ព័ត៍មានទាន់​ហេតុការណ៏
Search

​សម្ដេច​តេ​ជោ ៖ កម្ពុ​ជាមាន​សក្តានុពល​ខ្ពស់​ក្នុងការ​ចាប់យក​នូ​វប្រ​យោជន៍​ដែល​កើត​ចេញ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤

ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍ថា​ កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់យក​នូ​វប្រ​យោជន៍​ដែល​កើត​ចេញ​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដោយ​មូលហេតុ​សំខាន់​ចំនួន ៤។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​ទៅកាន់​អ្នកចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧ ដែល​បាន​លើកយក​ប្រធានបទ​ដ៏​សំខាន់​មួយ​គឺ​“​ស​គ្រិន​ភាព និង បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី ៤ សំរាប់​អាស៊ាន​ទាំងមូល​” ដែល​បាន​ប្រារព្ធ​បើក​នា​ព្រឹក​ថ្ងៃទី ១២ ខែកញ្ញា​នេះ​នៅ​ទីក្រុង ហាណូយ ប្រទេស​វៀតណាម​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ ជាមួយនឹង​ការគិត​ដោយ​សង្ឃឹមថា​ បដិវត្តន៍​ឧស្សាហកម្ម ៤.០ នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជា​មាន​សម្រាប់​ប្រជាជាតិ​ទាំងមូល​។ បដិវត្តន៍​នេះ​ក៏​នាំមក​នូវ​ការ​ប្រឈម​ជាច្រើន​ដូចជា​ការ​បាត់​បង់ការ​ងារ​ការ​ទាមទារ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​អប់រំ​ខ្ពស់ ការ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​មិន​ស្មើគ្នា​ដោយសារតែ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួល​បាន​នូវ​ចំណេះដឹង និង បច្ចេកវិទ្យា។ ឧក្រិដ្ឋកម្ម និង បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​និង​សន្តិសុខ​តំបន់​ទាំងមូល​។ កង្វះខាត​នូវ​ក្របខ័ណ្ឌគតិយុត្តិ​និង បទបញ្ញត្តិ​ការ​សម្រាប់​គ្រប់គ្រង​លើ​សុវត្ថិភាព​ទិន្នន័យ​និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ​និង​សន្តិសុខ​តាម​ប្រព័ន្ធ internet ។​ល​។

ទោះបី​ថា ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​បាន​ផ្តល់​នូវ​បញ្ហា​កង្វល់​និង​ប្រឈម​ជាច្រើន​ក៏ដោយ​តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​ចាប់​យក​នូវប្រ​យោជន៍​ដែល​កើត​ចេញពី​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ ដោយ​មូលហេតុ​ដូចតទៅ​៖១.​ភាគលាភ​ប្រជាសាស្ត្រ​ដោយសារ​ការ​កើនឡើង​នូវ​ចំនួន​យុវជន​មាន​ចំណេះដឹង​និង​ជំនាញ និង និន្នាការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល​។ ២.​ការ​កើនឡើង​នៃ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​និង​ទូរស័ព្ទ​វៃឆ្លាត​ជាមួយនឹង​អត្រា​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ខ្ពស់​។ ៣.​លំហូរ​នៃ​ការ​វិនិយោគ​ក្រៅប្រទេស​ដែល​នាំមក​នូវ​បច្ចេកវិទ្យា និង​៤.​ឌីជីថល​រូបនីយកម្ម​បាន​កំពុង​រីកចម្រើន​ស្ទើរ​គ្រប់​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​។

ម្យ៉ាងទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ស្រប​ពេល​ដែល​អតិថិជន​កំពុង​សម្រប​ខ្លួន​ជា​បណ្តើរៗ​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នានា​។

ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​បាន​កំពុង​រៀបចំ​និង​កែសម្រួល​គោលនយោបាយ​ឲ្យ​ស្រប​ទៅ​និន្នាការ​នេះ​ក្នុង​ចាប់​យក​ឱកាស​ជំរុញ​ការ​រីកចម្រើន​នៃ​ទីផ្សារ​ធុរកិច្ច​បច្ចេកវិទ្យា គ្រប់គ្រង​បរិស្ថាន​ធុរកិច្ច ក៏​ដូច​កាត់បន្ថយ​នូវ​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ ដោយ​បច្ចេកវិទ្យា​ទំនើប ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច ឌីជីថល និង​ការ​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ បានក្លាយ​ទៅជា​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​នេះ ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការពង្រឹង​និង​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច​ឌីជីថល ព្រមទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង​។ ការរៀបចំ​អភិវឌ្ឍន៍​ធនធានមនុស្ស និង ជំនាញ ស្របតាម​បរិបថ​ថ្មី ការបង្កើត​ក្របខ័ណ្ឌគតិយុត្តិ និង បទ​បញ្ញត្ដិ​គាំទ្រ​ដែល​ពាក់ព័ន្ធ និង លើក​កំពស់​ការស្រាវជ្រាវ និង នវានុវត្តន៍។ កម្ពុជា​កំពុង​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​សហ​គ្រិន​ភាព និង អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច​និង​មធ្យម នៅក្នុង​ការបង្កើត​ការងារ​សមរម្យ​ថ្មី និង តម្រង់​ទិស​ថ្មី ជាពិសេស​លើ ១.​កម្មវិធី ពង្រឹង​សមត្ថភាព ដែល​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​បំ​ណិ​ន​សហគ្រិនភាព និង ជំនាញ​គ្រប់គ្រង​អាជីវកម្ម រួម​ទាំង​ការបណ្តុះបណ្តាល​និង​ឥរិយាបថ​សហគ្រិនភាព​តាមរយៈ​វេទិកា​ឌីជីថល និង ទី​២.​កម្មវិធី​គាំទ្រ ធុរកិច្ច ដោយ​ផ្តោត​លើ​ការ​ប្រឹក្សា និង បច្ចេកវិទ្យា​ព័ត៌មាន រួមមាន​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង អភិវឌ្ឍន៍​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា ចរន្ត​នៃ​ការ​រីកចម្រើន​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ដែល​ហៅថា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ​បាន​ក្លាយ​ទៅ​គន្លឹះ​មួយ​កំណត់​នូវ​និន្នាការ​វិវត្តន៍​នៃ​សេដ្ឋកិច្ច​សង្គម​ក្នុង​គ្រប់​ទិដ្ឋភាព​ជាមួយ​ការ​បង្កើតឡើង​ទាំង​កាលានុភាព​និង​បញ្ហា​ប្រឈម​សម្រាប់​សកលលោក​ទាំងមូល​។

ជា​ការពិត​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ កំពុង​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក​ដែល​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ការកំណត់​ឡើងវិញ​អំពី​កត្តាផលិតកម្ម​ទំនាក់ទំនង​ផលិតកម្ម ឥរិយាបថ ការប្រើប្រាស់​និង​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ដូចជា​ការប្រើប្រាស់​បច្ចេកវិទ្យា បញ្ញា​សិប្ប​និមិត្ត ការប្រើប្រាស់​មនុស្ស​យន្ត​ក្នុង​ចង្វាក់​ផលិតកម្ម និង សេវា​ចែកចាយ​ការ​បោះពុម្ព និង ការប្រើប្រាស់​បច្ចេកវិជ្ជា​ជីវវិទ្យា ។​ល​។ ដែល​បច្ចេកវិទ្យា​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​យ៉ាង​លឿន​នៅក្នុង​ល្បឿន​មួយ​ដែល​មិន​ធ្លាប់មាន​នៅក្នុង​វិស័យ​ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម ធុរកិច្ច រដ្ឋបាល​សាធារណៈ និង បច្ចេកវិទ្យា ។​ល​។

