ព័ត៍មានទាន់​ហេតុការណ៏
Search

សាល ចាន់​ស៊ី ហក់​ចូល​ទ្រនំ​សាស្តា​ក្រោយពេល​ត្រឡប់​មកពី​កើប​លុយ​នៅ​ប្រទេស​អូស្ត្រាលី​វិញ

ភ្នំពេញ ​៖ ​តារា​ចម្រៀង​ប្រុស​វ័យក្មេង​រូប​សង្ហា​លោក សាល ចាន់​ស៊ី ក្រោយពេល​ទីផ្សារ​ចម្រៀង​បច្ចុប្បន្ន​កាន់តែ​ចាប់ផ្តើម​មាន​សន្ទុះ​នៃ​ការ​គាំទ្រ និង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​គ្រប់​ស្រទាប់​វ័យ​នោះ​ កាលពី​ថ្មីៗ​នេះ ​តារាចម្រៀង​ប្រុស​រូប​នេះ ​ក៏​ក្តាប់​បាន​ឱកាស​ចេញទៅ​ច្រៀង​ និង​សម្តែង​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី​មាន​រយៈពេល​ប្រមាណ​ពីរ​ខែ​ផង​ដែរ។

ការ​ចាកចេញ​ទៅ​បង្ហាញ​សមត្ថភាព​នៅ​លើក​ទឹកដី​ប្រទេស​អូស្ត្រាលី​របស់​តារាចម្រៀង​លោក សាល ចាន់​ស៊ី អំឡុង​ពេលនេះ​គឺ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន ​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​ទីនោះ។ ម្យ៉ាងទៀត សាល ចាន់​ស៊ី ក៏​ទទួល​បាន​ការ​លើក​សរសើរ​លើ​សមត្ថភាព ​និង​អត្តចរិត​រួសរាយ​រាក់ទាក់​ទៀត​ផង។

ទន្ទឹមគ្នា​ ដែល​ច្បាម​បាន​ឱកាស​ចេញទៅ​រកលុយ​នៅ​ប្រទេស​អូ​ស្រា្ត​លី​នេះ​ដែរ​ លោក​សាន ចាន់​ស៊ី បន្ទាប់​ពី​នៃ​ការ​វិលត្រឡប់​មកពី​ប្រទេស​អូស្ត្រាលី​វិញ​នេះ​ដែរ ​ក៏​ស្រាប់តែ​ទទួល​បាន​ឱកាស​ថ្មី​មួយទៀត​គឺ​ការ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​សាស្តា​បង្ក​ការចាប់អារម្មណ៍ ​និង​ភ្ញាក់ផ្អើល​សម្រាប់​ទស្សនិកជន។ ខណៈ​អំឡុង​ពេល​តែមួយ​គឺ​តារាចម្រៀង​រូប​នេះ​អាច​ជោគជ័យ​ និង​មានឱកាស​២​ផ្ទួនៗ​គ្នា​ដូច​ពាក្យចាស់​ពោល​ថា ​ក្រសោប​ម្តង​ចាប់​ត្រី​បាន​ពេញដៃ​តែម្តង។

ស្រប​ពេល​កំពុងតែ​លេច​វត្តមាន​រះ​លើ​ទ្រនំ​ផលិតកម្ម​សាស្តា​នេះ​ដែរ​ តារាចម្រៀង​លោក សាល ចាន់​ស៊ី កាលពី​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក៏​ស្រាប់តែ​បញ្ចេញ​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ ដែល​ច្រៀង​នៅក្នុង​ផលិតកម្ម​សាស្តា​ធ្វើ​ឲ្យ​មានការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ជាច្រើន។ បទ​របស់​លោក សាល ចាន់​ស៊ី ដែល​ត្រូវ​បាន​ចេញ​ចរាចរណ៍​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​និង​យូធូប​នោះ ​មាន​ចំណងជើង​ថា​ មាន​ស្រី​ក៏​មិន​មានន័យថា​ក្បត់។

តាមរយៈ​បទ​ចម្រៀង​នេះ​ដែរ​ ត្រូវ​បាន​សាមីខ្លួន​លោក សាល ចាន់​ស៊ី បញ្ជាក់​ឲ្យ​ដឹង​ថា​ ចំពោះ​បទ មាន​ស្រី​ក៏​មិន​មានន័យថា​ក្បត់ គឺជា​ស្នាដៃ​និពន្ធ​ទំនុកច្រៀង​និង​មេ​ឡូ​ឌី​ថ្មី។ បទ​នេះ ​និពន្ធ​ដោយ​លោក សាល ចាន់​ស៊ីវ ដែល​ត្រូវ​ជា​ប្អូនប្រុស​បង្កើត​របស់​ខ្លួន។

លោក​សាល ចាន់​ស៊ី ក៏បាន​បង្ហាញ​ក្តី​រំពឹង​ថា ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ព្រោះ​បទ​នេះ​និពន្ធ​ឡើង​ដោយ​មានការ​បង្កប់​អត្ថន័យ​រៀបរាប់​ពី​មនុស្ស​ប្រុស​ម្នាក់​ដែល​ក្បត់​លួចលាក់​មាន​ស្នេហា​ថ្មី​យ៉ាង​ឈឺចាប់​ផង​នោះ៕