ព័ត៍មានទាន់​ហេតុការណ៏
Search

ដើរ​ទៅ​ស្រង់​ស្រូវពូជ​ដាក់​ទូក ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ជ្រៅ​លង់​ស្លាប់

ព្រៃវែង ​៖​ យុវជន​ម្នាក់​លុយ​ទឹក​ចំណុច​ផ្លូវ​ដាច់​ទៅ​ស្រង់​ស្រូវពូជ​ដាក់​​លើ​ទូក​ បណ្ដាល​ឲ្យ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​ជ្រៅ​កួច​លង់​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល។

ហេតុការណ៍​ខាង​​លើ ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៣ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ភូមិ​ពោធិ​រៀងជើង ឃុំ-​ស្រុក​ពោធិ៍រៀង​ ខេត្ត​ព្រៃវែង ​វេលា​ម៉ោង​១០​និង​៣០​នាទី។

សមត្ថកិច្ច​នគរបាល​ស្រុក​ពោធិ៍រៀង​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ខាងលើ​មាន​ឈ្មោះ​ហៃ ដា​រា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាងលើ ហើយ​មូលហេតុ ​ដែល​បណ្ដាល​ឲ្យ​ជនរងគ្រោះ​លង់ទឹក​ស្លាប់ ​គឺ​មកពី​ជនរងគ្រោះ​ បាន​នាំគ្នា​២​នាក់​ដើរ​លុយ​ទឹក​ទៅ​ស្រង់​ស្រូវពូជ​ដាក់​លើ​ទូ​​​ក ខណៈ​ដើរ​ដល់​ចំណុច​ផ្លូវ​ដាច់ ​ដែល​មាន​ជម្រៅ​ជ្រៅ​ ជនរងគ្រោះ​រអិល​​ជើង​ចូលទៅ​ចំណុច​ទឹក​ហូរ​កួច ​ក៏​បណ្តាល​ឲ​លង់​ស្លាប់​បាត់​បង់ជីវិត​តែម្តង។

ក្រោយពេល​​កើតហេតុ ​ភ្លាមៗ​ផង​ដែរ ​បងប្អូន​ជនរងគ្រោះ​ និង​សាច់ញាតិ​ បាន​នាំគ្នា​ជិះទូក​មុជទឹក​រាវរក​ជនរងគ្រោះ​មក​សង្គ្រោះ​ផង​ដែរ​ តែ​ជា​អកុសល ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​​ហើយ។ សមត្ថកិច្ច​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើ​ការ​ពិនិត្យ​កោសលវិច័យ​​ឃើញ​ថា ​ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ពិត​ប្រាកដ​មែន។ សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើ​​បុណ្យ​តាម​ប្រពៃណី៕