ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ចែករំលែក​បទពិសោធ​ន៍​ដល់​អង្គការ NERC អំឡុងពេល​លី​គ​កំពូល​កម្ពុជា​សម្រាក

អំឡុង​ពេល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុង​សម្រាក​មួយរយៈ​ខ្លី ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ដឹកនាំ​ដោយ​គ្រូបង្វឹក​លោក Conor Nestor និង​កីឡាករ​មួយចំនួន​បាន​ចុះទៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់ (Football Clinic) ដល់​កុមារ​នៅក្នុង​អង្គការ NERC​។

ការ​ចែករំលែក​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​មាន​មូលដ្ឋាន​ស្ថិតនៅ​ខេត្តកណ្តាល​មួយ​នេះ​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យ ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ថ្មីៗ ដោយ​ទទួល​បាន​ការចូលរួម​ពី​សំណាក់​កុមារ និង​យុវជន ប្រមាណ​ជាង ៥០​នាក់​។ គួរ​បញ្ជាក់​ថា ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​អប់រំ​របស់​អង្គការក្រៅរដ្ឋាភិបាល ហៅ​កាត់​ថា NERC ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ 2004​។

អង្គការ​NERC គឺជា​អង្គការ​មួយ​ដែល​ផ្តល់​ជូន​នូវ​កម្មវិធី​អប់រំ​និង​កម្មវិធី​បាល់ទាត់​សម្រាប់​កុមារ​ប្រហែល ១០០​នាក់​។​ NERC ជា​អង្គការ​ដើម្បី​អភិវឌ្ឍ​ឥរិយាបថ​វិជ្ជមាន​ក្នុងចំណោម​សហគមន៍​មូលដ្ឋាន​និង​អប់រំ​អំពី​ការប៉ះពាល់​អវិជ្ជមាន​គ្រឿងញៀន និង​គ្រឿង​ស្រវឹង និង​បទឧក្រិដ្ឋ​អាចមាន​លើ​ជីវិត​មនុស្ស​និង​គ្រួសារ​។

លោក Conor Nestor កំពុងតែ​ឈឺក្បាល​រឿង​ដឹកនាំ​ក្រុម​ទទួល​បាន​ចំណាត់ថ្នាក់​មិនសូវ​បាន​ល្អ​ប្រចាំ​រដូវ​កាល​នេះ​ទាំង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ចំពោះ​លី​គ​កំពូល​កម្ពុជា វិញ​ក្រោយ​ប្រកួត​បាន​១៩​លើក ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៣​លើក និង​បរាជ័យ​រហូតដល់​៩​លើក​មាន​២៤​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​លេខ​៦​បណ្តោះអាសន្ន​ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២​។ ចំណែក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ​។

នៅក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ដំណាក់កាល​២​ថ្មីៗ​នេះ ក្លិប​បាន​ដោះដូរ​កីឡាករ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដើម្បី​ត្រៀម​ជើង​ទី​២​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ហើយ​តាមរយៈ​ការដោះដូរ​កីឡាករ​នេះ​គ្រូបង្វឹក​កាន់​អាជ្ញា​ប័​ណ្ណ UEFA A License រូប​នេះ​រំពឹង​ថា ​ក្រុម​នឹងមាន​គុណភាព​មួយកម្រិត​ថែមទៀត​៕