ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​កម្ពុជា នឹង​ប្រមូលផ្តុំ​ឡើងវិញ​ក្នុង​ខែតុលា ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​និង​ពាន AFF Suzuki Cup

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) នឹងធ្វើ​ការប្រមូលផ្តុំ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ឡើងវិញ​នៅ​ខែតុលា ខាងមុខ​ដើម្បី​ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​នានា​ក៏ដូចជា​ត្រៀម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពានរង្វាន់ AFF Suzuki Cup 2018 ខណៈ​ការប្រមូលផ្តុំ​លើក​នេះ​នឹងមិន​ប៉ះ​ដល់​សកម្មភាព​ប្រកួត​នានា​នៅក្នុង​ស្រុក​នោះទេ​គឺ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បានបញ្ចប់​អស់​ទៅហើយ​។

ក្រោយ​ប្រកាស​តែងតាំង​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន ត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ ចុងឆ្នាំ​នេះ​។ ប្រកួត​មិត្តភាព​ទាំង​៤​លើក​នេះ​មាន​បូក​ទាំង​ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ថ្មីៗ​ផងដែរ​។ ចំណែក​៣​ប្រកួត​ផ្សេងទៀត​នឹងធ្វើ​ឡើង​នៅ​១២ ខែតុលា ពោលគឺ​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​បរទេស (​មិនទាន់​ប្រាកដថា​ក្រុម​ណា​)​។

​បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