ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សួង សុ​ភ័​ណ្ឌ ដាក់ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា ចូល​តុលាការ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ជាង​១០​ម៉ឺន​ដុល្លារ

ភ្នំពេញ ​៖ លោក​សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​ព្រឹក ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ បានដាក់​ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា អតីត​គណបក្ស​អំណាច​ខ្មែរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​បរិហារកេរ្តិ៍​សាធារណៈ ទាក់ទង​នឹង​ករណី​ដែល​លោក សួន សេរី​រដ្ឋា ចោទប្រកាន់ថា លោក សួង សុ​ភ័​ណ្ឌ បាន​ក្លែង​ហត្ថលេខា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​៥០០​លាន​រៀល ស្មើនឹង​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក។

លោក សួង សុ​ភ័​ណ្ឌ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅខាងមុខ​តុលាការ បន្ទាប់ពី​ដាក់ពាក្យ​ប្តឹង​ថា ការប្តឹង​លោក សួន សេរី​រដ្ឋា ពេលនេះ គឺ​ដើម្បី​ស្វែងរក​ការពិត ជូន​គណបក្ស​អំណាច​ខ្មែរ ហើយ​លោក​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​សាធារណៈ​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា​៣០៥​។ លោក​បញ្ជាក់ថា មូលហេតុ​ដែល​លោក​ប្តឹង​នេះ ដោយសារ​លោក សួន សេរី​រដ្ឋា បាន​ចោទប្រកាន់​លោក​ថា បាន​ក្លែងឯក​សារលិខិត​លាលែង ហើយ​ចំណុច​នេះ ជា​កម្មវត្ថុ​សំខាន់ ដែល​លោក សួន សេរី​រដ្ឋា បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ “​ខ្ញុំ និង​គណបក្ស​មាន​ឯកសារ​គ្រប់គ្រាន់​ជា​ឯកសារ ជា​សំឡេង ដែល​បញ្ជាក់ថា លោក សួន សេរី​រដ្ឋា ពិតជា​បាន​លាលែង​ពី​ប្រធាន​គណបក្ស​ពិតប្រាកដ​មែន​។​

ទាក់ទង​នឹង​ការលើកឡើង​របស់លោក សួន សេរី​រដ្ឋា ដែលថា លោក​មិនដែល​បាន​លាលែង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​នោះ លោក សួង សុ​ភ័​ណ្ឌ បាន​អះអាងថា “​ខ្ញុំ​សូមបញ្ជាក់ថា បើ​លោក សួន សេរី​រដ្ឋា មាន​ភស្តុតាង​ពិតប្រាកដ ភស្តុតាង​អ្វីដែល​ពិត​ប្រាកដថា ខ្ញុំ​បាន​ក្លែង​លិខិត​លាលែង ជាធម្មតា​គាត់​ចោទ​ខ្ញុំ​ថា​ក្លែង​លិខិត​លាលែង ការ​ចោទ​ត្រូវតែមាន​ភស្តុតាង​ដាក់បន្ទុក អា​ភស្តុតាង​ដាក់បន្ទុក​ហ្នឹង​ខ្ញុំ​ចង់ឃើញ ចង់​ឃើញថា អ្វី​ជា​ភស្តុតាង​ដាក់បន្ទុក ឥឡូវ​យើង​ប្តឹង​ចូល​តុលាការ​ហើយ បើ​លោក សួន សេរី​រដ្ឋា អត់​មាន​ភស្តុតាង​ដាក់បន្ទុក​ទេ ចាំ​ទទួល​ក្នុង​ពាក្យបណ្តឹង​ខ្ញុំ​ប្តឹង​ឲ្យ​សងជំងឺចិត្ត​គណបក្ស​ចំនួន​៥០០​លាន​រៀល ស្មើ​ជាង​១០​ម៉ឺន​ដុល្លារ​។​

ចំណែក​លោក សួន សេរី​រដ្ឋា បាន​អះអាងថា “​យើង​អត់​មាន​សមត្ថភាព​បញ្ជាក់ថា ពិត ឬ​ក្លែងក្លាយ​ទេ ប៉ុន្តែ​ក្រសួងមហាផ្ទៃ ដែលមាន​នាយកដ្ឋាន​ជំនាញ និង​ក្រសួង​ជំនាញ អាច​ពិនិត្យ​ដឹង​ហើយ ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ គាត់​ធ្វើ​កោសលវិច័យ​ដឹង​ឥឡូវ​ហ្នឹង ធ្វើ​ថ្ងៃ​ហ្នឹង​ឃើញ​ថ្ងៃ​ហ្នឹង ធ្វើ​ថ្ងៃ​ស្អែក​ឃើញ​ថ្ងៃស្អែក ហើយ​ខ្ញុំ​ច្បាស់​ណាស់​ថា ខ្ញុំ​អត់​បាន​លាលែង ខ្ញុំ​អត់​បាន​ចុះហត្ថលេខា ហើយ​លោក ប៉ែន ស៊ា​ប ជា​អនុប្រធាន គាត់​ក៏​ច្បាស់​ខ្លួនឯង​ដែរ ចាំ​សួរ​គាត់​ទៅ​ថា គាត់​បាន​លាលែង​ពី​អនុប្រធាន​អត់ ? បាន​ជា​មាន​លិខិត​ក្រសួងមហាផ្ទៃ​ថា គាត់​បាន​លាលែង ហើយ​មាន​លិខិត​លាលែង​អត់ បើ​មាន​មែន វា​ជា​រឿង​ចំឡែក ពីព្រោះ​យើង​អត់​បាន​ចុះហត្ថលេខា​”​។

