ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកតា​រ៉ូ​កូ​ណូ ជួបពិភាក្សា​អំពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន

​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​ស្នាក់នៅ និង​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី១២ ខែកញ្ញា​នេះ បាន​អនុញ្ញាត​ឲ្យ លោកតា​រ៉ូ​កូ​ណូ​រដ្ឋមន្ត្រីការបរទេស​ជ​ប៉ុន​ចូល​ជួប​សំដែង​ការគួរ​សម​នឹង​ពិភាក្សា​ការងារ​។ នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង ពីរបាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន នៅ​ដើមខែ​តុលា​ខាងមុខ​។

លោក តា​រ៉ូ​កូ​ណូ បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌​ និង ​លទ្ធផល​អាច​ទទួលយក​បាន​ដែល​កម្ពុជា​បាន​រៀប​ចំ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ​។ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​លទ្ធផល​ភ្លូកទឹកភ្លូកដី​ហើយ​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នីតិកាល​ទី​៦​នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​៦​កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ​។

លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា លោក​បាន​ធ្វើ​ការ​តាមដាន​ដោយ​ការ​យក​ចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​សភាពការណ៍​ក្នុងប្រទេស​កម្ពុជា​ក្រោយពី​ដំណើរការ​បោះឆ្នោត​និង​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា​រាជរដ្ឋាភិបាល​ថ្មី​របស់​ប្រទេស​កម្ពុជា​។

ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​រៀបរាប់​ពី​ការរៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា​រាជរដ្ឋាភិបាល​ថ្មី​។ សម្តេច​តេ​ជោ​បន្ត​ថា ​មកដល់ពេលនេះ​ស្ថានភាព​ក្នុងប្រទេស​កម្ពុជា​មាន​ភា​ព​ល្អ​ប្រសើរ​ជាង​ពេលណាៗ​ទាំងអស់​ពោល​គឺ​ស្ថិរភាព​នយោបាយ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​មិនតែប៉ុណ្ណោះ​ក្រោម​គំនិត​ផ្តួច​ផ្តើម​ដោយ​ផ្ទាល់​ពីស​ម្តេច​កម្ពុជា​បាន​បង្កើត​ឡើង​នូវ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ដែល​មាន​ការចូលរួម​ពី​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​លើក​បញ្ហា​មួយចំនួន​ដែល​ទាក់ទិន​ទៅនឹង​ដំណើរការ​របស់​រាជរ​ដ្ឋា​ភិ​បាល​។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​ដែរ ​សម្តេច​តេ​ជោ​និង​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅ​និង​របៀបវារៈ ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែតុលា​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយៈ​លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន សូម​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក​ស៊ិន​ហ្សូ​អា​បេ ​ដែល​បាន​គោរព​អញ្ជើញ​សម្តេច​បំពេញ​ទស្សនកិច្ច​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​នៅពេល​ខាងមុខ​ពិសេស​អញ្ជើញ​ទៅ​ចូលរួម​ទស្សនកិច្ច​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ា​ដែល​ជា​មូលដ្ឋាន​នៃ​ការបោះឆ្នោត​របស់លោករ​ដ្ឋ​មន្ត្រី​ការបរទេស​ជ​ប៉ុន​៕