ព័ត៍មានទាន់​ហេតុការណ៏
Search

លោក យន់ វង្ស​រ៉ាត់ និយាយ​ពី​ការបង្ហាត់​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្រោយ​រួមរស់​ជាមួយគ្នា​មួយរយៈ​ខ្លី

​លោក យន់ វង្ស​រ៉ាត់ ដែល​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តែ​តាំង​ជា​គ្រូបង្វឹក​ចាំទី​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា កាល​ពីពេល​ថ្មីៗ​ពោលគឺ​ក្នុង​យុគ្គ​សម័យ​របស់​អ្នកចាត់ការ​ទូទៅ​ក្រុម​គឺ​លោក Keisuke Honda ខណៈ​លោក​ទើបតែ​ធ្វើដំណើរ​មកពី​សហរដ្ឋ​អាមេរិក ដោយ​បាន​ចូលរួម​ជាមួយ​ក្រុម​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។

លោក​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សម្តី​ថា ​ដោយសារតែ​ការហ្វឹកហាត់​មាន​ពេល​ខ្លី​ពេក មេរៀន​បង្វឹក​ដល់​អ្នក​ចាំទី​ក្នុង​ជម្រើសជាតិ​កម្ពុជា ក៏​មាន​លក្ខណៈ​បន្ទាន់​ផង​ដែរ​។ លោ​កថា​ជំហាន​ដំបូង​ក្នុង​ការ​ប្រមូលផ្ដុំ​កាល​សប្ដាហ៍​មុន គឺ​លោក​មើល​ពី​ចំណុច​ខ្វះខាត​របស់​កូនក្រុម​ទាំង​៣ មាន ស៊ូ យ៉ា​ទី (​មកពី​ក្លិប​ណាហ្គា​វើ​ល​), អ៊ុ វិចិត្រ (​មកពី​ក្រសួងការពារជាតិ​) និង កែវ សុខ​សិលា (​មកពី​ក្រុម​វិសាខា​)​ហើយ​បំបែក​ទៅជា​មេរៀន​ហ្វឹកហាត់​តែម្ដង​។

លោក យន់ វង្ស​រ៉ាត់ បាន​បង្ហាញ​ទស្សនៈ​របស់ខ្លួន​ក្នុង​ដំណើរ​មក​បង្វឹក​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើងវិញ​ថា ១​ដោយសារ​ខ្ញុំ​បង្ហាត់​មាន​រយៈពេល​ខ្លី​ពេក អ៊ីចឹង ខ្ញុំ​មើល​ចំណុច​ខ្វះខាត​កីឡាករ យក​បំបែក​ជា​លំ​ហាត់ បង្ហាត់​បណ្ដោយ​។ អ្វី​ដែល​ខ្ញុំ​ធ្វើ ខ្ញុំ​ធ្វើ​តាមរយៈ​ពេល​ដែល​ខ្លី​។ ទី​២ ខ្ញុំ​បង្ហាត់​ខួរក្បាល​យក​។ អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​ថា ខ្វះខាត ខ្ញុំ​បង្ហាត់​ខួរក្បាល​យកតែ​ម្ដង​»​។

លោក យន់ វង្ស​រ៉ាត់ និង ក្រុម​គ្រួសារ បាន​ចាក​ចេញទៅ​រស់នៅ​សហរដ្ឋអាមេរិក ប្រមាណ​ជិត​២០​ឆ្នាំ​មក​ហើយ​។ លោក​ធ្លាប់ជា​អ្នកចាំទី​ដី​ល្បីល្បាញ​របស់​កម្ពុជា​កាល​ពី​ទសវត្ស​ឆ្នាំ ៨០ និង ដើមឆ្នាំ​៩០ ហើយ​មុន​ចាក​ចេញពី​មាតុភូមិ​ទៅកាន់​រដ្ឋ​រដ្ឋ​កាលីហ្វ័រ​ញ៉ា លោក​ត្រូវបានតែងតាំង​ឲ្យធ្វើជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។ លោក​ជា​គ្រូបង្វឹក​អ្នកចាំទី​ដែលមាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់​ពី​អង្គការ​បាល់ទាត់​អន្តរជាតិ​(FIFA) មិនតែប៉ុណ្ណោះ​លោក​ក៏​មាន​ជំនាញ​ខាង​ម៉ាស្សា​ដែល​លោក​បាន​សិក្សា​ពី អ្នកឯកទេស​របស់ FIFA ដែរ៕