ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ចូល​ជួប​សម្ដែង​ការគួរសម

ភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន អនុញ្ញាត​ឲ្យ លោក​សាស្ត្រាចារ្យ ក្លោ​ស៍ ស្វា​ប់ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ចូល​ជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នេះ។

ក្នុង​ជំនួប​ពិភាក្សា​គ្នា​នោះ លោក​សាស្ត្រាចារ្យ ក្លោ​ស៍ ស្វា​ប់ បាន​មានប្រសាសន៍​ស្វាគមន៍​ជូន​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន ដែល​បាន អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ​បាន​សំដែង​នូវ​ការ​រីករាយ​ដែល​បាន​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ជាថ្មី​នៅ​ប្រទេស​វៀតណាម​ព្រមទាំង​បាន ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​ប្រកបដោយ​ផ្លែផ្កា​។ ជា​មួយ​គ្នា​នេះ​សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ឲ្យ​លោកនាយក​ធ្វើការ​ចែកចាយ​នូវ​ឯកសារ​ដ៏​មាន សារៈសំខាន់​នេះ​លើ​ប្រធានបទ​សម្រាប់​ពិភពលោក​ទាំងមូល។

លោក​សាស្ត្រាចារ្យ​សង្ឃឹមថា ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វ៉ូស​ប្រទេស ស្វី​ស​ដែល​ទាក់ទិន​ទៅ​នឹង​វិស័យ​កសិកម្ម​ដែល​កម្ពុជា​កំពុងមាន​សក្តានុពល។

នៅក្នុង​កិច្ច​ពិភាក្សា​គ្នា​នោះ​ដែរ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​កម្ពុជា​ក៏ដូចជា ប្រទេស​នានា​ក្នុង​តំបន់​កំពុងមាន​ការចាប់អារម្មណ៍​និង​មានការ​យកចិត្តទុកដាក់​ដូចគ្នា​។

តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ទីក្រុង​ដា​វូ​ស ប្រទេស​ស្វី​ស នៅ​ថ្ងៃ ២២ ដល់​ថ្ងៃទី ២៥ ខែតុលា ដើម្បី​ចូលរួម​វេទិកា​ពាណិជ្ជកម្ម​ដែលមាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​ប្រមាណ ២២ ប្រទេស​ចូលរួម។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តែមាន​វត្តមាន​ជានិច្ច​នៅ​គ្រប់​វេទិកា​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ។ វត្តមាន​របស់​សម្តេច​គឺមាន​គោលបំណង​តែមួយគត់​គឺ​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​មកកាន់​កម្ពុជា និង ការស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​កម្ពុជា​ផងដែរ៕