

លោក Andrew Siow អគ្គនាយក​ក្រុមហ៊ុន​AMB បាន​មានប្រសាសន៍ថា​ ពិព័រណ៍​និង​វេទិកា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​បំផុសគំនិត​ក៏ដូចជា​លើកទឹកចិត្ត​ដល់​អ្នក​សាងសង់ ស្ថាបត្យករ អ្នក​រចនា វិស្វករ​និង​អ្នក​អភិវឌ្ឍន៍​ទាំងអស់​ងាក​មក​សាងសង់​សំណង់​បែប​ទីក្រុង​ឆ្លាត​។

ជាមួយគ្នានេះ​ដែរ ​លោក​បាន​បន្ត​ថា ​តាមរយៈ​វេទិកា​ស្ថាបត្យករ​កម្ពុជា​នេះ​នឹង​ឲ្យ​ស្ថាបត្យករ​និង​អ្នកចូលរួម​ទទួល​បាន​នូវ​ចំណេះដឹង​និង​បទពិសោធន៍​ល្អ​ពី​សំណាក់​អ្នកជំនាញ​ក្នុងស្រុក​ក៏​ដូចជា​អន្តរជាតិ​សម្រាប់​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​កសាង​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​អនាគត​សម្រាប់​កម្ពុជា​។

លោក​បាន​បន្ថែម​ទៀត​ថា ​ពិព័រណ៍​នេះ​ក៏​និង​បើក​បង្ហាញ​សម្រាប់​ឧស្សាហកម្ម​ធំៗ​ផ្សេងទៀត​ដូច​ជា​សម្ភារៈ​សំណង់ ការគ្រប់គ្រង​អគារ ប្រព័ន្ធ​សន្តិសុខ និង​សុវត្ថិភាព ថាមពល​និង អគ្គិសនី គ្រប់​គ្រង់​ប្រព័ន្ធ​ទឹក​និង​បន្សុទ្ធ​ទឹក ប្រព័ន្ធ​គ្រប់គ្រង​ម៉ាស៊ីនត្រជាក់​ទំនើប វិស្វកម្ម ប្រព័ន្ធ​សុវត្ថិភាព​និង​គ្រឿង​ពន្លត់​អគ្គិភ័យ ម៉ាស៊ីនត្រជាក់​និង​ប​ន្សុទ្ធ​ខ្យល់​ជាដើម​។

លោក​បាន​បញ្ជាក់ទៀត​ថា ពិព័រណ៍​នេះ​មាន​អ្នក​ចូល​តាំងពិព័រណ៍​ជាង ៣៥០​ក្រុមហ៊ុន និង​ម៉ាក​ផលិតផល​អន្តរជាតិ​មកពី ២៣ ប្រទេស​រួមមាន​ប្រទេស ចិន អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង​អាល្លឺម៉ង់ ម៉ាឡេស៊ី តៃវ៉ាន់ ថៃ សិង្ហ​បុរី និង​វៀតណាម​ដោយមាន​អ្នក​ចូល​រួម​ទស្សនា ជាង១០.០០០ នាក់​ ជាមួយ​នឹង​មាន​កម្មវិធី​ផ្តល់​ជូន​ពិសេសៗ​ភ្ជាប់​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ជាច្រើន​ផងដែរ​៕