ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ហ៊ុនសែន​ និង​គណៈប្រតិភូ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​អញ្ជើញ​ដាំ​ដើមឈើ​លក្ខណៈ​មិត្តភាព

ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ហាន់ ជឹ​ង (Han Zheng) ឧបនាយករដ្ឋមន្ត្រី​ចិន​ ព្រមទាំង​គណៈប្រតិភូ​នៃ​ប្រទេស​ពិព័រណ៍​ចិន​-​អាស៊ាន​ បាន​អញ្ជើញ​ក្នុង​ពិធី​ដាំ​ដើមឈើ​ជា​មិត្តភាព នៅក្នុង​រមណីយដ្ឋាន​លី​យ័ន ក្រុង​ណាន​នី​ង តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ដែល​ជា​ផ្ទះសំណាក់​រដ្ឋ​របស់​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី ដែល​រៀបចំ​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨។

មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​-​ចិន​ បាន​ចាត់ទុក​ការ​ដាំ​ដើមឈើ​នេះ គឺជា​និម្មិត​រូប​នៃ​ការជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​និង​ការ​តភ្ជាប់ រវាង​អា​ស៊ាន​-​ចិន ក៏ដូចជា​ការជំរុញ​កំណើន​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ​រវាង​អាស៊ាន និង តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​ទាំងមូល​ផង​ដែរ​។​

បន្ទាប់មក​នៅក្នុង​រាត្រី​ថ្ងៃ​នោះ​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនា​ពិព័រណ៍​វប្បធម៌ ចិន​-​អាស៊ាន ដែល​ស្ថិតក្នុង​សួន​កម្សាន្ត Fantawild Asian Legend ក្នុង​ទីក្រុង​ណាន​នី​ង នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈប្រតិភូ​ទាំងអស់​បាន​ទស្សនា​យ៉ាង​យកចិត្តទុកដាក់​នូវ​រចនាប័ទ្ម​នៃ​សួន​កម្សាន្ត​ Fantawild Asian Legend ក្នុង​នោះ អ្វី​ដែល​ជា​ការ​ចាប់អារម្មណ៍​ និង​ទាក់ទាញ​បំផុត​នោះ គឺ​ការរៀបចំ​តុបតែង​នូវ​ក្បូរក្បាច់​រចនា​នៃ​មហា​ប្រាសាទអង្គរវត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ពោល​គឺ​គោលបំណង​នៃ​ការ​ការបង្កើត​សួន​កម្សាន្ត​នេះ គឺ​ដើម្បី​បង្ហាញ​ពី​អរិយធម៌ និង ទំនៀប​ទម្លាប់​ប្រពៃណី សាសនា របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ចិន។

នៅក្នុង​ពិធី​នោះ​ដែរ សម្តេច​តេ​ជោ​និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនា​ឯកសារ​គំនូរ​ជីវចល 3D មាន​រយៈពេល ១៣ នាទី ស្តីពី​សកម្មភាព​នៃ​ការ​កសាង​អាណាចក្រ​អង្គរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​រៀបចំ​សម្រិតសម្រាំង យ៉ាង​ល្អឥតខ្ចោះ​ពី​អ្នកដឹកនាំ​រឿង​របស់​ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ចាត់ទុកថា នោះ គឺជា​ស្នាដៃ​សិល្បៈ​ថ្មី​មួយទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការចាប់អារម្មណ៍​ពី​សំណាក់​មនុស្ស​ជំនាន់​ក្រោយ​ពិសេស​ការសិក្សា​ស្រាវជ្រាវ​ទៅ​នឹង​ប្រវត្តិ​នៃ​ការ​កសាង​អាណាចក្រ​អង្គរ​ដ៏​ល្បីល្បាញ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​ជម្រាប​ថា សួន​នេះ​ទើបនឹង​កសាង​ថ្មី​បន្ទាប់ពី​បញ្ចប់​ពិធី​សម្ពោធ​ពិព័រណ៍ ចិន​-​អាស៊ាន សួន​នេះ​នឹង​បើក​ឲ្យ​ប្រជាជន​ចិន ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ចូល​ទស្សនា​កម្សាន្ត​ ព្រោះថា​ទីនេះ​មាន​ភាព​ទាក់ទាញ​ខ្លាំង​ណាស់​សម្រាប់​ប្រជាជន​ចិន និង​ភ្ញៀវ​ទេសចរ អន្តរជាតិ​នានា​ ដែល​ទៅ​កម្សាន្ត​ប្រទេស​ចិន ពិសេស​តំបន់​ស្វយ័ត​ជនជាតិ​ជ័​ង​ក្វាង​ស៊ី​នេះ៕