ព័ត៍មានទាន់​ហេតុការណ៏
Search

ព្យុះសង្ឃរា Florence បាន​ចុះខ្សោយ​នៅពេល​វា​ចាប់ផ្ដើម​វាយប្រហារ​ភាគ​ខាងកើត​សហរដ្ឋអាមេរិក

ឆ្នេរសមុទ្រ​ភាគ​ខាងកើត​របស់​សហរដ្ឋ​អាមេរិក​ បាន​ត្រៀមខ្លួន​ចំពោះ​ព្យុះសង្ឃរា Florence នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ព្យុះ​នេះ​ បាន​ចាប់ផ្តើម​វាយប្រហារ​រដ្ឋ Carolina ទាំងពីរ​ជាមួយ​ខ្យល់​បក់​និង​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ដែល​អ្នក​ព្យាករណ៍​បាន​ព្រមាន​ថា​អាច​បង្ក​ឲ្យ​មាន​ទឹកជំនន់​គំរាមកំហែង​ដល់​អាយុជីវិត​បើទោះបីជា​វា​កាន់តែ​ចុះខ្សោយ​ក៏ដោយ។

​មជ្ឈមណ្ឌល​ព្យុះ​ជាតិ​បាន​ឲ្យ​ដឹងថា ល្បឿន​ខ្យល់​អតិបរិមា​នៃ​ព្យុះ Florence គឺ​៩០​ម៉ា​យល៍​ក្នុង​មួយ​ម៉ោង​។ មជ្ឈមណ្ឌល​បាន​បន្ទាប​ព្យុះ​នេះ​ទៅដល់​កម្រិត​ទាប​បំផុត​ក្នុងចំណោម​៥​ប្រភេទ​នៅលើ​ខ្នាត Saffir-Simpson ។

ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ​បាន​បន្ថែមថា ព្យុះ​នេះ​នៅតែ​នាំមក​ជាមួយ​ខ្យល់​បក់​ខ្លាំង​។​
​កាលពី​ថ្ងៃ​ពុធ ព្យុះ Florence ត្រូវបាន​បន្ទាប​ពីរដង​ពី​កម្រិត​កំពូល​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​៤​ដែល​បណ្តាល​ឲ្យ​មាន “​ការខូចខាត​មហន្តរាយ​”​។ ឥឡូវនេះ​វា​ស្ថិតនៅក្នុង​ប្រភេទ​១​។​

ខ្យល់​បក់​ខ្លាំង​ចាប់ផ្តើម​វាយប្រហារ​រដ្ឋ North Carolina ខណៈដែល​មន្ត្រី​គ្រប់គ្រង​គ្រាអាសន្ន​សហព័ន្ធ​បាន​ព្រមាន​ថា ព្យុះសង្ឃរា​នេះ​នៅតែ​ជា “​ព្យុះ​ដ៏​គ្រោះថ្នាក់​បំផុត​” ដែលមាន​សមត្ថភាព​បង្ក​ការបំផ្លិចបំផ្លាញ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​។​

ដោយមាន​ខ្យល់​បក់​ខ្លាំង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​កាលពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នោះ មន្ត្រី​រដ្ឋ​និង​សហព័ន្ធ​បានចេញ​សេចក្តីអំពាវនាវ​ចុងក្រោយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ផ្លូវ​នៃ​ព្យុះ​ដ៏​អាក្រក់​នេះ​ដែល​ប្រហែលជា​កើតមាន​តែម្តង​ប៉ុណ្ណោះ​ក្នុង​មួយជីវិត​។​

លោក Roy Cooper អភិបាលរដ្ឋ North Carolina បាន​និយាយថា “​ព្យុះ​នេះ​នឹង​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​។ ផលប៉ះពាល់​មហន្តរាយ​នឹង​កើតមាន”។

មនុស្ស​ប្រហែល​១.៧​លាន​នាក់​នៅ​រដ្ឋ North Carolina, South Carolina និង Virginia បាន​ស្ថិតនៅក្រោម​ការបញ្ជា​ជម្លៀស​ដោយ​ស្ម័គ្រចិត្ត​ឬ​ចាំបាច់​ហើយ​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​ដែល​រស់នៅក្នុង​តំបន់​ទាំងនេះ​ទំនងជា​រង​ផលប៉ះពាល់​៕ AFP