ព័ត៍មានទាន់​ហេតុការណ៏
Search

ហ្វីលីពីន​រៀបចំ​ជាបន្ទាន់​ ខណៈ​ព្យុះ​ទី​ហ្វុ​ង​ចូល​កាន់តែ​ជិត

ប្រទេស​ហ្វីលីពីន​កំពុងធ្វើការ​ត្រៀមខ្លួន​ជាបន្ទាន់​នៅ​ថ្ងៃ​សុក្រ​ ខណៈដែល​ព្យុះ​ទី​ហ្វុ​ង Mangkhut ត្រូវបាន​គេ​គិតទុក​ជាមុន​ថា នឹង​វាយប្រហារ​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​មិន​ដល់​២៤​ម៉ោង​ទៀត​ទេ​ដោយ​នាំមក​ជាមួយ​នូវ​កម្លាំង​ខ្យល់​បក់​រហូតដល់​២៥៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ការ​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ក្លា។

មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅលើ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​នៃ​ប្រទេស​ហ្វីលីពីន​មុនពេល​មានការ​បាក់​ដី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នៅក្នុង​អ្វីដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ជា​ព្យុះ​កាច​សាហាវ​បំផុត​ក្នុងឆ្នាំនេះ​របស់​ប្រទេស​ដែល​ងាយ​រងគ្រោះ​មួយ​នេះ​។​

លោក Michael Conag អ្នកនាំពាក្យ​អាជ្ញាធរ​ការពារ​ស៊ីវិល​មូលដ្ឋាន​បាន​ប្រាប់ AFP ថា “​ភ្លៀង​នឹង​ខ្លាំង​ហើយ​មិនអាច​លេងសើច​ជាមួយ​ខ្យល់​បានទេ​។ ព្យុះ​នេះ​អាច​បំផ្លាញ​ផ្ទះ​ជាពិសេស​ជំរក​បណ្តោះអាសន្ន​។ អ្នក​ដែល​អាច​រងគ្រោះ​ខ្លាំង​បំផុត​គឺ​អ្នក​ដែល​រស់នៅ​ឆ្នេរសមុទ្រ​”​។​

ភ្លៀង​ធ្លាក់​និង​ខ្យល់​បក់​ខ្លាំង​កំពុង​ចាប់ផ្ដើម​វាយប្រហារ​នៅ​ចុង​ភាគ​ឦសាន​នៃ​កោះ Luzon នៅ​ថ្ងៃ​សុក្រ​ប៉ុន្តែ​មិនមាន​របាយការណ៍​អំពី​ការខូចខាត​ធំដុំ​ឬ​ទឹកជំនន់​ទេ​។​

ប្រជាជន​យ៉ាងតិច​៤​លាន​នាក់​គឺ​រស់នៅ​ដោយផ្ទាល់​ចំ​ផ្លូវ​របស់​ព្យុះ Mangkhut ដែល​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​ឆ្ពោះទៅកាន់​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​ដែលមាន​ប្រជាជន​យ៉ាងច្រើន​រួមទាំង​ទីក្រុង​ហុងកុង​ផងដែរ​នៅ​ចុង​សប្តាហ៍​នេះ​។​

ជា​មធ្យម មាន​ព្យុះ​ទី​ហ្វុ​ង​និង​ព្យុះ​ធម្មតា​ចំនួន​២០​បាន​វាយប្រហារ​ប្រទេស​ហ្វីលីពីន​ជា​រៀងរាល់ឆ្នាំ​ដោយ​សម្លាប់​មនុស្ស​រាប់រ​យ​នាក់​និង​បន្សល់ទុក​មនុស្ស​រាប់លាន​នាក់​នៅក្នុង​ភាពក្រីក្រ​។​

ព្យុះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​របស់​ប្រទេស​នេះ​គឺ​កំពូល​ព្យុះ​ទី​ហ្វុ​ង Haiyan ដែល​បណ្តាល​ឲ្យ​ស្លាប់​និង​បាត់​ខ្លួន​មនុស្ស​ជាង​៧,៣៥០​នាក់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៣​។​

សេវា​អាកាសធាតុ​រដ្ឋ​បាន​និយាយថា Mangkhut នឹង​ក្លាយជា​ព្យុះ​ទី​ហ្វុ​ង​ខ្លាំងក្លា​បំផុត​នៅ​ឆ្នាំនេះ​ដោយមាន​ខ្យល់​បក់​ក្នុង​ល្បឿន​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​៕ AFP