ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត Beat Richner​ និង​ចែក​អាហារ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា

ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស​មាន​ប្រជាប្រិយភាព​លោក អ៊ឹម ជីវ៉ា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​ បាន​បន្តសកម្មភាព​មនុស្សធម៌​តាមរយៈ​ការចូលរួម​ចែក​អាហារ​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត Beat Richner​ និង​អ្នក​នាំ​កូនតូចៗ​របស់ខ្លួន​មក​សម្រាក​និង​ទទួល​ការ​ព្យាបាល ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ត្រូវបាន​មហាជន​ទូទៅ​ស្គាល់​ថា​ជាម​ន្ទីរពេទ្យ​ផ្នែក​កុមារ​ដ៏​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា។

​លោក អ៊ឹម ជីវ៉ា បាន​ឲ្យ​ដឹងថា ថ្ងៃនេះ​ខ្ញុំ​យក​អំណោយ​មក​ចែ​ក​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខ្ញុំ​ដោយមាន​ការចូលរួម​ដោយ​ ៖ លោកជំទាវ ប៉ុណ្ណា ដា​រី , លោកស្រី ប៉ុណ្ណា ទេវី ,​កញ្ញា សារ៉ាន់ ម៉ូ​នី​តា ,​កញ្ញា អ៊ុង នី​និ​ច​ បាន​យក​អំណោយ​មាន​បាយ​ចំនួន ៨១៦​កញ្ចប់ ,​ទឹកក្រូច​ចំនួន​ចំនួន​៨១៦​កំប៉ុង ទឹក​សុទ្ធ​៨១៦​ដប ,​ជូន​ថវិកា​​ដល់​កងកម្លាំង​ការពារ​ចំនួន​២៦​នាក់​ក្នុង​ម្នាក់ៗ​ម៉ឺន​រៀល និង​ចូលរួម​បច្ច័យ​បុណ្យសព​លោក​បណ្ឌិត Beat Richner​ចំនួន​៣២៥​ដុល្លារ​បន្ថែម​ទៀត។

តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្តថា ​ចំពោះ​គោលបំណង​ដែល​យើងខ្ញុំ​ទាំងអស់គ្នា​ធ្វើឡើង​នេះ​គឺ​ទី​១- ជា​ការ​គំនិត​ពី លោកជំទាវ ប៉ុណ្ណា ដា​រី ពិគ្រោះ​យោបល់​ជាមួយ​ខ្ញុំ​រួម​ជាមួយ​ក្រុម​ការងារ​ទាំងអស់ គួរ​ធ្វើ​បែប​ណា​ ទើប​សក្ដិ​សម និង​កុំអោយ​ខ្វះ​ដើម្បី​ចែក​ជូន​ដល់​កុមារ​តូចៗ​និង​ឪពុកម្តាយ​អ្នក​ដែល​មក​ថែ​ជំងឺ​ បាន​ទទួលទាន​ឆ្ងាញ់​គ្រប់ៗ​គ្នា​ព្រមទាំង​មានការ​ចូលរួម​គ្នា​ម្នាក់​បន្តិចបន្តួច​ឬ​មិន​ថា​តាម​កម្លាំងកាយ​នោះ​ឡើយ គឺអាច​ចូលរួមបាន​ទាំងអស់។

លោក អ៊ឹម ជីវ៉ា បញ្ជាក់ថា​ រីឯ​ផ្នែក​ទី​២-​គឺ​ដើម្បី​ចូលមក​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត Beat Richner នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​វត្តភ្នំ​។​យើងខ្ញុំ​ទាំងអស់គ្នា​ពិតជា​មានការ​ចូលរួម​សោកស្តាយ អាឡោះអាល័យ​យ៉ាង​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​របស់លោក​ប​ណ្ឌិ​ត Beat Richner​ព្រោះ​ស្ទើរ​មួយ​ជីវិត​លោក​បណ្ឌិត​បាន​លះបង់​លះបង់​ពេលវេលារ​ជួយ​ដល់​កុមារ​កម្ពុ​ជាច្រើន​រាប់មិនអស់ ហើយ​ការបាត់បង់​លោក​បណ្ឌិត​គឺជា​ការបាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​បំផុត​ដែល​កម្រ​នឹង​រកបាន។ សូម​ដួង​វិញ្ញាណក្ខន្ឋ​​​របស់លោក​បណ្ឌិត​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត៕