ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល ថា​នៅសល់​សម្ពាធ​ជាច្រើន​ទៀត​មុន​បញ្ចប់​រដូវ​កាល​

ក្រុម​ណាហ្គា​វើ​ល កំពុងតែ​ឈរ​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រឹម​សប្ដាហ៍​ទី​២០ ខណៈ​នៅសល់​២​សប្ដាហ៍​ទៀត​ពានរង្វាន់​នេះ​នឹង​ស្វែងរក​ម្ចាស់​ជើងឯក​ឃើញ​ហើយ​ពោលគឺ​ប្រគល់ជូន​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​។ លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល បាន​សម្លឹង​ឃើញ​ពី​ចំណុច​មួយ​ដែល​ធ្វើឱ្យ​ក្រុម​លោក​ជួប​ឧ​ប​ត្ត​សគ្គ​ក្នុង​ឪ​កាស​ប្រជែង​ជើងឯក​។

គ្រូបង្វឹក​កំពុងកាន់​អាជ្ញា​ប័​ណ្ឌ AFC A Licesne រូបនេះ​បាន​លើកឡើងថា​៖«​បន្ទាប់ពី​យើង​ឈ្នះ​លើ​ក្រុម​ទ័ព (​ក្រសួងការពារជាតិ​) យើង​ធូរចិត្ត​បន្តិច តែ​យើង​ក៏​នៅ​ទទួល​សម្ពាធ​២​ប្រកួត​ចុងក្រោយ​ដែល​ប៉ះ​សុទ្ធតែ​ក្រុម​ខ្លាំង​។ អ៊ីចឹង​យើង​បារម្ភ​មែនទែន​។ ទោះ​យើង​ឈរ​កំពូល​តារាង យើង​នៅតែមាន​សម្ពាធ​។ អ៊ីចឹង​វា​ជាការ​លំបាក​សម្រាប់​យើង​»​។ ២​ប្រកួត​ក្នុង​ដៃ​ដែល​នៅសល់​ចុងក្រោយ​របស់​ណាហ្គា​វើ​ល គឺ​ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល និង​ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

លោក​ធ្លាប់​បានបង្ហាញ​ទស្សនៈ​ថា «​យើង​មិនទាន់​រំពឹង​ដល់​កម្រិតណា​ទេ​ក្នុងការ​ឈ្នះ​ជើងឯក។ តែ​ប្រសិន​កីឡាករ​យើង​រក្សា​ការលេង​បែបនេះ​បាន យើង​សង្ឃឹម​ខ្ពស់​ក្នុងការ​ប្រជែង​។ តែ​យើង​មិន​ប្រាកដ​ថា ​ពួកគេ​អាច​រក្សាបាន​ឬ​អត់​»​។ លោ​កថា​បឹងកេត ដែលជា​ក្រុម​លេខ​២​កំពុងតែ​តាម​ប្រកៀក​និង​ក្រុម​របស់លោក ខណៈ​ប្រកួត​ដែល​នៅសល់​របស់​ក្រុម​នេះ​គឺ​សុទ្ធតែ​ជួប​ក្រុម​កម្រិត​ល្មមៗ​ពោលគឺ​សុទ្ធ​តែមាន​រំពឹង​ឈ្នះ​ស្ទើរ​តែ​ទាំងអស់​។

​បើ​មើល​ក្នុង​សកម្មភាព​ប្រកួត​២០​លើក​មកនេះ​ ក្រុម​ណាហ្គា​វើ​ល អាច​រកបាន​ជ័យជម្នះ​របស់​ដល់​១៦​លើក ហើយ​ស្មើគ្នា​បាន​២​លើក​និង​ធ្លាប់​បរាជ័យ​២​លើក​។ មិនតែប៉ុណ្ណោះ​ណាហ្គា​វើ​ល ជា​ក្រុម​ដែល​អាច​ទា​ត់ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​ច្រើនជាងគេ​គិត​ត្រឹម​ពេលនេះ​ពោលគឺ​បំប៉ោង​សំណាញ់​គេ​បាន​៥៨​គ្រាប់ ហើយ​របូត​គ្រាប់​បាល់​វិញ​តែ​១៤​គ្រាប់​ប៉ុណ្ណោះ​។

​ងាក​ទៅ​មើល​ប្រ​វត្ត​សាស្ត្រ​វិញ​ក្រុម​ណាហ្គា​វើ​ល ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ចំនួន​២​លើក​ដែរ​គឺ​នៅ​ឆ្នាំ​២០០៧​និង​២០០៩​។ គិត​ត្រឹម​ដឹកនាំ​ក្រុម​ណាហ្គា​វើ​ល ពី​ឆ្នាំ​២០១៥ មក​លោក មាស ចាន់ណា តែងតែ​បង្ហាញថា​ក្រុម​ខ្លួន​ជា​បេក្ខជន​មួយ​ដែល​មិនអាច​រំលង​បាន​ក្នុងការ​ប្រជែង​យក​ជើងឯក​។ ជាក់ស្តែង​គឺ​ឆ្នាំ​២០១៥ ទទួលបាន​ជើងឯក​រង​លី​គ​កំពូល​កម្ពុជា ក្រោយ​ចាញ់​បឹងកេត នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៣​ទល់​២ និង​ជើងឯក​រង​ពានរង្វាន់​សម្តេច​តេ​ជោ ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង​។ ឆ្នាំ​២០១៦ ណាហ្គា​វើ​ល ឈរ​ចំណាត់ថ្នាក់​លេខ​៣ ព្រមទាំង​មានឱកាស​ទៅលេង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់ AFC Cup 2017 ផងដែរ​។ ឆ្នាំ​២០១៧ ណាហ្គា​វើ​ល បាន​ត្រឹម​លេខ​៣​ក្រោយ​ចាញ់​ក្រសួងការពារជាតិ នៅ​វគ្គ​ជម្រុះ​លី​គ​កំពូល​កម្ពុជា ខណៈ​ពានរង្វាន់​សម្តេច​តេ​ជោ ក្រុម​នេះ​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​បើ​ក្រឡេក​មើល​លទ្ធផល​កាលពី​រដូវ​កាល​ចាស់​របស់​ក្រុម​ណាហ្គា​វើ​ល បាន​បញ្ចប់​ទៅ​ដោយ​ក្នុង​រដូវ​កាល​លី​គ​កំពូល​កម្ពុជា ឈរ​ចំណាត់ថ្នាក់​លេខ​៤ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម ខណៈ​កីឡាករ​ជនជាតិ​រ្វ៉ា​ន់​ដា Kipson ឈ្នះ​ស្បែកជើង​មាស​ប្រចាំ​រដូវ​កាល​ក្នុងនាម​ជា​អ្នករក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ណាហ្គា​វើ​ល​បាន​ត្រឹម​ជើងឯក​រង​ក្រោយ​ចាញ់​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ៕