ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន ៖ គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ថ្មី គឺ​ការកែទម្រង់​អភិបាលកិច្ច​

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែលជា​ប្រទេស​កិត្តិយស​នៅក្នុង​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ បាន លើកឡើងថា គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្ដល់​អាទិភាព​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ​និង​កសាង​រដ្ឋបាល​ស្អាតស្អំ ការវិនិយោគ​លើ​មូលធន​មនុស្ស ការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​និង​ការវិនិយោគ ។ សម្តេច​តេ​ជោ​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពិធី​បើក​ពិធី​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ ដែល​បាន​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៍​ជាតិ ណាន​នី​ង ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ពិតជា​បាន​យក​វេទិកា​នោះ​ថ្លែង​ទាក់ទាញ​អ្នកវិនិយោគ​ចិន និង អ្នកវិនិយោគ​បរទេស​ដែល​បាន​ចូលរួម​នៅក្នុង​ពិ​ព័រ​ណ៍​នោះ ដោយ​សម្តេច​បាន​មានប្រសាសន៍ អំពី​កំណើនសេដ្ឋកិច្ច របស់​កម្ពុជា និង សក្តានុពល​របស់​ប្រទេស​កម្ពុជា ព្រមទាំង​បទដ្ឋាន​គតិយុត្តិ​ប្រកបដោយ​ការ​ទាក់ទាញ ដែល​ផ្តល់​នូវ​ផលប្រយោជន៍​សម្រាប់​អ្នកវិនិយោគទុន។

ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ កម្ពុជា​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧ ភាគរយ​ក្នុង​មួយឆ្នាំ ក៏ដូចជា​សម្រេច​បាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ និង វិ​សមត្ថភាព​នៅក្នុង​សង្គម គួរ​ឲ្យ​កត់សម្គាល់ លើ​មូលដ្ឋាន​នេះ​កម្ពុជា​បាន​ប្រែ​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ​២០១៥ កន្លងមក។

សមិទ្ធផល​ទាំងអស់​នេះ​ បាន​ផ្តល់​ឲ្យ​កម្ពុជា​កំណត់​នូវ​ចក្ខុវិស័យ​សម្រាប់​រយៈ​ពេល​វែង​របស់​ខ្លួន​ឈាន​ពី​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា «​គោលដៅ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អាណត្តិ​ថ្មី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា នឹង​ផ្ដល់​អាទិភាព​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច សំដៅ​ពង្រឹង​ស្ថាប័ន​សាធារណៈ និង កសាង​រដ្ឋបាល​ស្អាតស្អំ ការ​វិនិយោគ​លើ​មូលធន​មនុស្ស ការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ធុរកិច្ច​និង​ការ​វិនិយោគ ព្រមទាំង​ការពង្រីក​ភាពជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ជាមួយនឹង​គ្រប់​ដៃគូ​ពាក់ព័ន្ធ​។ ជាពិសេស​ការពង្រីក​ស​ម​ត្ថ​ភាព​កម្ពុជា​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​សម្រាប់​សេដ្ឋកិច្ច​តំបន់ និង ពិភពលោក ទាំងអស់​នេះ​នឹងធ្វើ​ឲ្យ​ប្រជាជន​គ្រប់រូប​មាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ឥត​ឈប់ឈរ ហើយ​រស់នៅ​យ៉ាង​សុខដុមរមនា​នៅក្នុង​សង្គម​កម្ពុ​ជាមួយ​ដែល​គោរព​តម្លៃ​មនុស្ស សេរីភាព ប្រជាធិបតេយ្យ និង នីតិរដ្ឋ​»​។

ជា​មួយ​គ្នា​នេះ​ដែរ រាជរដ្ឋាភិបាល​នឹង​បន្ត​អនុវត្ត​នូវ​វិធានការ​មុត​ស្រួច​និង​ជាក់ស្តែង​នានា​ដើម្បី​ប្រកាន់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ជា​រួម​មាន ការកាត់បន្ថយ​តម្លៃ logistics ,​ជំរុញ​ការតភ្ជាប់​បណ្តាញ​ដឹកជញ្ជូន​, ថាមពល ឌីជីថល ,​ការកាត់បន្ថយ​តម្លៃ​អគ្គិសនី និង ការធានា​ស្ថេរភាព​នៃ​ការផ្គត់ផ្គង់ ធ្វើ​សាមញ្ញ​កម្ម និង ស្វ័យប្រវត្តិកម្ម​នីតិវិធី​គយ​,​កាត់បន្ថយ​នូវ​ការចំណាយ​ធ្វើ​ធុរកិច្ច​ទាំង​ក្រៅផ្លូវការ​និង​ក្នុង​ផ្លូវការ​, ជំរុញ​ការកែទម្រង់​និង​ទំនើបកម្ម​ប្រព័ន្ធ​ពន្ធ​ដោយ​ឈរលើ​គោលការណ៍​យុត្តិធម៌ សមធម៌ សេវា​ល្អ អភិបាលកិច្ច​ល្អ និង អានុភាព​និង​ជំរុញ​ការលើកកម្ពស់​ការបណ្ដុះ​បណ្ដាល​បច្ចេកទេស​និង​វិជ្ជាជីវៈ។