ក្នុង​ពេល​បច្ចុប្បន្ន​នេះ digital រូបនីយកម្ម​បាន​ក្លាយ​ទៅជា​ទឡ្ហីករណ៍​កំណើន​ថ្មី​មួយ​តាមរយៈ​ការបង្កើន​ផលិតភាព​និង​ប្រសិទ្ធភាព​ការងារ និង​អនុញ្ញាត​ឲ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​មានលទ្ធភាព​ផ្សាភ្ជាប់​ទៅនឹង​ចង្វាក់​ផលិតកម្ម​តំបន់​និង​ពិភពលោក និង ស្វែងរក​នវានុវត្តន៍​នៅក្នុង​ទំនិញ​និង​សេវា​ថ្មីៗ​និង​អនុញ្ញាត​ឲ្យ​ប្រទេស​អភិវឌ្ឍ​តិចតួច ឬ មាន​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​អាច​ចាប់យក​នូវ​បច្ចេកវិជ្ជា​ថ្មីៗ​មានឱកាស​អាច​ហក់​ឡើង​រំលង​ឧស្សាហកម្ម​បែប​ប្រពៃណី ចូលក្នុង​ឧស្សាហកម្ម​បែប​ទំនើប។

ជាមួយនឹង​ការ​រំពឹង​ថា បដិវត្តន៍​ឧស្សាហ៍កម្ម ៤.០ នឹង​នាំមក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជា​មាន​សម្រាប់ ប្រជាជាតិ​ទាំងមូល បដិវត្តន៍​នេះ​ក៏​នាំមក​នូវ​ការ​ប្រឈម​ជាច្រើន​ដូចជា​ការបាត់​បង់ការ​ងារ​ការទាមទារ​ឲ្យ​មនុស្ស​មាន​ចំណេះដឹង​អប់រំ​ខ្ពស់ ការ​ទទួលបាន​ផលប្រយោជន៍​កាន់តែ​មិន​ស្មើគ្នា​ដោយសារតែ​ភាព​មិន​ស្មើគ្នា​នៃ​ឱកាស​ទទួលបាន​នូវ​ចំណេះដឹង និង បច្ចេកវិទ្យា ,​ឧក្រិដ្ឋកម្ម និង បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិជ្ជា​ព័ត៌មាន អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​សន្តិសុខ​តំបន់​ទាំងមូល​។ កង្វះខាត​នូវ​ក្របខ័ណ្ឌគតិយុត្តិ និង បទបញ្ញត្តិ​ការ​សម្រាប់​គ្រប់គ្រង​លើ​សុវត្ថិភាព​ទិន្នន័យ​និង​សិទ្ធិ​ឯកជន​នៃ​ទិន្នន័យ និង សន្តិសុខ​តាម​ប្រព័ន្ធ internet ។​ល​។

