ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Trump អនុញ្ញាត​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​សម្រាប់​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចុះហត្ថលេខា​លើ​បញ្ជា​ប្រតិបត្តិ​មួយ​កាលពី​ថ្ងៃ​ពុធ ​ដែល​អនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ជនបរទេស​រូប​ណា​ដែល​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី​ត្រូវ​រង​ការចោទប្រកាន់ថា​បាន​ជ្រៀតជ្រែក​ក្នុង​យុទ្ធនា​ការឃោសនា​ប្រធានាធិបតី​។​

បញ្ជា​នេះ​បាន​បង្កើតជា​ដំណើរការ​ផ្លូវការ​មួយ​ដើម្បី​វាយប្រហារ​អាជីវកម្ម​និង​ទ្រព្យសម្បត្តិ​របស់​បុគ្គល​រូប​ណា​ដែល​គេ​មើលឃើញថា​ព្យាយាម Hack ចូល​ប្រព័ន្ធ​បោះឆ្នោត​និង​អ្នក​ដែល​ផ្សព្វផ្សាយ​ពត៌មាន​មិន​ពិត​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ៊ីនធឺណិត​ដែល​ករណី​ទាំងពីរ​នេះ​បានកើត​ឡើង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦​។​

៥៥​ថ្ងៃមុន​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃទី​៦​ខែវិច្ឆិកា ក្រុមមន្ត្រី​បាន​និយាយថា ពួកគេ​មើលឃើញ​ការប៉ុនប៉ង​ជ្រៀតជ្រែក​មួយចំនួន​ចេញពី​ប្រទេស​រុស្ស៊ី ចិន​និង​បណ្តា​ប្រទេស​ដទៃទៀត​។​

លោក Trump បាន​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​នឹង​ចាត់វិធានការ​ខ្លាំងក្លា​ដើម្បី​ធានា​ដល់​ប្រព័ន្ធ​បោះឆ្នោត​និង​ដំណើរការ​របស់​យើង​”​។​
​ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​បាន​និយាយថា ទង្វើ​របស់លោក Trump មិនមាន​ភាពរឹងមាំ​គ្រប់គ្រាន់​ទេ​។​
​នៅក្នុង​សេចក្តីប្រកាស​របស់គាត់ លោក Trump បាន​ច្រានចោល​ជាថ្មី​ម្តងទៀត​ចំពោះ​គំនិត​ដែលថា ជ័យជំនះ​ឆ្នាំ​២០១៦​របស់គាត់​ត្រូវបាន​ជួយ​ដោយ​ការជ្រៀតជ្រែក​ពី​បរទេស​។​

លោក​បាន​និយាយថា “​មិនមាន​ភស្តុតាង​ណាមួយ​បង្ហាញថា អំណាច​បរទេស​បាន​ផ្លាស់ប្តូរ​លទ្ធផល​ឬ​រៀបចំ​ការបោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​របស់​សហរដ្ឋអាមេរិក​ទេ​”​។​

លោក Dan Coats អគ្គនាយក​ស៊ើបអង្កេត​ជាតិ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រដ្ឋាភិបាល​កំពុង​ចាត់ទុក​ឧប្បត្តិហេតុ​ឆ្នាំ​២០១៦​ថា​ជាស​ញ្ញា​ព្រមាន​មួយ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៨​និង​ឆ្នាំ​២០២០​។​

លោក​ថ្លែងថា “​យើង​បានឃើញ​សញ្ញា​ថា មិនមែន​ត្រឹមតែ​រុស្ស៊ី​ទេ​ប៉ុន្តែ​ក៏​ពី​ប្រទេស​ចិន​និង​អ៊ីរ៉ង់​និង​សូម្បីតែ​កូរ៉េខាងជើង​ផងដែរ​ដែល​ព្យាយាម​ចូល​ជ្រៀតជ្រែក​រហូតដល់​ឆ្នាំនេះ​”​។​

ប្រមុខ​ចារកម្ម​អាមេរិក​បានប្រកាស​នៅ​ខែមករា​ឆ្នាំ​២០១៧​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ដឹកនាំ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​តាមរយៈ​ការ Hack និង​បន្លំ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដើម្បី​បង្កើន​ឱកាស​របស់លោក Trump ក្នុង​ឆ្នាំ​២០១៦​ដើម្បី​កម្ចាត់​លោកស្រី Hillary Clinton ដែលជា​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​៕ AFP


TAG