ព័ត៍មានទាន់​ហេតុការណ៏
Search

សរ រាជសីហ៍ ជួប អ៊ីរ៉ង់​Aboofazel នៅ​សង្វៀន​Boostrong Seatv

សរ រាជសីហ៍ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel នៅក្នុង​កម្មវិធី​ប្រដាល់​ពេលព្រឹក​Boostrong Fighter On Fire លើ​សង្វៀន​SEATV ថ្ងៃអាទិត្យ​ទី ១៦ ខែ​កញ្ញា ​ឆ្នាំ​២០១៨​នេះ។

អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង​សរ រាជសីហ៍ និង​អ្នក​ប្រដាល់​អ៊ីរ៉ង់​Aboofazel ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥ គីឡូក្រាម ។​នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត​រវាង​សរ រាជសីហ៍ និង Aboofazel ព្រោះថា​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ មិនធម្មតា​នោះឡើយ ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEATV អោយដឹង ។​

តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា​Aboofazel នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​លើក​ទី​១​ប៉ុណ្ណោះ ។

Aushev គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹក​ហាត​នៅ​ស្រុកថៃ ។ គេ​មាន​ស្នៀត​កណ្តាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត ។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៣៧​លើក ដោយ​ឈ្នះ​២៦​ដង ចាញ់​១១ លើក​និង​មិនដែល​ស្មើ ។

​សរ រាជសីហ៍ គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ប៉ុន្មាន​នាក់​ហើយ តែ​ភាគច្រើន​ជា​អ្នក​ប្រដាល់​ថៃ​ប៉ុណ្ណោះ គឺ​ពុំ​សូវ​ធ្លាប់​ដែល​ជួប​ប្រកួត​ជាមួយ​អឺរ៉ុប​នោះឡើយ ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​សរ រាជសីហ៍ វាយ​ចេញ​ខ្លាំង​និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ​Aboofazel ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។

​ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូ​ដៃ​នោះទេ អោយតែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាបបាន គឺ​សរ រាជសីហ៍ គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្តួល​យកឈ្នះ​តែម្តង ។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ គេ​នៅ​ស្ទើរ​នៅឡើយ តែ​កម្លាំង​កាយសម្បទា​រឹងមាំ​ល្អ ។ សរ រាជសីហ៍ ធ្លាប់​ឡើង​ប្រកួត​ចំនួន​៦៧​ដង ឈ្នះ ៥៥​ដង ចាញ់​១២ ដង និង​មិនដែល​ស្មើ​។​ចាំមើល រវាង សរ រាជសីហ៍ និង​Aboofazel តើន​រណា​ជា​អ្នកឈ្នះ សម្រាប់​ជំនួប​លើកដំបូង​នេះ​? ។​

​គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សរ រាជសីហ៍ កាលពី​ថ្ងៃទី​១៨​សីហា​២០១៨​កន្លងទៅនេះ បាន​វាយ​ផ្តួល​អ្នក​ប្រដាល់​ជនជាតិ​រុស្សី​ឈ្មោះ Aushev យកឈ្នះ​ដោយ​ពិន្ទុ នៅលើ​សង្វៀន​SEATV នេះ ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​វ័យក្មេង​នៃ​ក្លិប​បក្សី​ស្លាប​ដែក នឹងត្រូវ​ឡើង​សងសឹក ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គ​.​ក្រ ។
​ផាន រះ ជា​អ្នក​ប្រដាល់​ចាស់វស្សា ។ គេ​វាយ​មិនជា​ខ្លាំង​ប៉ុន្មាន​ទេ ហើយ​មូល​ហេតុដែល​គេ​អាច​វាយ​ឈ្នះ​សូត្រ ខេ​វិ​ន​បាន​នោះ ដោយសារតែ​ខេ​វិ​ន​គេ​អន់​ខ្សោយកម្លាំង​វាយ​ចេញ​ស្រាលៗ ដែល​ធ្វើអោយ​ចាញ់​ប្រៀប​ឈ្នះ​របស់​ផាន រះ ។​

បើសិនជា​ខេ​វិ​ន មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​នោះ ផាន រះ ពិបាក​ទប់​ជាមួយ​ខេ​វិ​ន​ហើយ ព្រោះ​ខេ​វិ​ន​គេ​ខ្ពស់ ដៃជើង​វែង ម្ល៉ោះហើយ​ស្នៀត​ជង្គង់ កែង របស់គេ​ល្អ​ណាស់ ។

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ ផាន រះ មិន​ប្រាកដថា អាច​យកឈ្នះ​លើ​សូត្រ ខេ​វិ​ន បាន​ទៀត​នោះឡើយ​។ ហេតុនេះ ផាន រះ មិនអាច​មើលស្រាល​អ្នក​ប្រដាល់​វ័យក្មេង​សូត្រ ខេ​វិ​ន នោះបាន​ដែរ ។​

បញ្ជាក់ថា ខេ​វិ​ន ឡើង​ប្រកួត​ប្រមាណ​៧​លើកចុងក្រោយ​នេះ គេ​វាយ​ចាញ់​គូប្រកួត​ទាំងអស់ ។​ការប្រកួត​លើកចុងក្រោយ​គេ​នោះ ខេ​វិ​ន វាយ​ចាញ់​ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ដោយ​ពិន្ទុ ។​

ម៉ន ភី​រម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ក៏​នឹង​ឡើង​សងសឹក​ធន់ អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ។​សម្រាប់​ការឡើង​សងសឹក​នេះ មិនដឹងថា​ម៉ន ភី​រម្យ គេ​អាច​ធ្វើបាន សម្រេច​ឬ​អត់​ទេ​? ៕​