ក្នុង​ស្មារតី​នេះ​ ដើម្បី​ចាប់​យក​នូវ​ការអភិវឌ្ឍ​ជា​វិជ្ជមាន​និង​កាត់បន្ថយ​កង្វល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​យល់ថា​ អាស៊ាន​គួរតែ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ដើម្បី​ឈាន​ទៅ​បង្កើត​នូវ​ចក្ខុវិស័យ​អាស៊ាន​មួយ​រួមមាន​ឧស្សាហកម្ម ៤ .០ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​និង​បរិ​យា​ប័ន្ន​ដោយ​ផ្អែកលើ​គំនិត​ផ្ដួចផ្ដើម​របស់​អាស៊ាន​ដែលមាន​ស្រាប់​ព្រមទាំង​បញ្ចូល​កម្មវិធី​អភិវឌ្ឍន៍​សំខាន់ៗ លើ​ផ្នែក​បច្ចេកវិទ្យា ការ​អភិវឌ្ឍ​ធនធានមនុស្ស ក្របខ័ណ្ឌគតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់​និង​រឹង របស់​ព័ត៌មាន​និង កម្មវិធី​កែទម្រង់​របស់​អាស៊ាន​និង​ប្រទេស​ជា​សមាជិក​មួយចំនួន​ផងដែរ​។ រៀបចំ​កម្មវិធី​រួម​ពង្រឹងសមត្ថភាព​មនុស្ស​តាមរយៈ​ការលើកកម្ពស់​គុណភាព​នៃ​ការអប់រំ​ការបណ្ដុះបណ្ដាល​ជំនាញការ​ដោះស្រាយ​បញ្ហា​បាត់បង់​ការងារ​ការរៀប​ចំ​ប្រពន្ធ​គាំពារ​សង្គម និង ការដោះស្រាយ​បញ្ហា​វិសមភាព​សេដ្ឋកិច្ច​និង​សង្គម​។ លើកកម្ពស់​ការរៀបចំ​ជា​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​គាំទ្រ​ការស្រាវជ្រាវ​និង​នវានុវត្តន៍​ក្នុង​តំបន់​ពង្រឹងសមត្ថភាព​សហគ្រិនភាព​ក្នុងការ​រៀបចំ​ម៉ូ​ដែល​ធុរកិច្ច បង្កើត​ការងារ​ថ្មី​និង​តម្រង់ទិស​ថ្មី របស់​សេដ្ឋកិច្ច​នាពេល​អនាគត ។ បន្ត​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង​ជាពិសេស​បង្កើន​ការតភ្ជាប់​ដែលមាន​ស្រាប់​ក៏ដូចជា​ការបន្ត​ធ្វើ​សមាហរណកម្ម​ទាំង​ក្នុង​តំបន់​និង​អន្តរ​តំបន់ ដើម្បី​បន្ត​កសាង​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​ប្រជាជាតិ​អាស៊ាន​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ស្ថានភាព​កំណើន​ថ្មី​នៅក្នុង​ពិភពលោក​នេះ​។

​ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី​២៧​លោក​សាស្ត្រាចារ្យ​ក្លោ​ស៍​ស្វា​ប់ (Klaus Schwab) ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ចពិភពលោក បានចាត់ទុក​រួមគ្នា​ថា​ ការ​សហការ​គ្នា​រវាង​វិស័យ​ឯកជន​និង​រដ្ឋាភិបាល​គឺជា​រឿង​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​និង​ដើម្បី​ធ្វើ​ឲ្យបាន​ជោគជ័យ​បន្តទៀត​នោះ​ យើង​ត្រូវការ​រដ្ឋាភិបាល​ដែល​អាច​ផ្តល់​នូវ​លក្ខខណ្ឌ​ចាំបាច់​ក្នុង​ការលើក​កំពស់​សហគ្រាស​ធន​តូច​និង​មធ្យម​ហើយក៏​ជា​ផ្នែក​មួយ​ផ្តល់ឱកាស​ការងារ​។

លោក​ស្វា​គម​ន៍​ចំពោះ​ភ្ញៀវ​ទាំងអស់​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​។ បង្ហាញ​ជា​ទស្សនទាន​មួយចំនួន​ដើម្បី​អាស៊ាន​ដូចជា​ទី​១.​បង្កើត​នូវ​បរិបទ​ថ្មី​មួយ​អំពី​ការផលិត​នូវ​បច្ចេកវិទ្យា​ឧស្ម័ន​ជាដើម​។ ទី​២.​ជំរុញ​កំណើន​បរិ​យា​ប័ន្ន​ដើម្បី​បង្កើត​ការតភ្ជាប់​និង​ចែករំលែក​គំនិត​ថ្មីៗ​អំពី​តម្លៃ​។ ទី​៣​ត្រូវ​ពង្រីក​ធុរកិច្ច​និង​សហគ្រាស​ន​តូច​និង​មធ្យម​ដើម្បី​ជា​វិស័យ​ជាតិ​ដ៏​សំខាន់​របស់​អាស៊ាន​និង​ទី​៤​ការ​រីកចម្រើន​ទៅលើ​បច្ចេក​វិ​ទ្យា​ក៏​ជា​ហានិភ័យ​មួយ​ដែរ​នៅពេល​ដែលមាន​ការ​រីក​ចំរើន​ខ្លាំង​ក៏​បាត់បង់​ឱកាស​ការងារ​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​មនុស្ស​៕