ព័ត៍មានទាន់​ហេតុការណ៏
Search

ចាប់​ខ្លួន​ជនជាតិ​កូរ៉េ​២​នាក់​ពាក់ព័ន្ធ​​អំពើ​ឆបោក​ និង​លួច​ប្រាក់​ជាង​៧​លាន​ដុល្លារ

ភ្នំពេញ​ ៖​ បុរស​ជនជាតិ​កូរ៉េ​២​នាក់​ជា​ឪពុក ​និង​កូន ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​ចាប់​បញ្ជូន​ខ្លួន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​​កញ្ញា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធ​នឹង​ករណី ឆបោក​និង​លួច​ប្រាក់​ពី​ក្រុមហ៊ុន​ចិន​មួយ​អស់ប្រាក់​ជាង​៧​លាន​ដុល្លារ​អាមេរិក។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទី​១​ឈ្មោះ ចូ ស៊ូ​ពិន cho so in ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ជនជាតិ​កូរ៉េខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M36107313។ ជនសង្ស័យ​ទី​២​ឈ្មោះ ចូ សាម​ហ្សុ​ង cho Samsung ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​ឪពុក ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ ១៥ ផ្លូវ​១១២៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ជនរងគ្រោះ​ ដែល​ប្ដឹង​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​ឈ្មោះ ជិន ជី​ហុង Jin zhehong ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន ជា​ពាណិជ្ជករ តំណាង​អោយ​ក្រុមហ៊ុន​Shenyang Aiweiou Healfh Products Co ltd មាន​អាសយដ្ឋាន​ផ្ទះ​លេខ ២៧ ផ្លូវ​លេខ ១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។ ឥឡូវនេះ​ជនសង្ស័យ​ទាំង​២​នាក់​ឪពុក​កូន​ កំពុង​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​រង​សៀង សុខ ធ្វើការ​សាកសួរ​នៅឡើយ។

ប្រភព​ព័ត៌មាន​ពី​អយ្យការ​អម​សាលាដំបូង​បានអោយដឹងថា ចំពោះ​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ដែល​បាន​ប្ដឹង​ជនជាតិ​កូរ៉េ​ពី​បទ​ឆបោក​មាន​ទឹកប្រាក់​ចំនួន ២៩២ ០៤៥ ដុល្លារ ប្រព្រឹត្ត​កាលពី​អំឡុង​ខែ វិច្ឆិកា ឆ្នាំ​២០១៦ និង​បទ​លួច មាន​ទឹកប្រាក់​ចំនួន​ ៧ ២០៥ ៨៨២ ដុល្លារ ប្រព្រឹត្ត​ក្នុង​ឆ្នាំ​២០១៧ និង​បទ​ក្លែង​ឯកសារ​សាធារណៈ និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។

ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន Shenyang ត្រូវ​ការទិញ​រថយន្ត​អាមេរិក​ទំនើប​មួយ​គ្រឿង​ម៉ាក​LINCOLN NAVEGATOR Airforce one ផលិត​ឆ្នាំ​២០១៧ ​ពី​ក្រុមហ៊ុន Tianjin Baochang Automobile សម្រាប់​ទទួលភ្ញៀវ​ពិសេស​ក្នុង​ឆ្នាំ​២០១៧ ដែល​មាន​តម្លៃ​ទីផ្សារ​ពេលនោះ ៣០០ ០០០ ដុល្លារ ។ ស្រាប់តែ​ពេលនោះ ឈ្មោះ ចូ ស៊ូ​ពិន ដែល​ជា​ជំនួយការ​ប្រធាន​ក្រុមហ៊ុន​បាន​និយាយថា​ ឪ​ពុក​របស់គាត់​ឈ្មោះ ចូ សាម​ហ្សុ​ង មាន​បទពិសោធន៍​ក្នុង​ការទិញ​និង​នាំចូល​រថយន្ត​ក្នុងតម្លៃ​ទាប​ជាង​ក្រុមហ៊ុន​Tianjing គឺ​ប្រហែល​តម្លៃ ២២២ ០០០​ដុល្លារ​ប៉ុណ្ណោះ។

ពេលនោះ​ក្រុមហ៊ុន​ ដែល​កុម្ម៉ង់​ទិញ​បាន​ពន្យល់​អំពី​លក្ខណៈ​រថយន្ត​ ដែល​ទិញ​គឺ​មាន​បំពាក់​ឧបករណ៍​ទំនើប​និង​កញ្ចក់​ការពារ​គ្រាប់​កាំភ្លើង។ បន្ទាប់​មក​ពួកគេ​ពាន​ឯកភាព​គ្នា ហើយ​ក្រុមហ៊ុន​បាន​ផ្ទេរ​ប្រាក់​អោយ​ចំនួន​៨​ដង ស្មើ​ទឹកប្រាក់ ៣១៤ ០០០​ដុល្លារ អោយ​ចូ ស៊ូ​ពិន និង​ចូ សាម​ហ្សុ​ង។ លុះដល់​ថ្ងៃទី ០៥ មេសា ឆ្នាំ​២០១៧ ទើប​ពួកគេ​បាន​យក​រថយន្ត​ជជុះ​មួយគ្រឿង​មាន​ភិនភាគ​ប្រហាក់ប្រហែល​នឹង​រថយន្ត​ដែល​ក្រុមហ៊ុន​កុម្ម៉ង់​មក​អោយ ពេលនោះ​ក្រុមហ៊ុន​មិន​ទទួលយក​ឡើយ ហើយ​ពួកគេ​ក៏បាន​ថា​នឹង​យក​រថយន្ត​ថ្មី​មក​អោយ ​ហើយក៏​យក​រថយន្ត​ជជុះ​នោះ​ទៅវិញ​បាត់​រហូត​ដល់​ពេល​នេះ។

មិនតែប៉ុណ្ណោះ​នៅពេល​ឈ្មោះ ចូ ស៊ូ​ពិន ធ្វើជា​ជំនួយការ​របស់​នាយក​ក្រុមហ៊ុន បាន​ឃុបឃិត​គ្នា​ជាមួយ​ឈ្មោះ ចូ សាម​ហ្សុ​ង ជា​ឪ​ពុក​បាន​លួច​ដក​សាច់​ប្រាក់សុទ្ធ​របស់​ក្រុមហ៊ុន​អស់​ចំនួន ៧ ២០៥ ៨៨២​ដុល្លារ​ទៀត ហើយរត់ទៅ​ប្រទេស​កូរ៉េ​វិញ ទើបតែ​ថ្មីៗ​នេះ​បុរស​ជនជាតិ​កូរ៉េ​ទាំង​២​នាក់​ឪពុក​កូន​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​វិញ​ដោយ​ទិញ​ខុន​ដូរ​រស់នៅ និង​ទិញ​រថយន្ត​មាក​រ៉ង់​រ៉ូ​វើ​ពាក់​ស្លាក​លេខ ខម មាន​អង្គរក្ស​ការពារ​ជិះ​ទៀត​ទើប​ក្រុមហ៊ុន​ដែល​រងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង៕