ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​វៀតណាម​ដាក់​គុក​សកម្មជន​រយៈពេល​១២​ឆ្នាំ​

តុលាការ​មួយ​នៅ​កណ្តាល​ប្រទេស​វៀតណាម​បាន​ដាក់គុក​សកម្មជន​ម្នាក់​រយៈពេល​១២​ឆ្នាំ​ដោយ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពី​មេធាវី​របស់គាត់​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​សកម្មជន​សិទ្ធិមនុស្ស​ពីរ​នាក់​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូលរួម​កិច្ចប្រជុំ​មួយ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង​ទីក្រុង ហាណូយ​។​

ថ្វីបើ​មាន​កំណែទម្រង់សេដ្ឋកិច្ច​យ៉ាង​ទូលំទូលាយ​និង​ការបើកចំហ​កាន់តែខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​សង្គម​ក៏ដោយ ក៏​គណ​បក្សកុម្មុយនិស្ត​កាន់អំណាច​របស់​ប្រទេស​វៀតណាម​នៅតែ​រក្សា​ការត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាង​តឹងរ៉ឹង​និង​មិន​អត់ឱន​ឲ្យ​ការរិះគន់​ឡើយ​។​

មេធាវី Nguyen Van Mieng បាន​និយាយថា នៅក្នុង​ការកាត់ក្តី​កាលពី​ថ្ងៃ​ពុធ​ក្នុង​ខេត្ត Quang Binh, លោក Nguyen Trung Truc អាយុ​៤៤​ឆ្នាំ​ក៏បាន​ទទួលទោស​ឃុំខ្លួន​ក្នុងផ្ទះ​រយៈពេល​៥​ឆ្នាំ​ផងដែរ​បន្ទាប់ពី​ការជាប់គុក​។​

លោក​បាន​បន្ថែមថា លោក Truc ដែល​មិនបាន​សារភាព​ទោសកំហុស​និង​មិន​យល់ស្រប​ចំពោះ​ខ្លឹមសារ​នៃ​ការចោទប្រកាន់​នោះ​គឺ​នឹង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំងនឹង​សាលក្រម​នេះ​។​

មេធាវី​រូបនេះ​បាន​និយាយថា “​គាត់​បាន​និយាយថា គាត់​កំពុង​ប្រយុទ្ធ​ដើម្បី​បរិស្ថាន​និង​ដើម្បី​សិទ្ធិមនុស្ស​មិនមែន​ចង់​ផ្តួលរំលំ​រដ្ឋាភិបាល​ទេ​”​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ប៉ូលិស​ក្នុង​ខេត្ត​នេះ​បាន​និយាយថា លោក Truc ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា​ឆ្នាំមុន​គឺ​ស្ថិត​ក្នុងចំណោម​ក្រុម​មួយ​ដែល​បង្កើត “​ចលនា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​” ក្នុង​ឆ្នាំ​២០១៣​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​គោលបំណង​បង្កើត​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​ប្រទេស​វៀតណាម​។​

ប្រទេស​វៀតណាម​នៅ​សប្ដាហ៍​នេះ​បាន​បដិសេធ​ក្រុម​សកម្មជន​ពី​ការចូលរួម​កិច្ចប្រជុំ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ហាណូយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ជួបជុំ​ការទូត​ធំ​បំផុត​របស់​ប្រទេស​នៅ​ឆ្នាំនេះ​៕ REUTERS