ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ចោរប្លន់​លុយ​នៅ​ខណ្ឌ​សែន​សុខ នៅ​ពេល​នេះ​កម្លាំង​នគរបាល ចាប់បាន​២​នាក់ ដកហូត​កាំភ្លើង​២​ដើម និង​ម៉ូតូ​២​គ្រឿង

ភ្នំពេញ​ ៖​ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​កណ្តាល​សន្តិសុខ និង​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ បាន​រួមដៃគ្នា បើក​ប្រតិបត្តិការ​តាម​បង្ក្រាប ក្រុមចោរប្លន់​ប្រដាប់ អាវុធ​ចំនួន​២​នាក់ ក្នុងចំណោម​បក្ខពួក​ចំនួន​៣​នាក់ ដែល​បាន​ប្លន់​ទ្រព្យសម្បត្តិ​យ៉ាងសកម្ម នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួមទាំង​ដកហូត​បាន​កាំភ្លើងខ្លី​ចំនួន​២​ដើម និង​វត្ថុតាង​ផ្សេងៗ​ទៀត​មួយចំនួន។

ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​ខាងលើនេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨​។ ក្រុមចោរប្លន់​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​សំណាក់ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌ និង​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ងេ​ង ជួរ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។​

លោក ជាវ វិបុល ក្នុងនាម​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ទាំងមូល បាន​ប្រាប់អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ជនសង្ស័យ​ទី​១៖ មានឈ្មោះ តាំង រុន អាយុ​៣១​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ទី​២៖ ឈ្មោះ ឡា ធារ៉ា អាយុ​២៤​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

លោក ជាវ វិបុល បាន​អោយ​ដឹង​ទៀតថា ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​ ៖ ម៉ូតូ​ចំនួន​២​គ្រឿង (​សេ​១២៥ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង​), អាវុធខ្លី​ចំនួន​២​ដើម (​ម៉ាក​រ៉ូឡូ​១​ដើម និង​ម៉េ​អាកុល​ចំនួន​១​ដើម និង​ម្សៅ​ពណ៌​ស​មួយ​កូន​កញ្ចប់​។

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច បានឱ្យដឹងថា ក្រុម​ជនសង្ស័យ កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៨​ថ្មីៗ​នេះ បាន​ប្លន់​ទ្រព្យសម្បត្តិ​ស្ត្រី​ជា​អ្នករកស៊ី​រាប់​លុយ នៅក្នុង​ផ្សារ​ឈូក​មាស សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ជនរងគ្រោះ​បណ្តាលឱ្យ​បែកក្បាល ដើម្បី​ប្លន់​ទ្រព្យសម្បត្តិ​បាន​ប្រាក់​ដុល្លារ​ចំនួន​១.៧​ម៉ឺន​ដុល្លារ និង​ប្រាក់រៀល​ចំនួន​១០​លាន​រៀល ហើយ​រត់គេចខ្លួន​បាត់​ទៅ។​

បន្ទាប់មក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ហើយក៏​រកឃើញ​ក្រម​ជនដៃដល់​ចំនួន​២​នាក់ ហើយក៏​ចាប់ខ្លួន​បញ្ជូន​​​ម​ក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់៕