សម្តេច​តេ​ជោ​បន្ត​ថា ជាង​នេះ​ទៅ​ទៀត​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋ​កិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ក៏​នឹង​ក្លាយទៅជា​ទិសដៅ​អាទិភាព​ដែល​សំខាន់​មួយ​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ​ផង​ដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​បង្កើត​មូលដ្ឋាន​សម្រាប់​ពង្រីក​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដោយ​ផ្ដោត​ជា​សំខាន់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​ឌីជីថល​ទាំង​ផ្នែក​រឹង​និង​ទន់។ ការរៀបចំ​អភិវឌ្ឍន៍​ធនធានមនុស្ស​និង​ជំនាញ​ស្របតាម​បរិ​ការ​ថ្មី ព្រមទាំង​បង្កើត​ក្របខ័ណ្ឌគតិយុត្តិ​និង​បញ្ញត្តិ​គាំទ្រ​ដែល​មាន​ការ​ពាក់ព័ន្ធ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែង​កត់សំគាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ពិព័រណ៍​ចិន​-​អាស៊ាន ដែល​បាន​ក្លាយទៅជា​វេទិកា​នយោបាយ​ការទូត និង ពាណិជ្ជកម្ម​ប្រចាំឆ្នាំ ដ៏​សំខាន់​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ សហគ្រិន វិនិយោគិន និង វិនិយោគិន​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ជួបជុំ​ផ្លាស់ប្ដូរ​ពិភាក្សា​ពិគ្រោះ​យោបល់​ស្វែងរក​ដៃគូ​វិនិយោគ​និង​ពាណិជ្ជកម្ម។

​សម្តេច​បាន​ធ្វើ​ការ​កត់សំគាល់​ទៀត​ថា ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​បាន​ដើរ​តួនាទី​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ពា​ណិ​ជ្ជកម្ម​និង​វិនិយោគ​រវាង​ចិន​និង​អាស៊ាន ក៏ដូចជា​ការ​ជួយ​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត។ នៅក្នុង​យុគ្គ​សម័យ digital នេះ​ដើម្បី​ឲ្យ​កិច្ចប្រតិបត្តិការ​របស់​យើង​ដំណើរការ​ទៅ​ដោយ​រលូន ជាពិសេស​សម្រេច​បាន​នូវ​គោលដៅ​រួម ក្រោម​ប្រធានបទ រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ បង្កើត​សហគមន៍​ចិន​-​អាស៊ាន ប្រកបដោយ​នវានុវត្តន៍។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ទៀត​ថា បន្ថែម​ពីលើ​សារៈសំខាន់​នៃ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ខ្ញុំ​យល់ថា​ការ​តភ្ជាប់​ឌីជីថល​គឺជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បាន​។

ទន្ទឹម​នឹង​នេះ យើង​ត្រូវ​ផ្ដល់​អាទិភាព​ខ្ពស់​ទៅលើ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ដែល​ជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព បង្កើត​ការងារ​ធ្វើ និង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​សន្តិសុខ សុខមាលភាព​សង្គម​។ លើស​ពី​នោះ​ទៀត វិទ្យាសាស្ត្រ​បច្ចេកទេស​និង​នវានុវត្តន៍ គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​ការ​ពន្លឿ​ន​សមាហរណកម្ម​តំបន់ ជំរុញ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​និង​បង្កើត​ប្រសិទ្ធភាព​សម្រាប់​ការ​ធ្វើ​ប្រតិបត្តិការ​លើ​វិស័យ​នានា​ក៏ដូចជា​ប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រតិបត្តិការ​ធនាគារ ការទូទាត់​ហិរញ្ញវត្ថុ​។​ល​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញ​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ច​សហប្រតិបត្តិការ​ចិន​-​អាស៊ាន​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ​បច្ចេកវិជ្ជា និង​នវានុវត្តន៍​និង​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក​ថែមទៀត ហើយ​មិត្ត​ចិន​ដែល​មាន​ការ​រីកចម្រើន​ខ្លាំង​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​នវានុវត្តន៍​និង​ចែករំលែក​ចំណេះដឹង​ចំណេះធ្វើ​ដល់​ភាគី​អាស៊ាន ដែល​ប្រការ​នេះ​នឹង​ជួយ​ឲ្យ​អាស៊ាន​អាច​ទទួល​បាន​ផលប្រយោជន៍​ដ៏​ធំធេង​ពី​កិច្ច​សហប្រតិបត្តិការ​នេះ ហើយ​យើង​ទាំងអស់​គ្នា​នឹង​សម្រេច​បាន​នូវ​គោលដៅ​ចុងក្រោយ​របស់​យើង​គឺ​ការ​កសាង​សហគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍។

នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​សម្តេច​តេ​ជោ ហ៊ុន សែន ពិតជា​មិន​ភ្លេច​អំពាវនាវ​វិនិយោគិន​ទាំងអស់​ឲ្យ​ស្វែងយល់​ពី​កាលានុវត្តភាព​វិនិយោគ​ជាក់ស្តែង និង​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។

ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី ១៥ ក្រោម​ប្រធានបទ “​រួមគ្នា​កសាង​វិថី​សូត្រ​សមុទ្រ​សតវត្ស​ទី​២១ បង្កើត​សហគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍​” បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវការ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្តា​មេដឹកនាំ​ប្រទេស​អាស៊ាន​ទាំង​១០ និង​ប្រទេស​នៅ​តំបន់​អា​ហ្វ្រី​ក និង​អ្នកវិនិយោគ​មកពី​ប្រទេស​អាស៊ាន អា​ហ្វ្រី​ក ជាច្រើនរូប។

សូម​បញ្ជាក់ថា ពិព័រណ៍​ចិន​-​អាស៊ាន ឆ្នាំ​២០១៨ នេះ មាន​លក្ខណៈ​ពិសេស​ដោយ​មាន​មេដឹកនាំ​ពី​ប្រទេស​អាហ្វ្រិក​មួយចំនួន​អញ្ជើញ​ចូលរួម​ផងដែរ​។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ឆ្នាំ​២០១៨​នេះ លោក លូ ស៊ីន​សឺ លេខាធិការ​បក្ស តំបន់​ស្វយ័ត​ជនជាតិ​ជ័រ​ក្វាង​ស៊ី និង​លោក ហាន់ ជឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន​មានប្រសាសន៍ថា ប្រធានបទ​នៃ​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​នេះ បានសម្រេច​ឲ្យ​ឃើញ​ពី​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ និង​កិច្ច​សហប្រតិបត្តិការ​ខាង​នុ​វា​នុ​វត្ត។ ខណៈ​ឆ្នាំនេះ គឺជា​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​នុ​វា​នុ​វត្ត​ន៍​រវាង​ចិន​-​អាស៊ាន ការ​តាំងពិព័រណ៍​លើក​នេះ​នឹង​បង្ហាញ​ពី​លទ្ធផល​ខាង​ផ្នែក​នុ​វា​នុ​វត្ត ក៏ដូចជា​និន្នាការ​ថ្មីៗ នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​នុ​វា​នុ​វត្ត​ន៍ សំដៅ​ចាក់​បញ្ចូល​ថាមពល​ថ្មី​ចូលទៅក្នុង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ាន​-​ចិន។

លោក​បន្ត​ថា ដោយសារ​ការ​តាំង​ពិព័រណ៍​ឆ្នាំ​២០១៨​នេះ​ មាន​លក្ខណៈ​ពិសេស គណៈកម្មាធិការ​ពិព័រណ៍​បាន​អញ្ជើញ​បណ្តា​ប្រទេស​មកពី​តំបន់​អា​ហ្វ្រិ​ក ដែល​ជា​ប្រទេស​ក្នុង​សូត្រ​សមុទ្រ​របស់​ចិន ដែល​មាន​អត្ថន័យ​ដ៏​ទូលំទូលាយ ដែលមាន​ការចូលរួម​តាំង​ពិ​ព័រ​ណ៌​រហូតដល់​ជាង​៦.៦០០​ស្តង់ និង​ក្រុមហ៊ុន​ជាង ៧ ពាន់ ចូលរួម​។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ហាន់ ជឹ​ង ឧបនាយករដ្ឋមន្ត្រី​ចិន បាន​អញ្ជើញ​បើក​របាំង​ស្បៃ​នៃ​ពន្លា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅមុន​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥។

នៅក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ឆ្នាំ​២០១៨​នេះ ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​ពន្លា​ជាតិ​របស់​ខ្លួន​លើ​ផ្ទៃដី​ទំហំ ៣០៤ ម៉ែត្រក្រឡា ដោយបាន​ជ្រើស​រើស​យក​ប្រាសាទសំបូរព្រៃគុក​ដែល​ទើប​ទទួល​បាន​ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ជា​ខេត្ត​ស្រស់​ប្រិ​ម​ប្រី​យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ពន្លា​ជាតិ​នោះ​ដែរ ក៏​មាន​ការ​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​សក្តានុពល​ចម្រុះ​ទាក់ទិន​ទៅនឹង​ផលិតផល​កសិកម្ម ក​សិ​-​ឧស្សាហកម្ម សម្ភារៈ និង​ឯកសារ​ស្តីពី​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​នានា ពិសេស​មានការ​សម្តែង​សិល្បៈ របាំ​ជូនពរ របស់​ក្រុម​សិល្បៈ មហាជន នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

បន្ទាប់ពី​បាន​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រតិភូ​ជាន់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ចាក​ចេញពី​ទីក្រុង​ណាន់​នី​ង​ធ្វើដំណើរ​ត្រង់​ទៅកាន់​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម នា​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧៕