ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ ណែ​នាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​និង​អង្គភាព​ពាក់ព័ន្ធ​ត្រៀម​រៀបចំ​អបអរ​សារទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ ដែល​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ខែវិច្ឆិកា

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​និង​អង្គភាព​ពាក់ព័ន្ធ​ត្រៀម​រៀបចំ​អោយ​រួចរាល់ ដើម្បី​ចូល​រួមអបអរ​សារ​ទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ ដោយ​ពិធី​នេះ​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី​២១​ដល់​ថ្ងៃទី​២៣​ ខែវិច្ឆិកា ​ឆ្នាំ២០១៨​។

បើ​យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ផ្ញើ​ទៅ​អាជ្ញាធរ និង​អង្គភាព​ពាក់ព័ន្ធ​បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង​។

ក្នុង​លិខិត​របស់ខ្លួន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែ​នាំទៅ​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី ត្រូវ​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ក្អែប បដា​ពាក្យស្លោក និង​បំភ្លឺ​ភ្លើងពណ៌ តាម​មន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និង​លំនៅឋាន​ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​មួយ​នេះ​។

ដោយឡែក សម្រាប់​បញ្ហា​សន្ដិសុខ​វិញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​រៀបចំ​ផែនការ​ការពារ​ជាក់ស្ដែង សម្រាប់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​ចរាចរណ៍​មុន ក្នុង និង​ក្រោយពេល ប្រារព្ធ​ព្រះរាជ​ពិធី​៕​