ព័ត៍មានទាន់​ហេតុការណ៏
Search

កំពូល​តារាចម្រៀង ព្រាប សុវត្ថិ រង​ការរិះគន់ ​ក្រោយ​បញ្ចូល​ឈុត​ល្ខោនខោល​និង​ល្ខោនស្បែក​ធំ​ក្នុង​បទ​ចម្រៀង​ថ្មី

ភ្នំពេញ ​៖ ​កំពូល​តារាចម្រៀង​លំដាប់​ប្រទេស​របស់​ផលិតកម្ម​ហង្ស​មាស​លោក ព្រាប សុវត្ថិ ថ្មីៗ​នេះ​បានប្រកាស​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន ​ដែល​នៅក្នុង​សាច់រឿង​នៃ​MV​នេះ ​គឺ​មាន​បញ្ចូល​ឈុត​ល្ខោនខោល​ និង​ល្ខោនស្បែក​ធំ​។ ប៉ុន្តែ​ក្រោយពេល​មានការ​ទម្លាយ​បែបនេះ​បែរជា​ត្រូវ​រង​ការរិះគន់​ពី​សំណាក់​បុគ្គល​មួយចំនួន​ទៅវិញ​។

​ជា​ការពិត​មួយ​រយៈ​នេះ​គឺ​មិនមែន​មានតែ​តារាចម្រៀង​លោក​ព្រាប សុវត្ថិ​នោះទេ​ដែល​បង្ហាញ​ការ​ឈឺឆ្អាល​តាមរយៈ​ការ​បំផុស​ឲ្យ​មហាជន​មានការ​គាំទ្រ​និង​លើកស្ទួយ​វិស័យ​សិល្បៈ​តាមរយៈ​ការ​បញ្ចូល​ឈុត​សម្តែង​ទម្រង់​ល្ខោនខោល​និង​ល្ខោនស្បែក​ធំ​នៅក្នុង​បទ​ចម្រៀង​របស់​ខ្លួន​ពោល​គឺ​មាន​អ្នក​សិល្បៈ​និង​មហាជន​ជាច្រើន​បាន​នាំ​គ្នា​ផុសផុល​អំពាវ​ឲ្យ​មានការ​គាំទ្រ​វិស័យ​មួយ​នេះ​។

ទន្ទឹម​ពេល​ជា​មួយ​គ្នា​នេះ​ នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​យុវជន​ល្ខោនខោល​កម្ពុជា ​ថ្មីៗ​នេះ ​បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​ភ្ជាប់​នឹង​ការ​សរសេរ​ថា ការងារ​ថ្ងៃនេះ​របស់​ពួក​យើង។ សេង និង ណាន់ ចូលរួម​សម្តែង​ក្នុង​បទ​ចម្រៀង​ថ្មី​របស់​បងប្រុស ព្រាប សុវត្ថិ រួមគ្នា​ជ្រោមជ្រែង​ភាព​ថ្កុំថ្កើង នៃ​វប្បធម៌​យើង ក្រុមយុវជន​ល្ខោនខោល​កម្ពុជា​។

បន្ទាប់ពី​មានការ​បង្ហោះ​យ៉ាង​ដូច្នេះ​ភ្លាមៗ​នោះ​ ក៏​ស្រាប់តែ​មានការ​រិះគន់​ពី​សំណាក់​អ្នក​ផលិត​កម្មវិធី​ពញ្ញាក់​អារម្មណ៍​គឺ​លោក តាន់ គឹម​សួរ បាន​លើក​ឡើង​ថា ហេតុអ្វី​មិន​ធ្វើ​តាំងពី​ដំបូង​មក ទើបតែ​ពេលនេះ​លោក ព្រាប សុវត្ថិ បែរជា​មក​បង្ហាញ​សកម្មភាព​អញ្ចឹង​ទៅវិញ​។​ តើ​លោក​ធ្វើ​នេះ​ក្នុង​ន័យ​របៀប​ណា​ឲ្យ​ពិតប្រាកដ​។

លោក តាន់ គឹម​សួរ បាន​លើក​ឡើង​ដោយ​បញ្ជាក់​ថា មុន​មិន​ថត ក្រោយ​មិន​ថត ហេតុ​អី​បានជា​បង ព្រាប សុវត្ថិ មក​ថត​នៅពេល​ហ្នឹង​? បង​ចង់​យកមុខយកមាត់​មែន​? បង​ចង់​ល្បី​មែន​? នេះ​ជា​អ្វី​ដែល​ខ្ញុំ​តែងតែ​ជួប បង​ត្រូវ​ត្រៀម​ចិត្ត​ឲ្យ​ហើយ​ទៅ​បង​ព្រោះថា​ គំនិត​អវិជ្ជមាន​ខ្លះ​នឹង​កើតមាន​ចំពោះ​អ្វី ដែល​បង​កំពុង​ធ្វើ​។ ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ទេ​ថា​ អត្ថន័យ​របស់​លោក តាន់ គឹម​សួរ រិះគន់​កំពូល​តារាចម្រៀង​លោក ព្រាប សុវត្ថិ ខាងលើ​នេះ​ធ្វើឡើង​ក្នុង​ចេតនា​អ្វី​ឡើយ​៕