ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​ ពេល​យក​សម្ភារៈ​ជួយ​កុមារ​រងគ្រោះ ដោយ​ការ​រំលោភបំពាន​ផ្លូវភេទ

ភ្នំពេញ ​៖ ​តារា​សម្តែង​រូប​សង្ហា ​និង​តែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​លោក អ៊ឹម ជីវ៉ា ដោយ​មើលឃើញ​ពី​ក្តី​អាណិតអាសូរ​ និង​ភាព​ខ្វះខាត​របស់​កុមារ​រងគ្រោះ​ ត្រូវ​បាន​ជន​អគតិ​មួយចំនួន​រំលោភបំពាន​ផ្លូវភេទ​នោះ​ កាលពី​ថ្ងៃទី​១៦ ខែកញ្ញា បាន​នាំ​យក​អំណោយ​និង​សម្ភារៈ​មួយចំនួន​ទៅ​ចែកជូន​ដល់​ក្មេងៗ​ទាំង​នៅ​មណ្ឌល​។

អំឡុង​ពេល​ដែល​ទៅដល់​និង​ឃើញ​ពី​ទិដ្ឋភាព​ជាក់ស្តែង​របស់​កុមារ​រងគ្រោះ​ទាំងនោះ​តារា​ប្រុស​លោក អ៊ឹម ជីវ៉ា មិន​ត្រឹមតែ​បង្ហាញ​ពី​អារម្មណ៍​អាណិតអាសូរ​ខ្លាំង​នោះ​ទេ​ គឺ​លោក​ក៏បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​ និង​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​នៅឡើយ​ ព្រោះតែ​រន្ធត់ចិត្ត​ក្រោយពី​ឮ​ការ​រៀបរាប់​របស់​ក្មេងៗ​ទាំងនោះ​លើ​ទង្វើ​ព្រៃផ្សៃ​ពី​សំណាក់​បុគ្គល​ល្មោភកាម​។

លោក អ៊ឹម ជីវ៉ា បាន​និយាយ​ថា​ ទឹកភ្នែក​ស្រក់​មិន​បាត់​សោះ នៅពេល​ឃើញ​ប្អូន​កុមារី​ទាំងនេះ​ត្រូវ​បាន​គេ​ចាប់​រំលោភបំពាន​ទាំង​ស្មារតី​និង​រូបរាងកាយ​សូម្បីតែ​កុមារី​តូច​អាយុ​២​ឆ្នាំ​ក៏ត្រូវ​បាន​គេ​ចាប់​រំលោភ​ដែរ​ហេតុអ្វី​ក៏​មនុស្ស​ឃោរឃៅ​ម្ល៉េះ​ឪពុក​បង្កើត​រំលោភ​កូន​ខ្លួនឯង ឪពុកចុង ឪពុកមា ក្មេងស្ទាវ ចាប់រំលោភ វាយដំ មាន​សព្វបែបយ៉ាង។

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បន្ត​ថា ​ពេល​ឃើញ​កុមារ​មិនទាន់​ដឹងក្តី​ជា​ក្រដាស​ស​​ត្រូវបាន​គេ​ធ្វើបាប​ចាប់រំលោភ វា​ដំ ជាដើម​។ ខ្ញុំ​ដើរចេញ​មិនទាន់​ផុត​របង​មណ្ឌល​ផង​ទឹកភ្នែក​ខ្ញុំ​ស្រក់​រហូត រហូត​បើកឡាន​មិនកើត​ឈប់​ឡាន​អង្គុយ​យំ​ព្រោះ​អាណិត​ក្មេង​ទាំងនេះ​ពេក​ថ្វីត្បិតតែ​ថវិកា​និង​សម្ភារៈ​ដែល​ខ្ញុំបាទ អ៊ឹម ជីវ៉ា រួម​ជាមួយ​កញ្ញា រៀម ច័ន្ទ​បរ​រ​មី មាន​បន្តិចបន្តួច​មក​ជួយ​ពួកគាត់ តែ​ទឹកចិត្ត​របស់ខ្ញុំ​នៅតែ​មក​ផ្តល់​កម្លាំងចិត្ត​អោយ​ពួកគាត់​ជានិច្ច ព្រោះ​ពួកគាត់​ឈឺចាប់​ផ្លូវចិត្ត​ខ្លាំងណាស់​។

សូម​បញ្ជាក់​ថា​ តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា កន្លងមក​ត្រូវបាន​មហាជន​មើលឃើញ​ថា លោក​មិន​ត្រឹម​តែមាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​នៅលើ​វិស័យ​សិល្បៈ​នោះ​ទេ ​តារា​ប្រុស​រូប​នេះ​ថែម​ទទួលបាន​ការ​លើកសរសើ​រលើ​អត្តចរិត​ និង​ សកម្មភាព​មនុស្ស​ជាច្រើន​ទៀត​ផង​៕