ព័ត៍មានទាន់​ហេតុការណ៏
Search

អេ​មមី​ ៖​ សេចក្ដីសុខ​ជា​របស់​ដែល​ខ្ញុំ​ត្រូវ​ការ​បំផុត សូមកុំ​វាយតម្លៃ​មនុស្ស​ត្រឹមតែ​សំបក​ក្រៅ

ភ្នំពេញ​ ៖​ តារាចម្រៀង​រូប​ស្រស់​សម្តី​ផ្អែម​កញ្ញា អេ​មមី មិនដឹង​ចង់​សំដៅលើ​បុគ្គល​រូប​ណា​ឬ​ជាការ​បំផុសស្មារតី​របស់​មហា​ជន​នោះទេ ​បានជា​ថ្មីៗ​នេះ​នាង​ បាន​បញ្ចេញ​សារ​បង្កប់​អត្ថន័យ​ដោយ​ទទូច​ស្នើ​​ឲ្យ​មានការ​ផ្តល់​តម្លៃ​មនុស្ស​តាមរយៈ​ការ​បើក​ចិត្ត​មើល​ពី​ទង្វើ​ល្អប្រសើរ​ជាង​ការវាយតម្លៃ​ត្រឹម​ឃើញ​សំបក​ក្រៅ។

តារាចម្រៀង​កញ្ញា អេ​មមី ស្រប​ពេលដែល​អាជីព​មួយរយៈ​ពេល​ចុង​ក្រោយនេះ​ហាក់​ស្ងប់ស្ងាត់​​បន្តិច​មែន ​ប៉ុន្តែ​តារា​ស្រី​រូបនេះ​បាន​បង្វែរ​ពី​អាជីព​ច្រៀង​មក​បើកមុខ​ជំនួញ​រកស៊ី​ផ្ទាល់ខ្លួន​ដោយ​ការបើក​ហាង​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​។ ​ការបើក​មុខ​របស់​ផ្ទាល់ខ្លួន​របស់​ស្រី​ស្រស់ អេ​មមី​ត្រូវបាន​ទស្សនិកជន​អ្នកគាំទ្រ​មើលឃើញថា ​នាង​កំពុងតែ​ទទួលបាន​ជោគជ័យ​និង​ផ្លែផ្កា​ច្រើន​ពី​អាជីព​មួយ​នេះ​។​

ខណៈពេលដែល​ការបើក​ដំណើរការ​មុខ​ជំនួញ​ក្រៅ​អាជីព​សិល្បៈ​កំពុងតែ​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន​នេះដែរ​ តារា​ស្រី​កញ្ញា អេ​មមី ក៏ត្រូវ​បានកត់សម្គាល់​ឃើញថា ​កន្លងមក​តារា​ស្រី​រូបនេះ​ហាក់ដូចជា​ពុំ​សូវ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ហ៊ឺហា​នៃ​ការ​មានបាន​ឬ​បង្អួត​សម្ញែង​សម្ភារៈ​ថ្លៃ ទំនើបៗ​ដូច​តារា​ប្រុស​ស្រី​ផ្សេងៗ​ឯទៀត​ឡើយ​។​

ការមិន​បញ្ចេញ​ឬ​បង្អួត​សម្ញែង​ភាព​ហ៊ឺហា​​នេះ​ទើប​ចម្រៀង​កញ្ញា អេ​មមី ត្រូវបាន​មនុស្ស​មួយចំនួន​យល់ថា ប្រហែល​តារា​ស្រី​រូបនេះ​ស្ថិតក្នុង​ជីវភាព​មិនល្អ​ប្រសើរ​ឡើយ​ទើបបានជា​នាង​សុខចិត្ត​ទ្រាំ​ឈរ​នៅ​ទ្រឹង​ដោយ​ពុំបាន​បញ្ចេញ​ភាព​ហ៊ឺហា​​បង្អួត​ភ្នែក​មហាជន​នោះ​។ ​ប៉ុន្តែ​មកដល់​ត្រង់ចំណុច​នេះ​ត្រូវបាន​សាមីខ្លួន​កញ្ញា អេ​មមី លើកឡើង​បញ្ជាក់​ច្បាស់ៗ​ថា ​សេចក្តីសុខ​របស់​នាង​ពុំ​មែន​ស្ថិត​នៅលើ​ការ​សម្ញែង​ឬ​បង្អួត​ភាព​ហ៊ឺហា​​ដើម្បី​យកឈ្នះ​ចាញ់​គ្នា​ឡើយ​។​

តារាចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកំពង់ចាម​កញ្ញា អេ​មមី បាន​និយាយថា ​សូមទោស ខ្ញុំ​មិនដែល​ខ្វល់​ពី​ភាព​ហ៊ឺហា ឬ អួត​សម្ញែង​របស់​ក្រៅ​ខ្លួន​នោះទេ ព្រោះ​សេចក្ដីសុខ​ជា​របស់​ដែល​ខ្ញុំ​ត្រូវការ​បំផុត​។​ សូមកុំ​វាយតម្លៃ​មនុស្ស​ត្រឹមតែ​សំបក​ក្រៅ​ ទោះ​ខ្ញុំ​ក្រ តែ​ខ្ញុំ​មាន​ក្ដី​សុខ ស្នាមញញឹម​មួយ​នេះ សូម​ផ្ញើ​​អោយ​អ្នក​ដែល​ស្រលាញ់ និង​រាប់អាន​ខ្ញុំ​ទាំងអស់គ្នា​ណា​៕