ព័ត៍មានទាន់​ហេតុការណ៏
Search

ព្យុះសង្ឃរា Florence ចូលកាន់​តែ​ជិត​ទៅ​ឆ្នេរសមុទ្រ​អាមេរិក​ភាគ​ខាងកើត

កាលពី​ថ្ងៃ​ពុធ ព្យុះសង្ឃរា Florence បាន​ស្ថិតនៅ​លើ​ផ្លូវ​ទៅ​វាយប្រហារ​លើ​ឆ្នេរ​ភាគ​ខាងកើត​នៃ​សហរដ្ឋអាមេរិក​ ខណៈ​មនុស្ស​រាប់លាន​នាក់​ត្រូវបាន​ជំរុញ​ឲ្យ​រត់គេច​ចេញពី​ឆ្នេរសមុទ្រ​មុនពេល​ព្យុះ​នេះ​ ត្រូវបាន​គេ​ប្រកាសថា ​នឹង​មកដល់​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង។

រដ្ឋ Georgia បាន​ចូលរួម​ជាមួយ​រដ្ឋ​ឆ្នេរសមុទ្រ​ចំនួន​៤​ផ្សេងទៀត​ដែល​បានចេញ​សេចក្តីប្រកាស​អាសន្ន​ខណៈ​ការព្យាករណ៍​ចុងក្រោយ​បំផុត​បាន​បង្ហាញថា ព្យុះ Florence បាន​ទម្លាក់​ទឹកភ្លៀង​ក្នុង​កម្រិត​ជា​ប្រវត្តិសាស្ត្រ​នៅ​រដ្ឋ​ភាគខាងត្បូង​។​

ខណៈដែល​ព្យុះ Florence ចូលកាន់​តែ​ជិត​ដើម្បី​ធ្វើការ​វាយប្រហារ​អាក្រក់​បំផុត​លើ​តំបន់​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នោះ លោក​ប្រធានាធិបតី Donald Trump និង​មន្ត្រី​រដ្ឋ​និង​ថ្នាក់មូលដ្ឋាន​បាន​ជំរុញ​ពលរដ្ឋ​ដែល​ស្ថិតនៅ​ចំ​ផ្លូវ​នៃ​ព្យុះ​នេះ​ត្រូវ​ជម្លៀស​កុំ​ឲ្យ​យឺត​ពេល​ទាន់​។​

ការអំពាវនាវ​ឲ្យ​ស្នាក់នៅ​កន្លែង​មាន​សុវត្ថិភាព​បានកើត​ឡើង​នៅពេល​អវកាសយានិក​អាល្លឺម៉ង់​លោក Alexander Gerst បាន​បង្ហោះ​រូបថត​នៃ​ព្យុះសង្ឃរា​នេះ​ដែល​ត្រូវបាន​ថត​ចេញពី​ស្ថានីយ​អវកាស​អន្ដរជាតិ​រួមជាមួយ​ការព្រមាន​ថា “​សូម​ប្រយ័ត្ន​, អាមេរិក​!”​។​

មជ្ឈមណ្ឌល​ព្យុះ​ជាតិ (NHC) បាន​និយាយថា កម្លាំង​ខ្យល់​របស់​ព្យុះ Florence បាន​ថយចុះ​បន្តិច​ដល់​១១៥​ម៉ា​យល៍​ក្នុង​មួយ​ម៉ោង​ហើយ​វា​ត្រូវបាន​ទម្លាក់​ទៅជា​ព្យុះ​ប្រភេទ​៣​ពី​ប្រភេទ​ទី​៤​នៅលើ​មាត្រដ្ឋាន​ខ្យល់ Saffir-Simpson ដែលមាន​ប្រាំ​កម្រិត​។​

ទោះបីជា​យ៉ាងណាក៏ដោយ NHC ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Miami បាន​សង្កត់ធ្ងន់ថា ខណៈ​ពល​ដែល​ការធ្លាក់ចុះ​យឺត​ត្រូវបាន​គេ​រំពឹងទុក​ក្នុង​រយៈពេល​២៤​ម៉ោង​ខាងមុខ​នោះ “​ព្យុះ Florence នៅតែ​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ក្លាយជា​ព្យុះសង្ឃរា​ដ៏​ធំ​ពោរពេញ​ដោយ​គ្រោះថ្នាក់​បំផុត​មួយ​នៅពេលដែល​វា​ទៅជិត​ឆ្នេរសមុទ្រ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​”​។​
មនុស្ស​រហូតដល់​ទៅ​១.៧​លាន​នាក់​បាន​ស្ថិតនៅក្រោម​ការបញ្ជា​ឲ្យ​ជម្លៀស​ដោយ​ស្ម័គ្រចិត្ត​ឬ​ចាំបាច់។

ព្យុះ Florence ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ទម្លាក់​ទឹកភ្លៀង​ក្នុង​កម្រិត​រហូតដល់​ទៅមួយ​ម៉ែត្រ​នៅ តំបន់​មួយចំនួន​បន្ទាប់ពី​វា​បង្ក​ឲ្យ​បាក់​ដី​ក្នុង​រដ្ឋ North និង South Carolina ។​

អភិបាលរដ្ឋ Georgia លោក Nathan Deal បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​។ ស្ថានភាព​អាសន្ន​នេះ​ក៏ត្រូវ​បានប្រកាស​ផងដែរ​នៅក្នុង​រដ្ឋ Maryland, North Carolina, South Carolina, Virginia និង​នៅ​ទីក្រុង Washington ៕ AFP