សម្រាប់​ការដាក់​ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា បញ្ជាក់ថា “​ខ្ញុំ​ស្វា​គម​ន៍ ពីព្រោះ​ខ្ញុំ​ស៊ាំ​ទៅ​ហើយ សម្រាប់​ខ្ញុំ​ធ្លាប់​ប្តឹង​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយ​រដ្ឋាភិបាល ក៏​ធ្លាប់​ប្តឹង​ខ្ញុំ ចាប់​ខ្ញុំ​ដាក់គុក​ដែរ​។ ពីព្រោះ​អ្នកនយោបាយ​បើ​ប្រើប្រាស់​តុលាការ ដើម្បី​តទល់​គ្នា វា​ល្អប្រសើ​បំផុត​ហើយ កុំ​ឲ្យ​តែ​ប្រើប្រាស់​អាវុធ​បាញ់​សម្លាប់​គ្នា អាហ្នឹង​បាន​មិនអាច​ទទួលយកបាន ចឹ​ង​ខ្ញុំ​សូម​ស្វា​គម​ន៍ ពីបទ​បរិហារកេរ្តិ៍ ពីបទ​អ្វី​ក៏ដោយ សូមបញ្ជាក់ថា នៅក្នុង​ដៃ​សមាជិក​ក្រុមប្រឹក្សា​មាន​ឯកសា​ទាំងអស់ ដើម្បី​ដោះស្រាយ​គ្នា តទល់​គ្នា​លើផ្លូវ​ច្បាប់​”​។​

សូមបញ្ជាក់ថា នៅក្នុង​សន្និសីទ​មួយ​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក សួន សេរី​រដ្ឋា បាន​លើកឡើងថា លោក សួង សុ​ភ័​ណ្ឌ បានធ្វើ​លិខិត​ក្លែងក្លាយ​មួយ ដើម្បី​បញ្ជាក់ថា លោក​បាន​លាលែង​ពី​តំណែង​ប្រធាន​បក្ស ហើយ​បាន​កាត់ត​ហត្ថលេខា​របស់លោក​ដាក់​លើ​លិខិត​ក្លែងក្លាយ​នេះ​ផ្សាយ​ជា​សាធារណៈ ។ លោក​បញ្ជាក់ថា “​ខ្ញុំ​សូមបញ្ជាក់ថា ខ្ញុំ​អត់​ដែល​បាន​លាលែង​ពី​ប្រធាន​បក្ស​ទេ ខ្ញុំ​ធ្លាប់តែ​បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្ទេរ​សិទ្ធ​ឲ្យ សួង សុ​ភ័​ណ្ឌ ធ្វើជា​ប្រធានស្តីទី ចំពោះ​លិខិត​លាលែង​នេះ ជា​លិខិត​ក្លែងក្លាយ​”​។​

តាម​លោក សួន សេរី​រដ្ឋា “​នេះ​ជា​បទឧក្រិដ្ឋ​មួយ ទាក់ទង​បទ​ព្រហ្មទណ្ឌ ដែល​ខ្ញុំ​បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម គាត់​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​ស្នើ​ធ្វើយ៉ាងណា ឲ្យ​ធ្វើ​កោសល​វិ​ច្ច័​យ​ឡើងវិញ លើ​លិខិតស្នាម​ទាំងអស់ ដែល សួង សុ​ភ័​ណ្ឌ ដាក់​ទៅ​មហាផ្ទៃ​។ លោក សួន សេរី​រដ្ឋា អះអាង​ដែរ​ថា “​បន្ទាប់ពី​ក្រសួងមហាផ្ទៃ​ប្រកាស​ទទួលស្គាល់ ទទួល​សំណើរ ធ្វើ​កោសលវិច័យ​រួចហើយ ខ្ញុំ​នឹង​ដំណើរការ​ទៅមួយ​ដំណាក់កាល​ទៀត គឺ​បញ្ជូនទៅ​តុលាការ បញ្ជូន​ករណី​បន្លំ​ហត្ថលេខា​ខ្ញុំ​នេះ​ឲ្យ​តុលាការ​ចាត់ចែង​តាមច្បាប់​”៕