ព័ត៍មានទាន់​ហេតុការណ៏
Search

លុយ​៣០០០​រៀល ​កាប់សម្លាប់​ឪពុក​ តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

កណ្តាល ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ​ឆ្នាំ​២០១៨ នៅ​តុលាការ​ខេត្តកណ្តាល​ បាន​បើកសវនាការ​សំណុំរឿង កូនស្រី កាប់សម្លាប់​ឪពុក​ ដោយសារ​លុយ ៣០០០​រៀល ​និង​ប្រកាស​ផ្ដន្ទាទោស​១២​ឆ្នាំ​។​

សវនាការ​នេះ ​ដឹកនាំ​ដោយ​លោក ផូង វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ មានការ​ចូលរួម​ពី​លោក គឹម ម៉េង ជា​ចៅក្រម និង​លោកអ៊ី សុវណ្ណ ជា​ចៅក្រម និង​លោក សេង រិទ្ធី ជា​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល។

​ជនជាប់ចោទ​ឈ្មោះ ឃុ​ត ច​ន្នី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល ត្រូវបាន​លោក គឹម រ​ត្ន័​ណារិន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​រសៀល​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកា​​ឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​”​ឃាតកម្ម​” ដែល​ប្រព្រឹត្ត​នៅ ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ​កំណត់​ឲ្យ​ផ្តន្ទាទោស​ពី​១០(​ដប់​)​ឆ្នាំទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ យោងតាម​មាត្រា ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ។

សូមជម្រាបថា ហេតុការណ៍​កាប់សម្លាប់​យ៉ាង​សាហាវឃោរឃៅ​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ឈ្មោះ ឯម សារឿន ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយដឹងថា ជនរងគ្រោះ​០១​នាក់​ឈ្មោះ ឯម សារឿន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ​ទីលំនៅ​ភូមិ​ល្វា​សរ​កណ្តាល ឃុំ​ល្វា​សរ ស្រុក​ល្វាឯម​ខេត្តកណ្តាល​។

លោកស្នងការ​បានបញ្ជាក់​ថា នៅ​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​ម៉ោង​២​រសៀល ជន​សង្ស័យ​បាន​ត្រឡប់​មកពី​លក់​ឆៃថាវ មកដល់​ផ្ទះ​បាន​រាប់​លុយ​ឃើ​ញ ៧០.០០០​រៀល ​ហើយ​រៀប​ទុក​នៅក្នុង​កាបូបស្ពាយ​។ បន្ទាប់មក​បាន​ដេក​អង្រឹង​ប្រឡែង​លេង​ជាមួយ​កូន​ឆ្កែ ដែលមាន​ស្ពាយ​កាបូប ជាប់​នឹង​ខ្លួន។ ប៉ុន្តែ មិនបាន​ដេកលក់​ទេ លុះ​មួយស្របក់​ទៀត​មាន​អារម្មណ៍​ថា​សង្ស័យ​បាត់​លុយ ក៏​រាប់​ម្តងទៀត បាន​ឃើញ​ថា លុយ​ខ្លួន​បាត់​ចំនួន​៣.០០០​រៀល ស្រាប់​តែមាន​កំហឹង​ក្នុង​ខ្លួន ជួន​ពេល​ឪពុក​ឈ្មោះ​ឯម សារឿន បាន​ដើរ​មកដល់​ផ្ទះ អង្គុយ​លើ​​គ្រែ ហើយ​សម្លឹង​មក​កូន ភ្លាមនោះ កូន​ឈ្មោះ​ឃុ​ត ច​ន្នី បាន​ទាញ យក​កាំបិត នៅ​លើ​គ្រែ មក​កាប់​ឪពុក​ត្រូវចំ​ក​ខាងក្រោយ​បណ្តាល ឲ្យ​ធ្លាក់​ពី​​លើ​គ្រែ ស្លាប់​ភ្លាម​តែម្តង៕