ព័ត៍មានទាន់​ហេតុការណ៏
Search

ការ​បង្ហោះ​ហ្វេ​សប៊ុ​កថា​ យុវតី​ម្នាក់​ធ្វើ​អត្តឃាត​ ​ដោយសារ​ប្រឡង​បាក់​ឌុប​ធ្លាក់​នោះ ​គឺជា​រឿង​មិន​ពិត

សៀមរាប ​៖ ​នគរបាល​ក្រុង​សៀមរាប​បាន​បង្ហោះ​ហ្វេ​ស​ប៊ុក​ដើម្បី​កុំ​ឲ្យ​មាន​ការយល់ច្រលំ​ថា ដោយ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការ​យក​រូបថត សព​យុវតី​ម្នាក់ ដែល​ធ្វើ​អត្តឃាត​ ភ្ជាប់​សាច់រឿង​ជាមួយ ការ​ប្រឡង​បាក់​ឌុប​ធ្លាក់ និង​កំហុស​បច្ចេកទេស របស់​ក្រសួង​អប់រំ ដើម្បី​បញ្ចៀស​ការ​យល់ច្រឡំ នគរបាល ព្រហ្មទណ្ឌ​ក្រុង​សៀមរាប បាន​ធ្វើ​ការ បំភ្លឺ បញ្ជាក់​ជូន​មហាជន​ថា យុវតី​ដែល​ធ្វើ​អត្តឃាត​នេះ ឈ្មោះ​ចិត្រ ម៉ា​ឡា ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​សម្រេចចិត្ត​ធ្វើអត្តឃាត ចង.ក​ដោយ​ក្រ​មានៅក្នុង​បន្ទប់​របស់​ខ្លួន កាល​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ មក​ម្ល៉េះ នៅក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយសារ​មាន​បញ្ហា​នៅក្នុង​គ្រួសារ​បន្តិចបន្តួច ហើយក៏​សម្រេចចិត្ត​យក​ក្រមា​ចង.ក​សម្លាប់​ខ្លួនឯង​ដោយ​គ្មាន​ក្រុម​គ្រួសារ​ណា​ម្នាក់​ដឹង​ឡើយ។

លុះដល់​ប្អូនប្រុស​បង្កើត របស់​ជនរងគ្រោះ ទៅ​ហៅ​ជនរងគ្រោះ​អោយ​ចេញ​មក​ហូបបាយ តែ​ជនរងគ្រោះ​មិន​ឆ្លើយ ដោយមាន​ការសង្ស័យ ប្អូនប្រុស​បង្កើត​រូប​នោះ ក៏បាន​រុញ​ទ្វារ​ហើយ​ឃើញ បងស្រី​របស់​ខ្លួន បានធ្វើ​អត្តឃាត ស្លាប់​បាត់​ទៅ ហើយ​ប្អូនប្រុស​ជនរងគ្រោះ​ក៏​រត់​មក​ស្រែក ហៅ​ម្តាយ​អោយ​ទៅ​មើល​ពេលទៅដល់ ម្តាយ​ជនរងគ្រោះ​ក៏​ឃើញ​កូនស្រី​របស់គាត់​បាន​ស្លាប់​បាត់ទៅហើយ​ផងដែរ​។

ការ​យក​សាច់​រឿង​នេះ មក​បង្ហាញជូន​ជាថ្មី​ម្តង​ទៀត ក៏​ព្រោះតែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​មាន​ការយក​រូបថត​សព​យុវតី​ខាងលើ មក​ផ្សព្វផ្សាយ ដោយ​ភ្ជាប់ សាច់រឿង​ជាមួយ ការ​ប្រឡង​ធ្លាក់ និង​កំហុស​បច្ចេកទេស របស់​ក្រសួង​អប់រំ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​តែប៉ុណ្ណោះ​។

អាស្រ័យហេតុនេះ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សូម​បញ្ជាក់​ថា ករណីនេះ​មិនមែន​ជា​ការ​ធ្វើអត្តឃាត ដោយសារ តែ​លទ្ធផល​ប្រឡង​ធ្លាក់​បាក់​ឌុប​ឆ្នាំ​២០១៨​នេះ នោះឡើយ គឺជា​សាច់រឿង​ផ្សេង​ពី​គ្នា និង​សូមជ្រាប​ជា​ព័ត៌មាន​៕